អានតួអត្ថបទ
បារាំង-កាហ្សាក់ស្ថាន

លោកម៉ាក្រុងទៅពង្រឹងវត្តមានបារាំង នៅ​កាហ្សាក់ស្ថាន និង​អ៊ូសបេគីស្ថាន

លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានធ្វើដំណើរទៅ​ដល់​ទីក្រុង Astana រដ្ឋធានី​កាហ្សាក់​ស្ថាន នៅព្រឹកថ្ងៃពុធទី​១វិច្ឆិកា។ ចេញពីកាហ្សាក់ស្ថាន លោកម៉ាក្រុង នឹងបន្តដំណើរទៅ​អ៊ូសបេគីស្ថាន នៅថ្ងៃព្រហស្បតិ៍​។ នេះគឺជាទស្សនកិច្ច ក្នុងកម្មវត្ថុពង្រឹងវត្តមានរបស់បារាំង មិនថាផ្នែក​ការទូត និង​ផ្នែក​វិនិយោគសេដ្ឋកិច្ច​ នៅក្នុងប្រទេសអាស៊ីកណ្តាលទាំង២នេះ ក្នុងបរិបទមួយដែលចិននិងរុស្ស៊ី កំពុងតែប្រជែងយ៉ាងខ្លាំង​​។

លោក​ប្រធានាធិបតីកាហ្សាក់ស្ថាន​ Kassym-Jomart Tokayev និងលោក​ប្រធានាធិបតីម៉ាក្រុង នៅ​ទីក្រុង Astana ថ្ងៃទី​១វិច្ឆិកា ២០២៣
លោក​ប្រធានាធិបតីកាហ្សាក់ស្ថាន​ Kassym-Jomart Tokayev និងលោក​ប្រធានាធិបតីម៉ាក្រុង នៅ​ទីក្រុង Astana ថ្ងៃទី​១វិច្ឆិកា ២០២៣ via REUTERS - PRESS SERVICE OF THE PRESIDENT O
ផ្សាយពាណិជ្ជកម្ម

ទៅដល់ភ្លាម លោកម៉ាក្រុង ត្រូវបានទទួលស្វាគមន៍​ដោយ​លោកប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokaïev នៅវិមានប្រធានាធិបតី​។ ផ្អែកតាម​ប្រភពពីភាគីបារាំង លោក​ប្រធានាធិបតីទាំង២ បានចុះហត្ថលេខាលើកិច្ច​ព្រមព្រៀងមួយចំនួន ក្នុង​វិស័យ​ផលិតឱសថ និងក្នុងវិស័យផលិតយន្តហោះជាដើម។ ថ្លែងទៅកាន់​លោក​ប្រធានាធិបតី​កាហ្សាក់ស្ថាន លោក​ម៉ាក្រុង បានលើកឡើងបារាំងចង់​បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឲ្យកាន់តែរឹងមាំជាមួយ​កាហ្សាក់ស្ថាន​។ ក្រោយ​ជំនួប​នេះ លោក​ម៉ាក្រុងនឹងទៅជួបក្រុមនិស្សិតកាហ្សាក់ស្ថាន មុននឹងឡើងយន្តហោះបន្តទៅ​អ៊ូសបេគីស្ថាន។

គួរបញ្ជាក់ថា ក្រៅពីមានធនធានរ៉ែប្រេងកាត​ កាហ្សាក់ស្ថានមានធនធានរ៉ែដ៏កម្រមួយទៀត គឺ​រ៉ែអ៊ុយរ៉ានីញ៉ូម ដែលជា​​វត្ថុធាតុដើមដ៏ចាំបាច់​ សម្រាប់វិស័យ​នុយក្លេអ៊ែរផលិតចរន្តអគ្គីសនី​។ បារាំងមានវត្តមានប្រជែង​យកកិច្ចសន្យា សាងសង់រោងចក្រអគ្គីសនីនុយក្លេអ៊ែរទី១នៅកាហ្សាក់ស្ថាន ដែលប្រជាជន​កាហ្សាក់ស្ថាន នឹងសម្រេចបោះឆ្នោតប្រជាមតិនៅចុងឆ្នាំ​នេះ​។​ យ៉ាងណាមិញ អមដំណើរជាមួយ​លោក​ម៉ាក្រុង គឺមាន​អគ្គនាយកក្រុមហ៊ុនធំៗរបស់បារាំងជាច្រើននាក់ ក្នុងនោះ​មាន​អគ្គនាយកក្រុមហ៊ុន​អគ្គីសនីបារាំង EDF ក្រុមហ៊ុនគ្រប់គ្រងធនធានទឹក SUEZ និងក្រុមហ៊ុន​ផលិតអ៊ុយរ៉ានីញ៉ូមបារាំង Orano។

សូម​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ននេះ បារាំង​គឺ​ជា​អ្នកវិនិយោគ​ធំជាងគេ​លំដាប់ទី​៥ នៅ​កាហ្សាក់ស្ថាន នាំ​មុខចិន ដោយសារ​តែ​បារាំង​មាន​វត្តមាន របស់​​ក្រុមហ៊ុន TotalEnergy ដែល​ធ្វើ​អាជីវកម្ម​​បូម​ប្រេង​នៅ​តំបន់ Kachagan ក្នុង​សមុទ្រ​​កាសព្យែន។ ការដោះដូរពាណិជ្ជកម្ម​រវាងបារាំង និងកាហ្សាក់ស្ថាន មានទំហំទឹកប្រាក់​ ប្រមាណ​៥៣០០លានអឺរ៉ូ ក្នុងឆ្នាំ​២០២២ ដែលមួយផ្នែកធំ គឺជាផលិត​ផល​ប្រេងឥន្ធនៈ។ ៤០%នៃទំហំ​​អ៊ុយរ៉ានីញ៉ូម ដែល​បារាំងត្រូវការប្រើ គឺទិញមកពី​កាហ្សាក់ស្ថាន​។​

សូមរំលឹកថា តំបន់អាស៊ីកណ្តាលតែងតែស្ថិតនៅក្នុងរង្វង់​ដែនឥទ្ធិពល​របស់រុស្ស៊ី មិនថាផ្នែកសេដ្ឋកិច្ច និងកិច្ចការបរទេស។ តែយ៉ាងណា ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានមានវត្តមាន​កាន់តែខ្លាំង ជាមួយនឹងមហាគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ។ កាហ្សាក់ស្ថានមិនត្រឹមតែបានទាក់ទាញបារាំងនោះទេ​ គឺបានទាក់ទាញទាំងតួកគី និងហុងគ្រីផងដែរ​។ បន្ទាប់ពីលោកម៉ាក្រុង លោក​ប្រធានាធិបតីតួកគី និងនាយករដ្ឋមន្ត្រីហុងគ្រី នឹងធ្វើដំណើរទៅក្រុងAstana បន្តបន្ទាប់គ្នា​ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ សំបូរធនធានរ៉ែ​ ទាំងកាហ្សាក់ស្ថាន ទាំងអ៊ូសបេគីស្ថាន ដឹងពីសក្តានុពល​សេដ្ឋកិច្ចរបស់ខ្លួន ហើយ​បាន​បើកចំហរទ្វារសេដ្ឋកិច្ចនិងវិស័យ​ការទូត តែដោយរក្សា​តុល្យភាព ចាត់ទុក​​រុស្ស៊ីនៅតែជា​ដៃគូ​​ដែលមិនអាចខ្វះបាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ