អានតួអត្ថបទ
ចិន-សហរដ្ឋអាមេរិក-អាកាសធាតុ

លោកចន ឃែរី ថ្លែងប្រាប់លោក​វ៉ាង យី ថាវិបត្តិអាកាសធាតុគឺជាបញ្ហាសកល​ ហើយ​គំរាម​កំហែងមនុស្សជាតិទាំងមូល

លោក​ចន ឃែរី ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក ទទួល​បន្ទុក​កិច្ចការអាកាសធាតុ កំពុងតែស្ថិតនៅទីក្រុងប៉េកាំងប្រទេសចិន។ បន្ទាប់ពីបានជួប​ជាមួយ​មន្ត្រីចិនទទួលបន្ទុកកិច្ចការអាកាសធាតុ លោក​ ចន ឃែរី បានជួបជាមួយ​លោក វ៉ាង យី មន្ត្រីជាន់ខ្ពស់ចិន ​ទទួលកិ​ច្ចការបរទេស​ នៅព្រឹកថ្ងៃអង្គារនេះ​ នៅឯវិមាន​ប្រជាជនចិនក្នុង​ទីក្រុងប៉េកាំង​។

ប្រេសិតពិសេសអាមេរិក ទទួល​បន្ទុកកិច្ចការអាកាសធាតុ លោក John Kerry ចាប់រលាក់ដៃជាមួយ​លោក Wang Yi មុនពេលចូលប្រជុំនៅ​វិមាន​ប្រជាជនចិន ក្រុងប៉េកាំង ថ្ងៃទី១៨ កក្កដា ២០២៣
ប្រេសិតពិសេសអាមេរិក ទទួល​បន្ទុកកិច្ចការអាកាសធាតុ លោក John Kerry ចាប់រលាក់ដៃជាមួយ​លោក Wang Yi មុនពេលចូលប្រជុំនៅ​វិមាន​ប្រជាជនចិន ក្រុងប៉េកាំង ថ្ងៃទី១៨ កក្កដា ២០២៣ AP - Florence Lo
ផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ ទំនាក់ទំនងការទូតរវាងចិន និងសហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងដំណាក់កាលមួយដ៏តានតឹង ប្រឈមមុខដាក់គ្នាសឹងគ្រប់វិស័យទាំងអស់។ លោកចន ឃែរី បាន​ឆក់យកឱកាសនេះ អំពាវនាវឲ្យ ចិន និងអាមេរិក ​បើកទំព័រថ្មីនៃទំនាក់ទំនង​សហប្រតិបត្តិការ ជាពិសេសនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ​ ដែលជាបញ្ហាសកលបន្ទាន់បំផុត​។​

00:55

សម្រង់សំដីលោក​ ចន ឃែរី ថ្លែងនៅពេលជួប​លោក​វ៉ាង យី នៅប៉េកាំង ថ្ងៃទី​១៨កក្កដា២០២៣

លោក ចន ឃែរី ៖ “ខ្ញុំ​សង្ឃឹមថា ជំនួបប្រជុំនៅពេលនេះ នឹងគូសវាស​ចំណុចចាប់ផ្តើមនិយមន័យថ្មី នៃទំនាក់ទំនងសហប្រតិបត្តិការ​ ព្រមទាំង​សមត្ថភាពរបស់យើង ក្នុងការ​ដោះស្រាយ​វិបត្តិទាស់ទែង​​ទាំងឡាយ ដែល​យើងមានរវាងគ្នា​។​ យើងទាំង២ដឹងច្បាស់ ថាពិតជាមាន​ទំនាស់តទល់គ្នា​។ ក៏ប៉ុន្តែយើងទាំង២ក៏ដឹងច្បាស់ដែរថា តាមរយៈបទពិសោធន៍ នៅពេលណាយើងប្រឹងប្រែង មានចេតនាពិត​ នោះយើងពិតជាអាចរកដំណោះស្រាយបាន​។ ពិភពលោកទាំងមូល កំពុងសំឡឹង និងរំពឹងយ៉ាងខ្លាំងមកលើភាពជាមេដឹកនាំ របស់យើងទាំង២ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ​។ វិបត្តិអាកាសធាតុ ដូចអ្នកដឹងហើយ ថាវាគឺជាបញ្ហា​របស់ពិភពលោកយើងទាំងមូល វាមិនមែន​ជាបញ្ហា​ទ្វេភាគីនោះទេ។ វាគឺជាការគំរាម​កំហែង មកលើមនុស្ស​ជាតិ​យើងទាំងមូលតែម្តង។”

គួរបញ្ជាក់ដែរថា ចិន និងអាមេរិក គឺជាប្រទេសធំជាងគេទាំង២ ដែ​លបញ្ចេញឧស្ម័ន​កាបូនិក​ច្រើនជាងគេបង្អស់។ តែយ៉ាងណា បញ្ហា​ទំនាស់ ការ​ប្រជែងគ្នា​ និងការ​ប្រចាំគ្នា រវាងមហាអំណាចសេដ្ឋកិច្ច​ទាំង២នេះ បានធ្វើ​ឲ្យ​ដំណើរការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក ត្រូវដើរយ៉ាងយឺត។ ក្នុងពេលជួបគ្នាជាមួយលោក​ចន ឃែរី លោកវ៉ាង យី បានលើកឡើងថា ដើម្បីពង្រឹងសហប្រតិបត្តិការ​រវាងប្រទេសទាំង២ ស្តីពី​បម្រែបម្រួលអាកាសធាតុ គឺចាំបាច់ត្រូវតែកសាង​ទំនាក់ទំនងរវាងចិននិងអាមេរិក ឲ្យ​ក្លាយ​ជា​​ទំនាក់ទំនង​​ ដែល​ស្អាតបរិសុទ្ធ មានស្ថិរភាព មាន​និរន្តរភាព។

នៅលើបណ្តាញTwitter លោកចន ឃែរី បានសរសេរថា ចិន និងអាមេរិក ត្រូវតែដាក់ចុះនូវវិធានការរួមគ្នាជាបន្ទាន់ ក្នុងសំណុំរឿងអាកាសធាតុ​ តួយ៉ាង​ទាក់ទិន​នឹង​ការ​កាត់​បន្ថយផ្សែងពុល ដែលកើតចេញពី​ចំហេះធ្យូងថ្ម និង​ឧស្ម័នម៉េតាន។ លោក​បន្ថែមថា វិបត្តិអាកាសធាតុសកល ដាក់កំហិត​ឲ្យ​មហាអំណាចធំៗទាំង២ ត្រូវតែចាប់ដៃគ្នាធ្វើការ​ ដើម្បីទប់ស្កាត់ការឡើងសីតុណ្ហភាពផែនដី។

ដោយឡែក កាលពីថ្ងៃអាទិត្យកន្លងទៅ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិកបានថ្លែងតាមទូរទស្សន៍ CNN ថា ចិនមិនអាចជ្រកពីក្រោយពាក្យ​ថា “ចិន​ជាប្រទេស​កំពុងអភិវឌ្ឍន៍” ដើម្បីគេចវេសពីកាតព្វកិច្ច​ក្នុងការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក បានតទៅទៀតទេ។ ប្រទេសទាំងអស់ រាប់ទាំងចិនផង គឺមានកាតព្វកិច្ច ត្រូវតែ​ចូលរួម​កាត់បន្ថយ​ការបញ្ចេញឧស្ម័ន​ពុល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ