អានតួអត្ថបទ
វិបត្តិហ្វាំងឡង់-រុស្ស៊ី

ហ្វាំងឡង់បិទច្រកព្រំដែន ដោយសារលំហូរជនអន្តោប្រវេសន៍ខុសច្បាប់ពីរុស្ស៊ី

ប្រទេសហ្វាំងឡង់ បានបិទច្រកចេញចូលតាមបណ្តោយព្រំដែនជាមួយរុស្ស៊ី ដោយទុកតែច្រកមួយគត់។ ការសម្រេចចិត្តដូច្នេះ ក៏ព្រោះតែប៉ុន្មានខែចុងក្រោយនេះ មានជនអន្តោប្រវេសន៍មកពីតំបន់ដើមបូព៌ា និង អាហ្វ្រិក ច្រើនរយនាក់បានជ្រៀតចូលក្នុងទឹកដីហ្វាំងឡង់ដោយខុសច្បាប់ តាមរយៈប្រទេសរុស្ស៊ី។  ជាការឆ្លើយតប អាជ្ញាធររុស្ស៊ីបានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី ២៣ វិច្ឆិកា ថានឹងចាត់វិធានការពង្រឹង សន្តិសុខ នៅខេត្ត Mourmansk ដែលស្ថិតនៅប៉ែកពាយ័ព្យជាប់នឹងព្រំដែនប្រទេសហ្វាំងឡង់។

ហ្វាំងឡង់បិទច្រកព្រំដែន ដោយសារលំហូរជនអន្តោប្រវេសន៍ខុសច្បាប់ពីរុស្ស៊ី
ហ្វាំងឡង់បិទច្រកព្រំដែន ដោយសារលំហូរជនអន្តោប្រវេសន៍ខុសច្បាប់ពីរុស្ស៊ី AP - Jussi Nukari
ផ្សាយពាណិជ្ជកម្ម

ដើម្បីរារាំងលំហូរនៃជនអន្តោប្រវេសន៍ខុសច្បាប់ពីរុស្ស៊ី អាជ្ញាធរហ្វាំងឡង់ បានសម្រេចរក្សាទុក តែច្រកចេញចូលមួយគត់ ជាមួយរុស្ស៊ី ពោលគឺច្រក Raja-Jooseppi ដែលនៅជាប់នឹងព្រំដែនខេត្តរុស្ស៊ី ឈ្មោះ Mourmansk នៅក្នុងសមុទ្រអារទិករបស់រស្ស៊ី។​ ស្របពេលជាមួយគ្នានេះ លោក Andrei Tchibis  អភិបាលខេត្ត Mourmansk បានប្រកាសចាត់វិធានការកម្រិតអាសន្ន ដោយខ្លាចក្រែងមានជនអន្តោប្រវេសន៍មកប្រមូលផ្តុំគ្នាជាទ្រង់ទ្រាយធំ ត្រង់ចំណុចនេះ ដែលនឹងអាចបង្កចលាចល និង អសន្តិសុខ សម្រាប់ប្រជាជនរុស្ស៊ីក្នុងតំបន់។  

លោក Tchibis ប្រាប់ឲ្យដឹងទៀតថា នៅថ្ងៃពុធសប្តាហ៍នេះ មានជនភៀសខ្លួនពីអាហ្វ្រិក និង ដើមបូព៌ា ប្រមាណ ៤០០ នាក់ បានមកផ្តុំគ្នានៅត្រង់ច្រកឈ្មោះ Salla ដែលស្ថិតប៉ែកខាងជើងនៃព្រំដែន រវាងប្រទេសទាំងពីរ។ ក្នុងនោះ មានតែ ៥០ នាក់ ប៉ុណ្ណោះ ដែលអាជ្ញាធរប្រចាំព្រំដែនហ្វាំងឡង់ បានអនុញ្ញាតឲ្យចូលទៅក្នុងប្រទេសរបស់ខ្លួន។

សហភាពអឺរ៉ុប បានថ្លែងគាំទ្រពេញទំហឹងលើការសម្រេចចិត្តរបស់ហ្វាំងឡង់ ហើយបានបរិហារម៉ូស្គូថា ប្រើបញ្ហាជនអន្តោប្រវេសន៍ជា “ ឧបករណ៍គួរឲ្យអាម៉ាស” ។ ប៉ុន្តែវិមានក្រេមឡាំង បានទាត់ចោលភា្លមៗ ការចោទប្រកាន់នោះ។ ជាក់ស្តែង អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zaqkharova នៅថ្ងៃពុធនេះ បានចោទបកទៅវិញថា ហ្វាំងឡង់ខំរាវរកមធ្យោបាយនានាទាំងខុសទំនង ដើម្បីធ្វើ ឲ្យរស់ឡើងវិញនូវផ្នត់គំនិតស្អប់រុស្ស៊ី។  

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរដែលជាប់ព្រំរបងគ្នា បានធ្លាក់ចុះខ្លាំង តាំងពីខែកុម្ភៈឆ្នាំ ២០២២ ដែលបណ្តាលមកពីការវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ គឺការវាយប្រហារនេះឯង ដែល ញ៉ាំងហ្វាំងឡង់ឲ្យកើតព្រួយបារម្ភពីសន្តិសុខខ្លួនផ្ទាល់ ហើយបានសម្រេចភ្ជាប់ខ្លួនចូលជាសមាជិក អង្គការអូតង់ក្នុងខែ មេសា ឆ្នាំ ២០២៣។

ចាប់តាំងពីចុងខែ សីហា ឆ្នាំ២០២៣ ពោលគឺប៉ុន្មានខែក្រោយការចូលជាសមាជិកអូតង់ ហ្វាំងឡង់បាន កត់សំគាល់ឃើញមានលំហូរនៃជនអន្តោប្រវេសន៍ខុសច្បាប់ច្រើនរយនាក់ ចូលមកក្នុងទឹកដីខ្លួន ដោយឆ្លងតាមព្រំដែនរុស្ស៊ី។ ជនអន្តោប្រវេសន៍ទាំងនេះ មានប្រភពចេញពីបណ្តាប្រទេសអាហ្វ្រិក និង តំបន់ដើមបូព៌ា ជាពិសេសគឺ អ៊ីរ៉ាក់ សូម៉ាលី និង យេមែន។ ដោយប៉ាន់ស្មានឃើញបញ្ហានេះទុកជាមុន ចាប់ពីក្នុងខែកក្កដាឆ្នាំ ២០២២មក ហ្វាំងឡង់បានចាត់វិធានការ សាងសង់របងព័ទ្ធលួសបន្លាប្រវែង ២០០ គម ព្រមទាំងដំឡើងកាមេរ៉ាសុវត្ថិភាព​ នៅតាមបណ្តាយព្រំដែនជាមួយរុស្ស៊ី។ ប៉ុន្តែ មកទល់ពេលនេះ ហ្វាំងឡង់ទើបតែសង់បានរបងលួសប្រវែង ៣ គីឡូម៉ែត្រប៉ុណ្ណោះ ។

ចំពោះលោកនាយករដ្ឋមន្ត្រីហ្វាំងឡង់ “ការយកជនអន្តោប្រវេសន៍ធ្វើជាឧបករណ៍” គឺជាមធ្យោ បាយមួយរបស់រុស្សី ដើម្បីបង្កភាពរង្គោះរង្គើ លើស្ថានការណ៍ក្នុងប្រទេស សណ្តាប់ធ្នាប់សាធារណៈ និង សន្តិសុខ នៅតាមព្រំដែនហ្វាំងឡង់ និង ក្នុងសហភាពអឺរ៉ុបទាំងមូល។ រីឯ លោកប្រធានាធិបតីប៉ូឡូញ ដែលគាំទ្រហ្វាំងឡង់ ចាត់ទុកបញ្ហាលំហូរជនអន្តោប្រវេសន៍ពីរុស្ស៊ីនេះ ជាបញ្ហារួម ដ្បិតថាប៉ូឡូញផ្ទាល់ ក៏ធ្លាប់ពើបប្រទះនឹងវិបត្តិនេះដូចគ្នា នៅតាមព្រំដែនរបស់ខ្លួន ជាប់នឹងប្រទេសបេឡារុស ដេលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី។ តាំងពីឆ្នាំ ២០២១ ប៉ូឡូញរមែងចោទរុស្ស៊ី និង បេឡារុស ថាជាដើមហេតុនៃកំណើនជនអន្តោប្រវេសន៍ខុសច្បាប់ ដែលប៉ុនប៉ងជ្រៀតចូលទៅក្នុងសហភាពអឺរ៉ុប តាមព្រំដែនប៉ូឡូញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ