អានតួអត្ថបទ
រុស្ស៊ី-អំពើពុករលួយ

តុលាការរុស្ស៊ី ចាប់ខ្លួនអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ពីបទពុករលួយ

ថ្ងៃពុធទី ២៤ មេសា តុលាការរុស្ស៊ី បានចាប់ឃុំខ្លួនបណ្តោះអាសន្ន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទីមួ អ៊ីវ៉ាណូវ (Timour Ivanov) និង ជនសង្ស័យម្នាក់ទៀត ពីបទ ស៊ីសំណូកសូកប៉ាន់ ។ គួរបញ្ជាក់ថា នៅរុស្ស៊ី នេះគឺជា ករណីដ៏កម្របំផុតមួយ ដែលតុលាការក្នុងប្រទេស ចាប់ខ្លួនឥស្សរជនជាន់ខ្ពស់នៃក្រសួងការពារជាតិ ពីបទរឿងអាស្រូវពុករលួយ ជាពិសេស នៅក្នុងកាលៈទេសៈ ដែលរុស្ស៊ីកំពុងបន្តធ្វើ សង្គ្រាមយ៉ាងចាស់ដៃជាមួយអ៊ុយក្រែន និង ចំពេលដែល រដ្ឋាភិបាលរុស្ស៊ី បានបង្កើនថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់វិស័យកងទ័ព។ ក្នុងសំណុំរឿងពុករលួយនេះ លោកទីមួ អ៊ីវ៉ាណូវ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ​ រហូតដល់​ ១៥ ឆ្នាំ។

តុលាការរុស្ស៊ី ឃុំខ្លួនបណ្តោះអាសន្ន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ពីបទពុករលួយ
តុលាការរុស្ស៊ី ឃុំខ្លួនបណ្តោះអាសន្ន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ពីបទពុករលួយ AP
ផ្សាយពាណិជ្ជកម្ម

ភ្នាក់ងារព័ត៌មានរបស់តុលាការម៉ូស្គូ បានប្រកាសឲ្យដឹងថា លោក ទីមួ អ៊ីវ៉ាណូវ អាយុ ៤៨ ឆ្នាំ ដែលបានឡើងកាន់តំណែង អនុរដ្ឋមន្ត្រីការពារជាតិ តាំងពីឆ្នាំ ២០១៦ មក នឹងត្រូវឃុំខ្លួន ជាបណ្តោះសន្ន អំឡុងពេល ២ ខែ ពោលគឺរហូតដល់ថ្ងៃទី ២៣ មិថុនា មុនការបើកអង្គជំនុំជម្រះ ផ្លូវការ លើរូបគាត់។

ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ ដែលទំនងមានទំនាក់ទំនង ជិតស្និត និងលោក ទីមួ អ៊ីវ៉ាណូវ បានអំពាវនាវ កុំឲ្យឆាប់វាយតម្លៃ រឿងក្តីនេះ ដោយលោក ស្នើឲ្យរង់ចាំ ទទួលបានព័ត៌មានច្បាស់ការជាមុនសិន ខណៈពេលដែលការងារស៊ើបអង្កេត កំពុងបន្តទៅមុខ។

គួរបញ្ជាក់ថា លោក ទីមួ អ៊ីវ៉ាណូវ គឺជាអ្នកទទួលរ៉ាប់រង លើគម្រោងសាងសង់នានា ក្រោមក្របខណ្ឌនៃក្រសួងការពារជាតិ។ យោងតាមក្រុមអ្នកស៊ើបអង្កេត លោក បានរួមចំណែក ក្នុងបណ្តាញពុករលួយមួយ ដែលបានគៃបន្លំថវិការដ្ឋ ក្នុងគម្រោងម៉ៅការសំណង់ ដើ​ម្បីផ្គត់ផ្គង់តម្រូវការក្រសួងការពារជាតិរុស្ស៊ី។

កាលពីឆ្នាំ ២០១៩ ទស្សនាវដ្តី Forbes Russia បានចាត់ទុក រូបលោក ទីមួ អ៊ីវ៉ាណូវ ជាអ្នកមានទ្រព្យ សម្បត្តិស្តុកស្តម្ភជាងគេ នៅក្នុងចំណោមក្បាលម៉ាស៊ីនសន្តិសុខរុស្ស៊ី។ មានសញ្ញាបត្រ គណិតសាស្ត្រ និង Cybernetic លោក បានប្រកបអាជីព ក្នុងវិស័យបរ​មាណូ អស់រយៈពេលច្រើនឆ្នាំ មុននឹងក្លាយជាបុគ្គល ជំនិតម្នាក់ របស់លោក Serguei Choigou រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី។

គួររំឭកដែរថា ឆ្នាំ ២០២២ ដំណើរជីវិតដ៏ “ហ៊ឺហា” របស់លោក ទីមួ អ៊ីវ៉ាណូវ ធ្លាប់បានគេលើកយកមក បរិហារ ម្តងរួចមកហើយ នៅក្នុងប្រតិបត្តិការស៊ើបអង្កេតមួយ ដែលរៀបចំឡើងដោយ អង្គការ មូលនិធិប្រឆាំងអំពើពុករលួយ ដឹកនាំដោយ អតីតមេប្រឆាំងនៅរុស្ស៊ី លោក អាឡិកសី ណាវ៉ាល់នី។ លោក ពូទីន ព្រមទាំងបុគ្គលកាន់អំណាចសំខាន់ៗ ក្នុងជួររដ្ឋាភិបាលរុស្ស៊ីច្រើននាក់ទៀត ក៏ធ្លាប់រងការបរិហារ ពីបទពុករលួយ ពីសំណាក់អង្គការតែមួយនេះ ដូចគ្នាដែរ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ