អានតួអត្ថបទ
អូស្ត្រាលី-សុខភាព

អូស្ត្រាលីចេញច្បាប់តឹងតែង ដើម្បីទប់ស្កាត់​ការជក់បារី​អេឡិចត្រូនិក

អូស្ត្រាលី គឺជាប្រទេសដែលមានច្បាប់យ៉ាងតឹងតែង និង​មុនគេបង្អស់មួយ ដើម្បីទប់កាត់ការញៀន​បារី និងថ្នាំជក់។ ​តែយ៉ាងណា រដ្ឋាភិបាលអូស្ត្រាលី បានសង្កេតឃើញរបត់ថ្មីដ៏គ្រោះថ្នាក់មួយទៀត ជាពិសេសសម្រាប់យុវជនវ័យក្មេង នោះគឺការឈ្លក់វង្វេងនាំគ្នាជក់បារីអេឡិចត្រូនិក។ កាលពីថ្ងៃអង្គារ ទី​២ឧសភា ក្រសួងសុខាភិបាលអូស្ត្រាលី​បាន​ប្រកាសពីវិធានការថ្មីបន្ថែមទៀត ដើម្បី​ហាមឃាត់ការប្រើ​ប្រាស់​បារីអាឡិចត្រូនិក ប្រសិនបើគ្មានវេជ្ជបញ្ជាពីគ្រូ​ពេទ្យទេនោះ។

បារីអេឡិចត្រូនិក មានរូបរាងនិងពណ៌ស្អាតទាក់ទាញ ដាក់តាំងលក់ក្នុងហាងមួយ ​ក្នុងទីក្រុងមែលប៊ន ថ្ងៃទី ២ ឧសភា ២០២៣
បារីអេឡិចត្រូនិក មានរូបរាងនិងពណ៌ស្អាតទាក់ទាញ ដាក់តាំងលក់ក្នុងហាងមួយ ​ក្នុងទីក្រុងមែលប៊ន ថ្ងៃទី ២ ឧសភា ២០២៣ REUTERS - SANDRA SANDERS
ផ្សាយពាណិជ្ជកម្ម

លោក Mark Butler រដ្ឋមន្ត្រីក្រសួងសុខាភិបាល​អូស្ត្រាលី បាន​លើកឡើងថា ឧស្សាហកម្ម​ផលិត​បារី និង​ថ្នាំជក់ មានចេតនាចង់ធ្វើឲ្យ​យុវជន​អូស្ត្រាលីជំនាន់ក្រោយ ក្លាយមនុស្សញៀននឹងសារធាតុនីកូទីន។ លោក​បានបន្ថែមថា ការជក់បារីអេឡិចត្រូនិក កំពុងតែក្លាយជាបញ្ហា​សង្គមមួយ ដែលមិនអាចប្រហែសបាន ព្រោះវាកំពុងតែចូលជ្រាបដល់ក្នុងសាលាវិទ្យាល័យ និង​មានខ្លះនៅតាមសាលាបឋមសិក្សាផង។

យោងតាម​លោករដ្ឋមន្ត្រី គឺឧស្សាហកម្មផលិតបារីអាឡិចត្រូនិក បានប្រើប្រាស់សារធាតុនីកូទីនគីមី លាយជាមួយនឹង​សារធាតុគីមីផ្សេងទៀត ធ្វើឲ្យ​មាន​ក្លិន​ក្រអូបប្លែកៗ អមជាមួយ​នឹង​រូបរាងបារីដែលមានពណ៌ស្អាត ទាក់ទាញក្មេងៗ​ យុវជន​ឲ្យឈ្លក់វង្វេង។ លោក Mark Butler បានអះអាងថា បារីអេឡិចត្រូនិក ត្រូវបាន​គេអួតថា ផលិតឡើងដើម្បីជួយ​មនុស្ស​ដែលញៀនបារីថ្នាំជក់ ឲ្យ​បោះបង់ចោល​បន្តិចម្តងៗ នូវការជក់បារី។ តែផ្ទុយទៅវិញ ឧស្សាហកម្ម​នេះបានដាក់បញ្ចូលសារធាតុញៀនផ្សេងទៀតទៅក្នុងបារីអេឡិចត្រូនិក ហើយ​មិនត្រឹមតែប៉ុណ្ណោះ បានសំដៅទាក់ទាញ​ក្មេងៗ យុវជនឲ្យ​ទិញវាជក់​ថែមទៀត។​

អំណេះតទៅ រដ្ឋាភិបាលអូស្ត្រាលីនឹងមានវិធានការថ្មី រិតបន្តឹង ដោយ​ហាមឃាត់ការទិញបារី​អេឡិចត្រូនិកទាំងអស់ ប្រសិនបើគ្មាន​វេជ្ជបញ្ជាចេញដោយ​គ្រូពេទ្យទេនោះ។ បន្ថែមពីនេះ ពន្ធលើថ្នាំជក់ នឹងត្រូវដំឡើង​ចំនួន​៥%​ ក្នុងមួយឆ្នាំ នៅរវាង​៣ឆ្នាំតទៅមុខ ដើម្បីទាញទំលាក់​ការលក់ថ្នាំជក់​នៅអូស្រ្តាលី។​

គួររំលឹកថា អូស្ត្រាលីជាប្រទេសមុនគេបង្អស់ នៅឆ្នាំ​២០០២​ ដែលបាន​ចេញច្បាប់ដាក់កំហិត ឲ្យ​ប្រើប្រាស់តែ « កញ្ចប់បារីអព្យាក្រិត្យ » ពោលគឺមិនដាក់ឈ្មោះម៉ាក ឬមានពណ៌អ្វីទាក់ទាញទេ។ កញ្ចប់បារីអព្យាក្រិត្យ​អាចភ្ជាប់ជាមួយ​​ដោយរូបថត និងសាររំលឹកពីគ្រោះថ្នាក់មកលើសុខភាព។ វិធានការនេះត្រូវបានប្រទេស​ជាច្រើន​យកគំរូតាម។

មិនត្រឹមតែប៉ុណ្ណោះ រដ្ឋអូស្រ្តាលីយកពន្ធច្រើនណាស់ លើបារីថ្នាំជក់។ នៅអូស្ត្រាលី បារីថ្នាំជក់មួយកញ្ចប់មានតម្លៃខ្ទង់៥០ដុល្លារអូស្ត្រាលី។ ដោយសារតែវិធានការតឹង​តែងទាំងអស់នេះ នៅអូស្ត្រាលីមានកម្រិតញៀនថ្នាំជក់ទាបបំផុត។ ក៏ប៉ុន្តែ យោងតាម​វិទ្យាស្ថានអូស្ត្រាលីដើម្បីសុខមាលភាព គឺប៉ុន្មានឆ្នាំចុងក្រោយ​នេះ ចំនួន​មនុស្សវ័យក្មេង​អាយុក្រោម២៥ឆ្នាំ ដែល​ជក់បារី បានកើនឡើងគួរឲ្យ​ព្រួយបារម្ភ។ Andrew Kohn អ្នករស់នៅទីក្រុងស៊ីដនី អាយុ៣១ឆ្នាំម្នាក់ បានអះអាងប្រាប់អ្នកកាសែតបារាំងថា រៀងរាល់ពេលដែល​​គេដើរកាត់មុខសាលារៀន ពេល​ម៉ោងឈប់សម្រាក គឺប្រាកដជាឃើញ​ក្មេងៗសិស្សសាលា ជុំគ្នាបង្ហុយផ្សែងបារីអាឡិចត្រូនិក សឹងតែគ្រប់គ្នា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ