អានតួអត្ថបទ
ឥណ្ឌា-ឱសថ-សុខភាព-កុមារ

ឥណ្ឌា​អាច​ចេញ​​បញ្ជាអាសន្ន ហាមឃាត់​ការលក់​និង​​នាំចេញ​​ថ្នាំ​ស៊ីរ៉ូ​ក្អក​កុមារ​ ​ដែល​មាន​ផ្ទុក​សារធាតុពុល

រដ្ឋាភិបាលឥណ្ឌា អាចនឹង​​ចេញបញ្ជាអាសន្ន ហាមឃាត់ការលក់ចែកចាយ និងនាំចេញ​ថ្នាំស៊ីរ៉ូក្អកកុមារ ផលិត​ដោយ​សហគ្រាសឥណ្ឌា ឈ្មោះ Marion Biotech។ នេះបើ​ផ្អែកតាមការ​លើកឡើង របស់​មន្ត្រី​ជំនាញម្នាក់ ដែលបានចូលរួមត្រួតពិនិត្យ​ស្វែងរកសារធាតុពុល ដែលមាននៅក្នុង​ថ្នាំស៊ីរ៉ូក្អកនេះ។ សូមបញ្ជាក់ថា យោងតាមអង្គការសុខភាពពិភពលោក យ៉ាង ហោចណាស់ មានកុមារជាង​៣០០នាក់ នៅតាមប្រទេសមួយចំនួន​ ដែល​បានស្លាប់បន្ទាប់ពី​បាន​ផឹកថ្នាំស៊ីរ៉ូក្អក ផលិត​ដោយសហគ្រាសឥណ្ឌាចំនួន​២។​

បុរសម្នាក់ ដើរចេញពីស្នាក់ការ​សហគ្រាស​ផលិតឱសថ Marion Biotech ក្រុងញូដេលី ថ្ងៃទី ២៩ធ្នូ ២០២២
បុរសម្នាក់ ដើរចេញពីស្នាក់ការ​សហគ្រាស​ផលិតឱសថ Marion Biotech ក្រុងញូដេលី ថ្ងៃទី ២៩ធ្នូ ២០២២ AFP - -
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី​៣មីនា នគរបាលឥណ្ឌា បានចាប់ខ្លួន​បុគ្គលិក៣នាក់ របស់សហគ្រាសផលិតឱសថ Marion Biotech ព្រមទាំងកំពុងតែស្វែងរកចាប់ខ្លួន នាយកធំ២នាក់ទៀត របស់​សហគ្រាសនេះ​។ ការចាប់ខ្លួន ដែលត្រូវបាន​ធ្វើឡើង បន្ទាប់ពីអាជ្ញាធរគ្រប់គ្រងគុណភាពឱសថឥណ្ឌា បាន​បើកការស៊ើបអង្កេត ត្រួតពិនិត្យ​ឃើញថា នៅក្នុង​សំណាកថ្នាំស៊ីរ៉ូក្អកចំនួន៣៦ របស់សហគ្រាសនេះ គឺមាន​២២ ដែល​មានផ្ទុកដោយ​សារធាតុពុល។

លោក Vaibhav Babbar មន្ត្រីស៊ើបអង្កេតឥណ្ឌា ដែលចូលរួមក្នុងប្រតិបត្តិការ​នេះ បានអះអាងប្រាប់បណ្តាញ ព័ត៌មាន Reuters ថា គេពិតជាបានរកឃើញសារធាតុពុល ប្រភេទ diéthylène glycol និង​ éthylène glycol ​ក្នុងបរមាណ​ច្រើនលើសកម្រិត ​នៅក្នុងថ្នាំ​ស៊ីរ៉ូក្អករបស់ សហគ្រាស​ Marion Biotech។

អ្នកជំនាញ​ឥណ្ឌា ដែលបានចូលរួម​ត្រួតពិនិត្យ​រោងចក្រផលិតឱសថ Marion Biotech ចំនួន​៤ដងរូបនេះ បានលើកឡើងថា វាគឺជារឿងល្អប្រសើរណាស់ ប្រសិន​បើរដ្ឋាភិបាលឥណ្ឌា  ​ចេញបញ្ជាអាសន្ន​ក្នុងពេលដ៏ឆាប់នេះ ដើម្បីទប់ស្កាត់ករណីស្លាប់កុមារ។ លោកអះអាងថា ថ្នាំស៊ីរ៉ូក្អក​របស់សហគ្រាសនេះ គឺមាននាំចេញទៅលក់នៅ​ប្រទេសកៀជីគីស្ថាន និង​ប្រទេសកម្ពុជាផងដែរ។

យ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ បណ្តាញព័ត៌មាន Reuters មិនអាចទទួល​បានការបញ្ជាក់ណាមួយ ពី​ក្រសួងសុខាភិបាលឥណ្ឌាឡើយ។ ការចេញបញ្ជាអាសន្នពីរដ្ឋាភិបាល អាចនឹងជំរុញឲ្យអ្នកលក់ ដកថ្នាំស៊ីរ៉ូដែលមានបញ្ហាចេញទីផ្សារ បើទោះបី​ជាពុំមានទណ្ឌកម្ម​ផ្លូវច្បាប់​ក៏ដោយ។​

សូមបញ្ជាក់ថា កាលពី​ខែមករាឆ្នាំ​២០២៣ អង្គការសុខភាពពិភពលោកបាន​ប្រកាសថា ក្នុងឆ្នាំ​២០២២ មានកុមារយ៉ាងហោច​ជាង​៣០០នាក់ បាន​ស្លាប់​ដោយ​មានបញ្ហា​ខូចក្រលៀនធ្ងន់ធ្ងរ បន្ទាប់ពីពួកគេបាន​ផឹកថ្នាំស៊ីរ៉ូក្អក​​ ផលិត​​ដោយ​សហគ្រាសឱសថ២របស់ឥណ្ឌា គឺ Marion Biotech និង Maiden Pharmaceuticals។ ក្នុងចំណោមកុមារដែលស្លាប់ ភាគច្រើនអាយុខ្ទង់៥ឆ្នាំ មានប្រមាណ​៧០នាក់នៅប្រទេសហ្កំប៊ី ១៩នាក់នៅអ៊ូសបេគីស្ថាន និង​នៅតាម​ប្រទេសមួយចំនួនដូចជាឥណ្ឌូណេស៊ី ជាដើម។

អង្គការសុខភាពពិភពលោក បានទាញសញ្ញាអាសន្ន ប្រាប់ទៅគ្រប់ប្រទេសឲ្យ​បង្កើនការប្រុងប្រយ័ត្ន ត្រួតពិនិត្យ​តាមដានគុណភាពឱសថប្រភេទនេះ​។ អង្គការនេះអះអាង​ថា​ ថ្នាំស៊ីរ៉ូក្អកសម្រាប់​ក្មេង ដែល​ផលិត​ដោយ​សហគ្រាសរបស់ឥណ្ឌាទាំង២នេះ ត្រូវបានគេនាំយកទៅលក់ នៅប្រទេសមួយចំនួន ​ដូចជា ហ្វ៊ីលីពីន ទីម័រខាងកើត សេណេហ្កាល់ និងកម្ពុជា ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ