អានតួអត្ថបទ
ចិន-សហរដ្ឋអាមេរិក

លោកចូ បៃដិន និងលោកស៊ី ជីនពីង នឹងជួបនិយាយគ្នា​នៅសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងពេលប្រជុំ APEC

ចាប់ពីថ្ងៃទី​១១ ដល់​ទី១៧វិច្ឆិកា ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បើកទ្វារស្វាគមន៍​ជំនួបកំពូល នៃបណ្តាប្រទេសសមាជិក អង្គការ​សហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC។ តាមការគ្រោងទុក លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងទៅចូលរួម ហើយ​នឹងជួបប្រជុំទ្វេរភាគី ជាមួយ​លោក​ប្រធានាធិបតី ចូ បៃដិន។ ជំនួបដ៏សំខាន់នេះ ត្រូវគេរំពឹងថា អាចនឹងនាំ​ឲ្យមានការសម្របសម្រួលគ្នា ក្នុង​​​ទំនាក់ទំនងរវាងចិននិងអាមេរិក ដែលកំពុងតែ​​ល្អក់កករខ្លាំង​។​

លោក ចូ បៃដិន និង​លោក​ស៊ី ជីនពីង ចាប់ដៃគ្នា​ក្នុងឱកាសជំនួប​កំពូល G20 នៅក្រុង​ Nusa Dua កោះបាលី ថ្ងៃទី​១៤វិច្ឆិកា២០២២
លោក ចូ បៃដិន និង​លោក​ស៊ី ជីនពីង ចាប់ដៃគ្នា​ក្នុងឱកាសជំនួប​កំពូល G20 នៅក្រុង​ Nusa Dua កោះបាលី ថ្ងៃទី​១៤វិច្ឆិកា២០២២ AP - Alex Brandon
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃចន្ទ ទី​១៣វិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យ​ក្រសួងការបរទេសចិន បានបញ្ជាក់ថា លោក​ស៊ី ជីនពីង និង​លោកចូ បៃដិន នឹងជួប​គ្នានៅថ្ងៃពុធទី​១៥វិច្ឆិកា។ ប្រធានាធិបតីទាំង២ នឹងនិយាយគ្នាស៊ីជម្រៅ ស្តី​អំពី​បញ្ហា​ទូទៅផង និងបញ្ហាយុទ្ធសាស្ត្រផង ដោយ​ផ្តោតសំខាន់ទៅលើទំនាក់​ទំនង រវាងចិន និងសហរដ្ឋអាមេរិក​។

លោក​ស្រីបានបន្ថែមថា ប្រធានាធិបតីទាំង២ នឹងនិយាយអំពី សន្តិភាព និងការអភិវឌ្ឍន៍​។ ឆ្លើយនឹងសំណួរអ្នកកាសែត ដែលលើកឡើងថា ​ទំនាក់ទំនងរវាងចិននិងអាមេរិក ជាទំនាក់ទំនងបែប​ប្រកួតប្រជែងគ្នា លោកស្រី Mao Ning បានបដិសេធថា​ចិនមិន​ចាត់ទុក​​ដូច្នេះឡើយ​។​ លោកស្រីបានអះអាងថា មិនមែនចិនខ្លាចការប្រកួតប្រជែងទេ តែ​ចិន​ប្រឆាំង​ដាច់ខាត ចំពោះការប្រើពាក្យនេះ​។

អ្នកនាំពាក្យ​ចិនបាន​អំពាវនាវឲ្យសហរដ្ឋអាមេរិក ត្រូវតែគោរព​ដោយ​ស្មោះត្រង់ ចំពោះការព្រួយបារម្ភដ៏សមហេតុសមផលរបស់ចិន ព្រមទាំង​សិទ្ធិស្របច្បាប់របស់ចិនក្នុងការអភិវឌ្ឍន៍ ជាជាង​ការគិតខ្វល់តែប្រយោជន៍ខ្លួនឯង ហើយ​គិតតែពីដាក់ឧបសគ្គ​រំខានរារាំង​មកលើ​ចិន​។ លោកស្រី Mao Ning សង្កត់ធ្ងន់ថា ចិនគ្មានចេតនាទៅផ្លាស់ប្តូរអាមេរិក ហើយអាមេរិកក៏មិនត្រូវមកចង់ធ្វើ​ឲ្យចិន​ផ្លាស់ប្តូរដែរ។

ពីខាងវ៉ាស៊ីនតោន លោកស្រី Karine Jean-Pierre អ្នកនាំពាក្យសេតវិមាន បាន​បញ្ជាក់​ឲ្យដឹងថា ប្រធានាធិបតីទាំង២ នឹងនិយាយ​អំពី បញ្ហាទ្វេរភាគី បញ្ហាតំបន់ និងពិភពលោកផង ព្រមទាំងអំពីការរិះរកមធ្យោបាយ ដើម្បី​គ្រប់គ្រង​ឲ្យ​ការប្រកួតប្រជែងគ្នា មានលក្ខណៈទទួលខុសត្រូវ​។

សូមបញ្ជាក់ថា ប៉ុន្មានខែកន្លង​មកនេះ ភាគីសហរដ្ឋអាមេរិកបានព្យាយាមបញ្ជូនឥស្សរៈជន និងមន្ត្រីធំជាច្រើននាក់ទៅចិន ដើម្បី​និយាយសម្របសម្រួល ឈានទៅស្តារទំនាក់ទំនងរវាងមហាអំណាចទាំង២ ដែលជួបបញ្ហាតានតឹងខ្លាំង មិនថាផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម និង​ផ្នែក​ភូមិសាស្ត្រនយោបាយ​។ នៅក្នុង​ឱកាសជំនួបកំពូល APEC លោកចូ បៃដិន នឹង​ព្យាយាមបង្ហាញឲ្យចិនឃើញថា អាមេរិក​មាន​ទំនាក់ទំនងល្អនិងស្អិតរមួត ជាមួយប្រទេស​ផ្សេងៗក្នុងតំបន់ប៉ាស៊ីហ្វិក មានដូចជាអូស្ត្រាលី កូរ៉េខាងត្បូង និងជប៉ុនជាដើម​។

ដោយឡែក មន្ត្រី​អាមេរិក​ម្នាក់ បាន​ប្រាប់អ្នកកាសែតថា គេ​រំពឹងថា នៅថ្ងៃពុធ ប្រធានាធិបតី​ទាំង​២ នឹងនិយាយគ្នាត្រង់ទៅត្រង់មក លើ​បញ្ហាទំនាស់ជាច្រើន ជាពិសេស​គឺ​បញ្ហាកោះ​តៃវ៉ាន់។​ មន្ត្រីរូបនេះសង្ឃឹមថា អាមេរិកនិងចិន នឹងបង្កើតឲ្យ​មានបណ្តាញទាក់ទងគ្នាដោយ​ផ្ទាល់ រវាងកងទ័ពទាំង២ ព្រោះវាជារឿងសំខាន់ណាស់ ក្នុងករណី​ដែល​ផ្ទុះសង្គ្រាម​នៅតៃវ៉ាន់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ