អានតួអត្ថបទ

អតីតនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាំង គាំងបេះដូងស្លាប់ភ្លាមៗក្នុងវ័យ៦៨ឆ្នាំ

អតីតនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាំង បានទទួលមរណភាពក្រោយគាំងបេះដូងភ្លាមៗ នៅរំលងអាធ្រាត្រថ្ងៃសុក្រនេះក្នុងក្រុងសៀងហៃ ក្នុងវ័យ៦៨ឆ្នាំ។ មរណភាពនេះ បានកើតឡើងនៅប្រមាណ១០ខែក្រោយលោកបានចូលនិវត្តន៍តាមការកំណត់របស់រដ្ឋធម្មនុញ្ញ បន្ទាប់ពីកាន់តំណែង​បានពីរអាណ្ណត្តិ ពីឆ្នាំ២០១៣ដល់ឆ្នាំ២០២៣។ លោកគឺជាអតីតមេដឹកនាំលំដាប់ទី២ក្នុងបក្សកុម្មុយនីស្ដចិនបន្ទាប់ពីលោកស៊ី ជីនពីង និងធ្លាប់ជាអ្នកចាត់ចែងកិច្ចការសេដ្ឋកិច្ចចិន អស់ប្រមាណមួយទសវត្សរ៍កន្លងមក។

Cambodian Prime Minister Hun Sen, right,  and Chinese Premier Li Keqiang, left, shake hands during a welcome meeting at Peace Palace in Phnom Penh, Cambodia.
Cambodian Prime Minister Hun Sen, right, and Chinese Premier Li Keqiang, left, shake hands during a welcome meeting at Peace Palace in Phnom Penh, Cambodia. AP - Kok Ky
ផ្សាយពាណិជ្ជកម្ម

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន អតីតនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាំង បានទទួលមរណភាពដោយការគាំងបេះដូងភ្លាមៗ​ នៅវេលាម៉ោង០០៖១០នាទីយប់ ឈានចូលថ្ងៃសុក្រនេះ ក្នុងទីក្រុងសៀងហៃ។ មរណភាពរបស់អតីតមេដឹកនាំ​បក្ស​កុម្មុយនិស្តចិន​លំដាប់​ទី២រូបនេះ កើតឡើងនៅប្រមាណ១០ខែ ក្រោយពីលោកបានចូលនិវត្តន៍ បន្ទាប់ពីកាន់តំណែងបាន២អាណ្ណត្តិ ពីឆ្នាំ២០១៣ដល់ឆ្នាំ២០២៣ តាមការកំណត់របស់រដ្ឋធម្មនុញ្ញ។

មរណភាពភ្លាមៗរបស់អតីតអ្នកមានអំណាចលំដាប់ទី២របស់ចិននេះ បានបង្កឲ្យមានភាពភ្ញាក់ផ្អើលក្នុងប្រទេសចិន។ គេហទំព័ររដ្ឋាភិបាលមួយចំនួន បានប្ដូរពណ៌មកជាសខ្មៅ ខណៈបណ្ដាញWeiboរបស់ចិន បានប្ដូរប៊ូតុងLike មកជាប៊ូតុងផ្កា ដើម្បីជាការបង្ហាញការកាន់មរណៈទុក្ខ។

ភ្លាមៗដែរ ជប៉ុន តាមរយៈប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តី បានប្រកាសពីការចូលរួមរំលែកទុក្ខមរណភាពរបស់​លោកលី ខឺឈាង ដោយគូសបញ្ជាក់ថាអតីតនាយករដ្ឋមន្រ្តីចិនរូបនេះ ធ្លាប់បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។

សូមរំលឹកថា លោក លី ខឺឈាំង បានបញ្ចប់ការសិក្សាផ្នែកច្បាប់និងសេដ្ឋកិច្ច គួបផ្សំនឹងសមត្ថភាពនិយាយភាសាអង់គ្លេស។ លោកបានទទួលតំណែងជានាយករដ្ឋមន្រ្តីចិន ក្នុងវ័យ៥៧ឆ្នាំ កាលពីថ្ងៃទី១៥ ខែមីនាឆ្នាំ២០១៣។ លោកក៏ធ្លាប់ត្រូវបានគេចាត់ទុកជាគូប្រជែងមួយដែរ ក្នុងការស្នងតំណែងជាមេដឹកនាំបក្សកុម្មុយនីស្ដចិនពីលោកHu Jintao កាលពីឆ្នាំ២០១៣។ ក៏ប៉ុន្តែតំណែងប្រធានាធិបតីចិនជំនាន់ទី៤នេះ ត្រូវបានទៅលើលោកស៊ី ជីនពីង រហូតមកដល់ពេលបច្ចុប្បន្ននេះ។

អំឡុងពេលកាន់តំណែង លោកគឺជាអ្នកចាត់ចែងកិច្ចការសេដ្ឋកិច្ចចិន ក្នុងរយៈពេលប្រមាណមួយទសវត្សរ៍។ តែក្រោយមក លោកស៊ី ជីនពីង បានទទួលបន្ទុកការងារសំខាន់ៗជំនួសលោកវិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ លោកលី ខឺឈាំង បានដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដូចជា ភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងជំងឺរាតត្បាតកូវីដ១៩ជាដើម។ ផ្សេងពីនេះ លោកក៏បានសន្យាធ្វើការកែទម្រង់ទីផ្សារផងដែរ តែគម្រោងនេះត្រូវបានរាំងខ្ទប់ដោយរឿងនយោបាយ។

គួរជម្រាបថា ក្រោយការចូលនិវត្ន៍តរបស់លោក លី ខឺឈាងតាំងពីខែមីនាមក តំណែងនាយករដ្ឋមន្រ្តីចិន ត្រូវបានជំនួសដោយលោក លី ឈាំង ដែលមានវ័យ៦៣ឆ្នាំ និង ជាអតីតលេខាបក្សកុម្មុយនីស្តចិនក្រុងសៀងហៃ​ រហូតមកដល់ពេលបច្ចុប្បន្ននេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ