អានតួអត្ថបទ
ជប៉ុន-សិទ្ធិមនុស្ស

របាយការណ៍​HRW៖ ស្ត្រីជប៉ុនជាប់ពន្ធនាគារ រងការធ្វើបាប និងការមិនយកចិត្តទុកដាក់ផ្នែកសុខភាព

ស្ត្រីជប៉ុន​ដែលជាប់ពន្ធនាគារ បានរងនូវការ​ធ្វើបាប និង​ការមិនយកចិត្តទុកដាក់​ផ្នែកសុខភាព ពីសំណាក់អាជ្ញាធរពន្ធនាគារជប៉ុន។ នេះបើផ្អែកតាម​របាយការណ៍ថ្មី​មួយ របស់អង្គការ Human Rights Watch ចេញផ្សាយ​នៅថ្ងៃអង្គារ ទី​១៤វិច្ឆិកា។ ស្ត្រីជប៉ុនជាប់ពន្ធនាគារ ដែល​មានផ្ទៃពោះ ត្រូវគេដាក់ខ្នោះដៃជាប់ជាប្រចាំ សឹងតែដល់ថ្ងៃសម្រាលកូន​។ ហើយភាគច្រើន ក្រោយ​សម្រាលកូនហើយ គឺត្រូវគេ​បំបែក​ពីកូន​។ អ្នកទោសភេទស្រីខ្លះទៀត ដែលមានវ័យកាន់តែចំណាស់ គឺមិនត្រូវបាន​ទទួលនូវការគាំព៌ា យកចិត្តទុកដាក់ដិតដល់ទេ។

មន្ទីឃុំឃាំងមួយនៅក្រុងតូក្យូ ប្រទេសជប៉ុន។ ថ្ងៃទី ១០ មិថុនា ២០១៩
មន្ទីឃុំឃាំងមួយនៅក្រុងតូក្យូ ប្រទេសជប៉ុន។ ថ្ងៃទី ១០ មិថុនា ២០១៩ AP - Koji Sasahara
ផ្សាយពាណិជ្ជកម្ម

របាយការណ៍ការនេះ បាន​ផ្អែកលើសក្ខីកម្ម​ របស់ស្ត្រីជប៉ុន​ប្រមាណ​៦០នាក់ ដែលធ្លាប់ជាប់ពន្ធនាគារ និង​ផ្អែក​លើ​ក្រុម​មេធាវីជំនាញ​ច្បាប់ព្រហ្មទណ្ឌជប៉ុន ចំនួន​១១នាក់​។ នៅចន្លោះពី​ឆ្នាំ​២០១១ ដល់​២០១៧ ក្នុងចំណោម​ស្ត្រីជប៉ុន​ជាប់ពន្ធនាគារចំនួន​១៨៧នាក់ ដែលបានសម្រាលកូន​ គឺមានតែ​៣នាក់ទេ ដែល​ត្រូវបាន​គេអនុញ្ញាតឲ្យ​នៅជាមួយកូន​។ នេះបើផ្អែកតាម​តួលេខ របស់​ក្រសួងយុត្តិធម៌ជប៉ុន។

អង្គការ Human Rights Watch លើកឡើងថា ការ​ពង្រាត់​កូនពី​ម្តាយ​ភ្លាមៗបែបនេះ វា​អាចជាកត្តាមួយដ៏ធំ ប៉ះពាល់ដល់សតិអារម្មណ៍ សុខភាពផ្លូវ​ចិត្ត​ ទាំងម្តាយ​ទាំងទារក។ ជាងនេះទៀត អាជ្ញាធរជប៉ុន កម្រនឹងជូនដំណឹង​ទៅ​ស្ត្រីជាម្តាយណាស់ ថាការពិត យោងតាមច្បាប់ គឺពួកគេអាចមានសិទ្ធិសុំទុកកូន​​ឲ្យ​នៅជាមួយ​ក្នុងពន្ធនាគារ រយៈ​ពេល​១២ខែ ក្រោយ​សម្រាល​ហើយ​។​

យោងតាមរបាយការណ៍ មន្ត្រីខ្លះ​នៃ​ក្រសួងយុត្តិធម៌ជប៉ុន បានទទួលស្គាល់ថា ស្ត្រី​ដែល​ត្រូវឆ្លងទន្លេ ត្រូវគេបញ្ជូន​យកទៅមន្ទីរពេទ្យសម្ភព ដែលនៅកៀកបំផុត​នឹងមន្ទីរឃុំឃាំង ហើយ​ជាទូទៅ គឺពួកគេត្រូវជាប់ខ្នោះ​ រហូតទាល់តែដល់ពេល​ចូលបន្ទប់សម្រាល​កូន​។ ហើយ​ពេល​ចេញពីបន្ទប់សម្រាលកូនហើយភ្លាម គឺត្រូវគេ​ដាក់ខ្នោះដៃវិញភ្លាមដែរ។ យ៉ាងណាក៏ដោយ ក្រសួងយុត្តិធម៌ជប៉ុន ធ្លាប់បានអះអាងប្រាប់អង្គការ Human Rights Watch ថា ក្នុងបន្ទប់​សម្រាលកូន គឺមិនត្រូវឲ្យ​ដាក់ខ្នោះទេ ហើយពេល​បំបៅកូន ពរកូន មុជទឹក ឬដូរកន្ទបឲ្យ​ទារក ក៏ត្រូវដោះខ្នោះដៃចេញដែរ​។

​របាយការណ៍ បាន​ទាញសញ្ញាអាសន្នដែរ ថាប្រព័ន្ធ​ពន្ធនាគារជប៉ុន មិនឆ្លើយតបទៅ​នឹង​ចំនួន​អ្នកទោស​មានវ័យ​ចំណាស់ ដែលកាន់តែកើនច្រើនឡើងៗ។ នៅជប៉ុន​ ក្នុង​ឆ្នាំ​២០២១ ក្នុងចំណោម​អ្នកទោសភេទស្រី ដែលចាប់​ផ្តើមចូលអនុវត្តទោស​ក្នុងពន្ធនាគារ​ គឺ​មាន​​២០%ហើយ ដែល​​​មានអាយុ​​៦៥ឆ្នាំនិងលើសនេះ​ ខណៈអ្នកទោសភេទប្រុស មាន១៣%។​ ពោលគឺចំនួនអ្នកទោសភេទស្រី បាន​កើន​៤ដងក្នុងឆ្នាំ​២០២១ បើ​ប្រៀបធៀបទៅឆ្នាំ​២០០៣។

អង្គការ Human Rights Watch បាន​លើកឡើងថា ពន្ធនាគារជប៉ុន មាន​ប្រព័ន្ធសុខាភិបាល មិនល្អគ្រប់គ្រាន់ ដោយ​ខ្វះ​មធ្យោយ សម្ភារៈ បរិក្ខា គ្រូពេទ្យ និង​ខ្វះការយកចិត្តទុកដាក់។ បន្ថែមពីនេះទៀត មាន​ការប្រើ​ប្រាស់ជាញឹកញាប់ នូវ​​វិធានការ​បង្ឃាំងអ្នកទោស​​​ក្នុងបន្ទប់ងងឹត មិនឲ្យឃើញពន្លឺថ្ងៃ​ ព្រមទាំង​ការ​ធ្វើបាប រើសអើង​​ខ្លាំង ​ទៅលើអ្នក​ទោស​​ប្តូរភេទជាដើម​។

សូមបញ្ជាក់ថា យោងតាមតួលេខផ្លូវការ នៅ​ឆ្នាំ​២០២១មានស្ត្រីជប៉ុន​ ចំនួន​ជិត​៤០០០នាក់ ដែលជាប់ពន្ធនាគារ​ ពោលគឺប្រមាណ​៩% នៃចំនួន​អ្នកទោសសរុប​។ ភាគច្រើន​នៃអ្នកទោសភេទស្រី គឺជាប់ទោសពី​បទ​ល្មើស​លួច និង​ បទល្មើស​ប្រើប្រាស់​គ្រឿងញៀនជាដើម​។ ចំនួន​ស្ត្រីជប៉ុនជាប់ពន្ធនាគារ​ច្រើន ដោយសារបទល្មើស លហុ ឬបទល្មើស​​មជ្ឈឹម ក៏ព្រោះតែ​ច្បាប់ព្រហ្មទណ្ឌជប៉ុន មិនបាន​កំណត់ទោសផ្សេង ក្រៅពីទោសជាប់ពន្ធនាគារទេ។

បណ្តាញព័ត៌មានបារាំង បានព្យាយាមទាក់ទងទៅ​ក្រសួងយុត្តិធម៌ជប៉ុន សុំការបំភ្លឺទាក់ទិននឹងរបាយការណ៍​របស់ អង្គការ Human Rights Watch ។ ក្រសួងយុត្តិធម៌ជប៉ុន បានបដិសេធថាមិនទាន់អាចប្រតិកម្មអ្វីបាន​ទេ ទៅលើ​របាយការណ៍នេះ​។ តែយ៉ាងណា ក្រសួងបានធានា​អះអាងថា​ ពន្ធនាគារជប៉ុនមាន​ប្រព័ន្ធថែទាំសុខភាពអ្នកទោស ដោយគោរពទៅតាម​ក្រិត្យក្រមសុខាភិបាល ដូច​ក្នុងសង្គមជាទូទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ