អានតួអត្ថបទ
អូស្ត្រាលី-ការពារជាតិ

អូស្ត្រាលីគ្រោង​ពង្រឹង​សមត្ថភាព​កងទ័ពជើងទឹក ដោយទិញ​នាវាចម្បាំងថែម​​​២៦គ្រឿង

អូស្ត្រាលីបានប្រកាសថា នឹង​ពង្រឹងសមត្ថភាព​កងទ័ពជើងទឹករបស់ខ្លួន ដោយ​គេគ្រោងទិញបន្ថែម នូវនាវាចម្បាំង​ចំនួន​ដល់ទៅ​២៦គ្រឿង។ នេះគឺជាទំហំចំនួន​នាវាចម្បាំងដ៏ច្រើនបំផុត​ ដែល​អូស្ត្រាលីមិនធ្លាប់​មាន បើគិតរាប់ពីក្រោយសង្គ្រាម​លោក​លើកទី​២មក​។​ កម្មវត្ថុរបស់​កងទ័ពអូស្ត្រាលី គឺដើម្បី​ការពារសន្តិសុខនៃចរាចរណ៍​ផ្លូវសមុទ្រ ខណៈមាន​ការ​ប្រឈមមុខដាក់​គ្នាកាន់តែខ្លាំងឡើង នៅ​ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក​។

នាវាចម្បាំងអូស្ត្រាលី HMAS Adelaide បើកចេញពីកំពង់ផែ​មូលដ្ឋានទ័ពជើងទឹក​ Garden Island fleet base ក្រុងស៊ីដនី ថ្ងៃទី ១៧ មករា ២០២២
នាវាចម្បាំងអូស្ត្រាលី HMAS Adelaide បើកចេញពីកំពង់ផែ​មូលដ្ឋានទ័ពជើងទឹក​ Garden Island fleet base ក្រុងស៊ីដនី ថ្ងៃទី ១៧ មករា ២០២២ AP - ABIS Susan Mossop
ផ្សាយពាណិជ្ជកម្ម

អូស្ត្រាលីគ្រោងចំណាយប្រាក់ ចំនួន​៦៥០០លានអឺរ៉ូ ដើម្បីពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួន។ ការពង្រឹងនេះ គឺផ្តោត​ជាពិសេស ទៅលើ​កម្លាំង​ប្រយុទ្ធនិងការពារខ្លួន របស់​កងទ័ពជើងទឹក។ អូស្ត្រាលី នឹងទិញនាវាចម្បាំង ចំនួន២៦គ្រឿង មកបន្ថែមពី​លើ​១១គ្រឿងដែលខ្លួនមាននាពេលបច្ចុប្បន្ន។

លោក​ Richard Marles រដ្ឋ​មន្ត្រីក្រសួងការពារជាតិអូស្ត្រាលី បាន​លើកឡើងថា អូស្ត្រាលី​នឹងមាន​ទំហំចំនួន​​នាវាចម្បាំង​ ច្រើនខ្លាំងបំផុត​មិនធ្លាប់​មាន​ បើគិត​ចាប់ពីក្រោយសង្គ្រាម​លោក​លើកទី​២មក។ លោក​បន្តថា​ កងទ័ពជើងទឹក​អូស្ត្រាលី ត្រូវតែមានសមត្ថភាព​ ដើម្បីអាចធានា​ការពារ​ឲ្យ​បានសុវត្ថិភាពនិងសន្តិសុខ នៃបណ្តាញផ្លូវចរាចរណ៍​សមុទ្រ​ ព្រោះថា​ចរាចរណ៍​សមុទ្រ​ មានសារៈសំខាន់ ចំពោះជីវភាពនិង​បែបផែនរស់នៅ​ព្រមទាំង​វឌ្ឍនភាពរបស់អូស្ត្រាលី​។

ផ្អែកតាមក្រសួងការពារជាតិអូស្ត្រាលី ក្នុងចំណោម​នាវាចម្បាំងថ្មីទាំង​២៦គ្រឿងនោះ គឺមាន នាវា​Frégates ប្រភេទHunter​ចំនួន​៦គ្រឿង នាវាDestroyers​ចំនួន៣គ្រឿង នាវាFrégates ពហុជំនាញ​១១គ្រឿង និង​នាវាប្រយុទ្ធលើ​ផ្ទៃទឹក ដោយមិនចាំបាច់មានមនុស្ស​បញ្ជា ចំនួន​​៦គ្រឿងទៀត។ នាវាចម្បាំងទាំងនេះ នឹងត្រូវបំពាក់ដោយ ប្រព័ន្ធមីស៊ីល​អាមេរិក​ ប្រភេទ Tomahawk ដែលអាច​បាញ់​បានចំងាយឆ្ងាយ ចូលជ្រៅ​ក្នុងទឹកដី​របស់សត្រូវ។​ ប្រព័ន្ធសព្វាវុធទំនើបនេះ គឺជាកត្តាចាំបាច់បំផុត ដើម្បីសំឡុតកុំ​ឲ្យសត្រូវ​ ហ៊ានបើកការវាយ​ប្រហារណាមួយ​ជាមុន​។​

គួរកត់​សំគាល់ថា ផែនការថ្មី​នេះ នឹងតម្រូវឲ្យអូស្ត្រាលី​ដំឡើងការចំណាយ​ផ្នែកកងទ័ព ដល់ចំនួន​២,៤%នៃចំណូលដុលក្នុងស្រុង។ ពោលគឺលើសពី​២% ដែល​ត្រូវបានកំណត់​ដោយ​សម្ព័ន្ធភាព​អូតង់។ នាវាចម្បាំងថ្មីៗទាំងនេះ មានខ្លះនឹងត្រូវសាងសង់នៅ​ កំពង់ផែ​ផលិត​នាវា Adelaïde នៅ​អូស្ត្រាលី ដែលនឹងអាចបង្កើតការងារ​ចំនួន​ ៣៧០០នាក់​ ចំណែកនាវាខ្លះទៀត នឹងត្រូវសាសង់នៅសហរដ្ឋអាមេរិក​។ ដោយឡែក​ អាចមាននាវាមួយប្រភេទ ដែលអាចនឹងត្រូវបញ្ជូន​មកពី​អេស្ប៉ាញ អាល្លឺម៉ង់ កូរ៉េខាងត្បូង ឬជប៉ុន។

សូមរំលឹកថា កាលពីឆ្នាំ​២០២១ អូស្ត្រាលីបានងាកទៅទិញ​​នាវាមុជទឹកបាតសមុទ្រ ប្រើប្រព័ន្ធថាមពល​នុយក្លេអ៊ែរ​របស់អាមេរិក​ចំនួន​៣គ្រឿង ​ហើយ​​បោះបង់ចោលគម្រោង ទិញ​នាវាមុជទឹកបាតសមុទ្ររបស់បារាំងចោលវិញ​។ នាវាមុជទឹក Virginia របស់អាមេរិក ដើរដោយ​ថាមពល​នុយក្លេអ៊ែរមែន តែមិនបំពាក់អាវុធនុយក្លេអ៊ែរទេ។​

គួរបញ្ជាក់ថា អ្នកវិភាគជាច្រើនយល់ឃើញថា អូស្ត្រាលីលនឹងធ្វើការពង្រឹងវិស័យ​សព្វាវុធទំនើបកាន់តែខ្លាំង ព្រោះថាការធ្វើទំនើបកម្មនៃ​វិស័យការពារជាតិរបស់ប្រទេសនេះកន្លងមក គឺបានដើរយឺត។ ស្របពេល​ដែលសន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វិក​ កាន់តែប្រឈមគ្រោះថ្នាក់ អូស្ត្រាលីមិនអាចបង្អែរបង្អង់ទៀតបានទេ។ លោក Michael Shoebridge អតីតមន្ត្រីយោធា​ជាន់ខ្ពស់អូស្ត្រាលីម្នាក់ បានអះអាងថា អូស្ត្រាលី​ត្រូវ​តែប្រញាប់ប្រញាល់ សម្រាល​នីតិវិធីទិញសព្វាវុធទំនើបពីបរទេស​​។ ប្រសិនបើ​មានការយឺតយ៉ាវ នៅក្នុងការ​ចុះកិច្ចសន្យាទិញ ឬការផលិត​ មាន​ន័យថា តម្លៃចំណាយអាចនឹងឡើង ហើយ​ពេលបាន​ប្រព័ន្ធសព្វាវុធទាំងនោះ យកមកប្រើ គឺវា​អាចនឹង​​មាន​បច្ចេកវិទ្យា​ចាស់ ដើរក្រោយ​គេ ឬមិនឆ្លើយតបទៅនឹងរបត់ថ្មី​នៃស្ថានការណ៍​សន្តិសុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ