អានតួអត្ថបទ
ចិន-អាមេរិក

សមាជិក​ព្រឹទ្ធសភាអាមេរិក​​ Chuck Schumer ដឹកនាំគណៈប្រតិភូទៅចិន ដើម្បីស្តារទំនាក់ទំនង

ស្ថិតក្នុងកម្មវត្ថុស្វែងរកការស្រុះស្រួល និងការ​យល់យោគគ្នា រវាងចិននិងសហរដ្ឋអាមេរិក លោក Chuck Schumer ប្រធានក្រុមសមាជិកព្រឹទ្ធ​សភា​ បក្សប្រជាធិបតេយ្យ បានដឹកនាំគណៈប្រតិភូ ទៅដល់ទីក្រុងសៀងហៃ កាលពីថ្ងៃរសៀលថ្ងៃសៅរ៍ទី៧កក្កដា។ គណៈប្រតិភូសមាជិកព្រឹទ្ធសភាអាមេរិក សង្ឃឹមផងដែរថានឹងអាចទៅជួប​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង នៅទីក្រុងប៉េកាំង ដើម្បី​និយាយអំពីការស្តារទំនាក់ទំនង រវាងមហាអំណាចទាំង២ ដែលកាន់តែល្អក់កករ មិនថាលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និង​វិស័យ​ការទូត។

លោកប្រធានក្រុមសំឡេងភាគច្រើន​ក្នុងព្រឹទ្ធសភា បក្សប្រជាធិបតេយ្យ Chuck Schumer កំពុងជជែកជាមួយ​លោក​ Chen Jining អគ្គលេខាធិការបក្ស​កុម្មុយនីស្តចិន ប្រចាំ​ក្រុង​សៀងហៃ។ សៀងហៃ ថ្ងៃទី៧ តុលា ២០២៣
លោកប្រធានក្រុមសំឡេងភាគច្រើន​ក្នុងព្រឹទ្ធសភា បក្សប្រជាធិបតេយ្យ Chuck Schumer កំពុងជជែកជាមួយ​លោក​ Chen Jining អគ្គលេខាធិការបក្ស​កុម្មុយនីស្តចិន ប្រចាំ​ក្រុង​សៀងហៃ។ សៀងហៃ ថ្ងៃទី៧ តុលា ២០២៣ REUTERS - ALY SONG
ផ្សាយពាណិជ្ជកម្ម

អមដំណើរដោយ​លោក Mike Crapo សមាជិកព្រឹទ្ធសភាប្រធានក្រុម​បក្សសាធារណៈ គណៈប្រតិភូអាមេរិក ត្រូវបានទទួលស្វាគមន៍​ដោយ​ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Nicolas Burns។ លោក Chuck Schumer បានបញ្ជាក់ប្រាប់អ្នកកាសែតថា លោកសង្ឃឹមថានឹងអាចជជែក​ជាមួយភាគីចិន នៅក្នុងន័យស្ថាបនា​។

ដោយឡែក ក្រសួងការបរទេសចិនវិញបានឲ្យដឹងថា តាមរយៈជំនួបនេះគឺគេសង្ឃឹមថាភាគីអាមេរិក នឹងបានយល់ច្បាស់អំពីចិន ហើយឈប់យល់ច្រលំមកលើចិន​តទៅទៀត។ យ៉ាងណាក៏ដោយ​ភាគីចិន សូមស្វាគមន៍​ចំពោះកាយ​វិការ និងឆន្ទៈក្នុងការជួបជជែកគ្នា ដែល​ភាគីអាមេរិកខិតខំធ្វើដំណើរមកពីឆ្ងាយ​។​

ពេលទៅដល់​ក្រុងសៀងហៃ នៅរសៀលថ្ងៃសៅរ៍ គណៈប្រតិភូសមាជិកព្រឹទ្ធសភាអាមេរិក​ ត្រូវបាន​ទទួលជួបស្វាគមន៍ ដោយ​លោក Chen Jining តំណាងខ្ពស់​បំផុត​​ នៃ​គណបក្សកុម្មុយនីស្តចិន ប្រចាំក្រុងសៀងហៃ។ ក្នុងឱកាសនោះ លោក Chuck Schumer បាន​លើកឡើងអំពី​បញ្ហាជាច្រើនចំណុច ដែលចិននិងសហរដ្ឋអាមេរិក កំពុងប្រឈមមុខដាក់គ្នា។ យ៉ាងណាមិញ លោក​បានប្រាប់ទៅភាគីចិនថា ក្រុមហ៊ុនអាមេរិក ដែលមករកស៊ីនៅចិនបានលើកឡើងកាន់តែញឹកញាប់ អំពីការលំបាក​នៅក្នុងការធ្វើជំនួញ ព្រមទាំង​បញ្ហា​ខ្វះសមភាព​ដោយ​ប្រៀបធៀបទៅ​ក្រុមហ៊ុនក្នុងស្រុករបស់ចិន​។ ផ្អែកតាម​សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅចិន គឺក្រុមហ៊ុនអាមេរិក​ជាច្រើនកំពុងតែពិចារណា ងាកចេញទៅវិនិយោគនៅប្រទេសផ្សេងវិញ​។

បន្ថែមពីនេះ លោក​ Chuck Schumer បាន​ថ្លែងប្រាប់​ដោយ​ត្រង់​ទៅភាគីចិនថា ក្រុមហ៊ុនចិនគឺជាអ្នកបង្កបញ្ហា នាំចូល​សារធាតុញៀន ប្រភេទ Fentanyl ដែលបាននិងកំពុងតែ​បង្កឲ្យ​មាន​អ្នករងគ្រោះញៀនថ្នាំ ស្លាប់រាប់សិបនាក់ នៅសហរដ្ឋអាមេរិក។ លោកបញ្ជាក់ថា វាមិនមែនជាកំហុសរបស់រដ្ឋចិនទេ តែគឺលោកសំដៅទៅលើក្រុមហ៊ុនចិន​។

គួរបញ្ជាក់ដែរថា ស្ថិតក្នុងសំណុំរឿងសារធាតុញៀន Fentanyl ដែលជាសារធាតុញៀន​ផ្សំដោយ​ធាតុគីមីសំយោគ រដ្ឋាភិបាលអាមេរិក បាន​ប្រកាស​ទណ្ឌកម្មកាលពីថ្ងៃអង្គារ ដោយ​បិទលែងឲ្យចូលក្នុងទីផ្សារ​ហិរញ្ញវត្ថុអាមេរិក ​ទៅលើមនុស្ស​ និង​នីតិបុគ្គល​ចំនួន​​២៨ ដែលមាន​ប្រភពនៅចិន និង​នៅកាណាដា។

គួររំលឹកដែរថា កាលពី​ខែឧសភា ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក បានប្រកាសផែនការថ្មី​មួយ ដើម្បី​ឈានទៅ​ប្រយុទ្ធនឹង​សកម្មភាពប្រើឥទ្ធិភពវាតទីរបស់ចិន នៅទូទាំងពិភពលោក។​ ផែនការនេះ មានកម្មវត្ថុ​សំដៅកាត់​​បន្ថយ​ការ​វិនិយោគនៅចិន ក្នុង​វិស័យ​យុទ្ធសាស្ត្រមួយចំនួន តួយ៉ាងវិស័យ​បច្ចេកវិទ្យាទំនើប ព្រមទាំងធ្វើ​យ៉ាងណា ឲ្យចិនខ្លាចរអា កុំ​ឈ្លានពានតៃវ៉ាន់។

ស្ថិតនៅក្នុងបរិបទ ស្វែងរកច្រកផ្លូវផ្សះផ្សារគ្នា រវាងមហាអំណាចទាំង២នេះដែរ នៅថ្ងៃសុក្រទី​៦តុលា លោកចូ បៃដិន បានបញ្ជាក់ លោក​អាចនឹងជួប​ប្រជុំទ្វេភាគី ជាមួយ​លោក ស៊ី ជីនពីង នៅក្នុងឱកាសជំនួបកំពូលអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា ដែល​នឹងត្រូវរៀបចំធ្វើនៅទីក្រុងសាន់ហ្វ្រាន់ស៊ីសកូ នៅពាក់កណ្តាល​ខែវិច្ឆិកា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ