អានតួអត្ថបទ
បារាំង-ចិន

ខួប​៦០ឆ្នាំចំណងមេត្រីភាព​ចិនបារាំង៖ ប្រមុខរដ្ឋចិនពោល​សរសើរឯករាជ្យភាព​បារាំង

ថ្ងៃទី២៧ ខែមករា ឆ្នាំ​២០២៤ ប្រទេស​បារាំងនិងចិន ប្រារព្ធ​អបអរ​រម្លឹក​ខួប​ទំនាក់ទំនង​សម្ព័ន្ធស្ពាន​មេត្រីភាព ៦ ទសវត្សរ៍។​ ៦០ឆ្នាំហើយ ដែល ​បារាំង ជាប្រទេសអឺរ៉ុប​ទី១ បាន​ទទួល​ស្គាល់​ទំនាក់ទំនងការទូត​​ជា​ផ្លូវការ​ជាមួយរដ្ឋ​ចិន​កុម្មុយនិស្ត​ នៅថ្ងៃទី​២៧ មករា ១៩៦៤។ ឆ្នាំ១៩៦៤ ពេញ​ឋិត​ក្នុង​បរិបទសង្គ្រាម​ត្រជាក់ នៃការ​​ប្រកួត​ប្រជែង​ឥទ្ធិ​ពល​មនោគមវិជ្ជា​​​រវាង ​លោកសេរីនិងលោកកុម្មុយនិស្ត​។ ​ការ​សម្រេច​ចិត្ត​របស់​ថ្នាក់​ដឹក​នាំ​​បារាំង ​​ឧត្តម​សេនីយ៍ ហ្សាល ដឺហ្គោល ពី​កាលនោះ ​ត្រូវ​រងការ​រិះគន់​ជាខ្លាំង​ពី​សម្ព័ន្ធមិត្ត​ប្រជាធិបតេយ្យ ពិសេស​​សហរដ្ឋ​អាមេរិក​។ តែ​​ សហរដ្ឋអាមេរិក នៅទីបំផុតទៅ ក៏​បាន​ទទួល​ស្គាល់​និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិនដែរនៅ​ឆ្នាំ​១៩៧៩​។

ខួប៦០ឆ្នាំចំណងមេត្រីភាពចិនបារាំង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។
ខួប៦០ឆ្នាំចំណងមេត្រីភាពចិនបារាំង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ AP - Thibault Camus
ផ្សាយពាណិជ្ជកម្ម

ក្នុង​សារវីដេអូ​​អបអរ​ខួប​៦០ឆ្នាំ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង​ បាន​ថ្លែងសារ​​បញ្ជាក់​ពី​តួនាទី​របស់​បារាំង​និង​ចិន ដែលជា​រដ្ឋ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​ត្រូវមានទំនួល​ខុសត្រូវ​​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​អន្តរជាតិ។​

​ពីចំណែកខ្លួន ប្រធានាធិបតីចិន​​​ ស៊ី ជីន​ពីន ​បានថ្លែង​សារវីដេអូ​​អបអរ​ខួប​៦០ឆ្នាំ ដោយលើកឡើងថា ភាគីទាំង​ពីរ រដ្ឋបាលទី​ក្រុង​ប៉ារីស​និង​ប៉េកាំង ត្រូវ​ពួតដៃឲ្យ​ជាប់ និង​​ធ្វើការ​រួមប្រកៀកស្មា​គ្នា​ ដើម្បីឆ្លើយ​តប​ទៅ​នឹង​ការស្ថានភាព​«មិន​ច្បាស់លាស់»​របស់​ពិភព​លោក​បច្ចុប្បន្ន​​​។ ការណ៍​​នេះ អាច​ធ្វើទៅបាន អាស្រ័យ​នឹង​ការរក្សា​ស្ថិរភាព​ទំនាក់ទំនងឲ្យ​គង់វង្ស​រវាង​​​បារាំង​និង​ចិន។​

ប្រមុខរដ្ឋចិនក៏បាន​ពោល​សរសើរអំពី​ឯករាជ្យភាព​បារាំង។ «ឯ​ក​រាជ្យ​ភាព​​​បារាំង» ដែល​លោក ស៊ី ជីនពីង ចង់​សំដៅនោះ គឺជំហរ​​​ស្វ័យ​សម្រេច​ចិត្ត​របស់បារាំង​ ដែលរួម​ចំណែក​រក្សា​ស្ថិរភាព​និង​សន្តិភាព​ពិភពលោក​។​

​ករណីមាន​សំណុំ​​បញ្ហា​អន្តរជាតិទាក់ទង​នឹង​​ចិន គឺ​​ បារាំង ​តែងតែ​​ជៀសវែង​ មិន​ធ្វើ​តាម​ការ​សម្រេចចិត្ត​របស់​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​ឡើយ។ ជាក់ស្តែង បន្ទាត់​នយោបាយ​របស់​ក្រុង​វ៉ាស៊ីន​តោ​ន និង​សម្ព័ន្ធ​មិត្ត​ Aukus មាន ​អូស្ត្រាលី អង់គ្លេស និងអាមេរិក ដែល​ទំនង​ជា​ធ្វើ​ឲ្យ​មាន​ការ​ប្រឈមមុខ​ដាក់គ្នា​ ផ្ទុយ​ពី​បន្ទាត់​សកម្មភាព​របស់​បារាំង​ ដែល​ច្រើន​តែ​​សម្របសម្រួល​​ និងបញ្ចៀស​ការ​ប្រឈមមុខ​តានតឹង​​ដាក់គ្នា។ នេះបើតាម​ការជញ្ជឹង​គិត​ឃើញ​របស់អ្នក​វិភាគ​ Emmanuel Lincot ​ជា​អ្នកសិក្សាស្រាវជ្រាវ​ នៅ​វិទ្យាស្ថាន​​ទំនាក់ទំនង​អន្តរជាតិ​និង​យុទ្ធសាស្ត្រ (IRIS)។​ អ្នក​វិភាគរូបនេះ​ ​បាន​ពិចារណា​អំពី​ទំនាក់ទំនង​បារាំង​និង​​ចិន ដោយ​វាយតម្លៃថា​ស្អិត​ល្មួតផ្នែក​យុទ្ធសាស្ត្រ​ការទូតសហ​​ការ​។ កិច្ចសហ​ការ​ទ្វេភាគី បារាំង​ចិន​ ក៏ត្រូវ​លោក ស៊ី ជីនពីង​ លើកឡើង​ក្នុង​សារ​វិដេអូ​ដែរ ជាពិសេស​ផ្នែក​ប្រែប្រួល​អាកាសធាតុ ជីវចម្រុះ និង សន្តិសុខស្បៀង។​​

ដោយឡែក​ ក្រសួង​ការបរទេស​បារាំង បាន​សង្កត់ធ្ងន់​ចំពោះវិស័យ​ទេសចរណ៍​វប្បធម៌ ជាប្រធានបទ​សំខាន់​នៃ​ប្រទេស​ទាំងពីរ ក្នុង​ឆ្នាំនេះ​។​ ខណៈ​ដែល​​ប្រជាជនបារាំង-ចិន ក៏​និយម​ទស្សនាស្រុក​គ្នាទៅវិញទៅមក​យ៉ាង​សម្បើម អ្នក​វិភាគ​ខ្លះឲ្យ​យោបល់ថា គួរ​លើកលែង​ទិដ្ឋាការ​ឆ្លងដែន​ ចំនួន​ ១៥ ថ្ងៃ ហើយ​និងជំរុញ​ឲ្យ​សិស្សសាលា​នៃ​ប្រទេស​ទាំងពីរ រៀន​ភាសា​ ចិន និង​បារាំង ឲ្យ​កាន់តែច្រើន។

ក្រោម​កិច្ចសហការ​ទ្វេភាគី នៅ​ពេញ​១ឆ្នាំ២០២៤នេះ កម្មវិធីសិល្បៈ​សំដៅតម្កើងមិត្តភាព​បារាំង​-ចិន នឹងត្រូវ​រៀបចំ​ជាហូរ​ហែ ក្នុង​ខេត្ត​ក្រុង ជាង ៣០ របស់​​ចិន។ ​នៅបារាំងវិញ​ រដ្ឋធានី​ប៉ារីសនិង​ខេត្តធំៗមួយ​ចំនួន ក៏​នឹង​ទទួល​ស្វាគមន៍​សិល្បករ​ចិន​ឲ្យ​បញ្ចេញ​ស្នាដៃ​ដែរ។

ជាការ​រំឭក ឆ្នាំទៅមិញ លោក ម៉ាក្រុង អញ្ជើញ​ទៅ​ស្រុក​ចិន ហើយ​តាមបើ​គម្រោង​ ក្នុង​ឆ្នាំ​នេះ  លោក ស៊ី ជីនពីន នឹងត្រូវ​អញ្ជើញ​មក​ស្រុក​បារាំង​វិញម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ