អានតួអត្ថបទ
ការងារ

ILO ព្យាករ​កំណើន​​​អ្នក​​អត់​ការងារ​​ធ្វើ ​នៅលើពិភពលោក ក្នុង​​​ឆ្នាំ​២០២៤

អត្រា​អ្នក​អត់​ការងារ​ធ្វើ នៅលើ​ពិភពលោក​ ​អាច​នឹងកើន​ឡើង​​បន្តិចនៅ​ឆ្នាំ​២០២៤។ នេះ​បើ​តាមរបាយការណ៍ ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ILO ស្តី​ពី​ទស្សនៈ​វិស័យ​ការងារ​និង​សង្គម​​សម្រាប់​ឆ្នាំ​២០២៤។ អង្គការ​បាន​សម្តែង​កា​រព្រួយបារម្ភ​​ទៀត​អំពី​សន្ទុះ​​ផលិតកម្ម​​មិន​ស្វាហាប់ ​អំពី​វិសមភាព​​កាន់​តែ​ខ្លាំង និងអំពីវិបត្តិ​​​អតិផរណាដ៏​រ៉ាំរ៉ៃ​នៅលើ​ពិភពលោក។

ស្លាក​សញ្ញា​អង្គការពលកម្មអន្តរជាតិ
ស្លាក​សញ្ញា​អង្គការពលកម្មអន្តរជាតិ ILO
ផ្សាយពាណិជ្ជកម្ម

អត្រា​អ្នក​អត់ការងារ​ធ្វើ ដែល​​​មាន​កំរិត​៥,៣% នៅ​ឆ្នាំ​២០២២ ​​បាន​ធ្លាក់​មក​នៅ​ត្រឹម​៥,១%​នៅ​ឆ្នាំ​២០២៣ ដែល​មាន​កំណើន​​សេដ្ឋកិច្ច​​លើស​ការព្យាករ​បន្តិច។ ប៉ុន្តែ​នៅ​២០២៤​នេះ បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ ពិភពលោក​​នឹង​មាន​ពលរដ្ឋ​២​លាន​នាក់​ថ្មី​បន្ថែម​ទៀត​ដើរ​ស្វះស្វែង​រក​ការងារ​ធ្វើ ពោល​គឺ​ ​ចំនួន​អ្នក​អត់ការងារ​ធ្វើ​អាច​នឹង​កើន​ឡើង​បន្តិច​វិញ ក្នុង​អត្រា​៥,២%។

ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​មួយ​នេះ​សំឡឹង​ឃើញ​ថា ដោយ​ហេតុ​តែ​ភាព​តាន​តឹង​ភូមិសាស្ត្រ​នយោបាយ និង​វិបត្តិ​អតិផរណា​ដ៏​រ៉ាំរ៉ៃ​ កំណើន​សេដ្ឋកិច្ចក្រោយ​វិបត្តិ​កូវីដ១៩ ​ចាប់​កំរើក​យ៉ាង​យឺតៗ​បំផុត។ បើ​ទោះ​បី​មាន​ការ​ដំឡើង​ប្រាក់​ខែ​ក៏​ដោយ​ ក៏​​​មិន​សមមាត្រ​នឹង​កំរិត​​អតិផរណា​ដែរ។ ពលរដ្ឋ​​ក្នុង​ប្រទេសលូតលាស់​ជាងគេ​ហៅ​កាត់​ថា​​ហ្សេ២០​​​ភាគ​ច្រើនមាន​ចំណូល​ថយដោយជាក់​ស្តែង។​ ការ​ធ្លាក់​ចុះ​នៃ​កំរិត​ជីវភាព​បង្ក​ឡើង​វិបត្តិ​អតិផរណា​ហាក់​មិនងាយបំពេញ​សង​បាន​វិញ​ទេ។ នេះ​បើ​តាម​គំនិត​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ដដែល។

នៅក្នុង​របាយការណ៍​​ដែល​វាយ​តម្លៃ​អំពី​ទិន្ននាការ​ចុងក្រោយ​របស់​ទីផ្សារ​ការងារ ភាពអត់ការធ្វើ  ការ​បង្កើត​ការងារ និង​ការ​ចូល​រួម​ចំណែក​របស់​ប្រជាពលរដ្ឋ​សកម្ម ភ្ជាប់​ទៅ​នឹង​លទ្ធផល​សង្គម អគ្គនាយក​ILO​បាន​ប្រកាស​ថា​ទិន្នន័យ​ខ្លះ​បាន​ផ្តល់​​ក្តី​​សង្ឃឹម​ តែ​បើ​វិភាគ​ឱ្យ​បាន​ស៊ីជម្រៅ​ទៅ ទើប​មើល​ឃើញ​ថា​ទីផ្សារ​ការងារ​មាន​វិសមភាព​ខ្លាំងណាស់។ ទីផ្សារការងារ​គ្មាន​លំនឹង​មិនមែន​ដោយហេតុ​ពាក់ព័ន្ធនឹង​វិបត្តិ​កូវីដ១៩​ទេ តែ​បណ្តាល​មក​រចនា​សម្ព័ន្ធ​របស់​ប្រទេស​តែម្តង។ ​

របាយការណ៍បាន​លើក​ឡើង​ថា​ មាន​តែ​ចិន រុស្ស៊ី​ និង​ម៉ិចស៊ិក​ទេ ដែល​មាន​កំណើន​ប្រាក់​បៀវត្សរ៍​ពិតៗ​នៅឆ្នាំ​២០២៣។ រី​ឯ​ក្រុមប្រទេស​ហ្សេ​២០​ផ្សេង​ទៀត សុទ្ធ​តែ​ធ្លាក់​ចុះ​ ហើយប្រទេស​បាត់​បង់​ចំណូល​​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​​ជាង​គេ គឺ​​ប្រេស៊ីល (៦,៩%) អ៊ីតាលី៥% និង​ឥណ្ឌូណេស៊ី​៣,៥%។​

ថយចំណូល​ ​ជីវភាពធ្លាក់​ចុះ សកម្មភាព​ផលិតកម្ម​ខ្យោយ​បូកផ្សំ​នឹង​វិបត្តិ​អតិផរណា​ដ៏​រ៉ាំរ៉ៃ​ទៀត ​​វិសមភាពរីក​​កាន់​តែ​ធំ ​យុត្តិធម៌សង្គម​ត្រូវ​តែ​រួម​តូច។ សម្រាប់​អគ្គនាយក​អង្គការ​ពលកម្ម​អន្តរជាតិ បើ​គ្មាន​យុត្តិធម៌​សង្គម​ធំទូលាយ​ទេ ពិភពលោក​មិន​អាច​មាន​កំណើន​ឡើង​វិញ​ជា​និរន្តរ៍​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ