វៀតណាមកាត់ទោសដាក់ពន្ធនាគារ៨ឆ្នាំថៅកែក្រុមហ៊ុនម្នាក់ទៀតពីបទពុករលួយ
អាជ្ញាធរវៀតណាមកំពុងបន្តប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងបន្លំ។ នៅថ្ងៃព្រហស្បតិ៍ទី២៥មេសានេះ ក្នុងរឿងអាស្រូវលួចបន្លំហិរញ្ញវត្ថុមួយថ្មីទៀត តុលាការក្រុងហូជីមិញ បានកាត់ទោសប្រធានក្រុមហ៊ុនភេសជ្ជៈដ៏ល្បីមួយរបស់ប្រទេស ឱ្យជាប់ពន្ធនាគារ៨ឆ្នាំ ពីបទឆបោកប្រាក់ប្រមាណ៤០លានដុល្លារ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២១
ជាស្ថាបនិកក្រុមហ៊ុនភេសជ្ជៈ តន់ហិប ហ្វាត (Tan Hiep Phat) ដ៏ល្បីមួយនៅវៀតណាម ដែលធ្វើពាណិជ្ជកម្ម ទឹក-ទឹកសណ្តែក-តែបៃតង។ល។ នាំចេញទៅ១៦ប្រទេសផង លោក ចន់ វី ថាន់ អាយុ៧១ឆ្នាំ ទើបត្រូវបានតុលាការក្រុងហូជីមិញ កាត់ទោសឱ្យជាប់ពន្ធនាគារ៨ឆ្នាំពីបទឆបោកប្រាក់ ប្រមាណ៤០លានដុល្លារ នៅរវាងពីខែមករាឆ្នាំ២០១៩ ដល់ខែវិច្ឆិកា២០២០។
នៅក្នុងសាលក្រម ចៅក្រមបានអះអាងថា ជនជាប់ចោទបានដឹងច្បាស់អំពីទង្វើផ្ទុយនឹងច្បាប់ តែបន្តប្រព្រឹត្តល្មើស។ លោក ត្រង់ និងក្រុមឃុបឃិត បានរៀបចំផែនការឆបោក យកប្រាក់កក់របស់អតិថិជនណាដែលមកខ្ចីលុយក្រុមហ៊ុនរបស់គេ។ ជនជាប់ចោទផ្ទាល់ក៏បានសារភាព សម្តែងការសោកស្តាយ នៅចំពោះមុខតុលាការ ដោយព្រមទទួលទោសទៅតាមកំហុស។ កូនស្រីទាំងពីររបស់ប្រធានក្រុមហ៊ុននេះ គឺនាងចន់ អៀន ហ្វើង ជាអនុប្រធានក្រុមហ៊ុនអាយុ៤៣ឆ្នាំ ក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំដែរ។ ឯនាង ចន់ ញុកប៊ិច ត្រូវជាប់ទោសនៅក្រៅឃុំបីឆ្នាំ។
សំណុំរឿងកាត់ទោសប្រធានក្រុមហ៊ុនភេសជ្ជៈនេះ ប្រព្រឹត្តទៅតែពីរសប្តាហ៍ក្រោយសាលក្រមXXLដាក់ទោសប្រហារជីវិតសេដ្ឋីនីផ្នែកអចលនទ្រព្យ ជឿង មីឡាន ពីបទគៃបន្លំហិរញ្ញវត្ថុដ៏មហាសាល ជាង២៥ពាន់លានដុល្លារ។ កាលពីខែមីនា តុលាការក្រុងហាណូយបានកាត់ទោសសេដ្ឋីអចលនទ្រព្យ Do Anh Dung ឱ្យជាប់ពន្ធនាគារ៨ឆ្នាំពីបទឆបោកអ្នកវិនិយោគរាប់ពាន់នាក់។
តាំងពីឆ្នាំ២០២១មក របបកុម្មុយនិស្តវៀតណាម បានបើកយុទ្ធនាការបោសសម្អាតអំពើពុករលួយទ្រង់ទ្រាយធំ និងផ្តើមសំណុំបែបបទចោទប្រកាន់ទៅតុលាការប្រឆាំងបុគ្គលចំនួនជាង៤៤០០នាក់ ខ្លះជាមន្ត្រីមានឋានៈទទួលខុសត្រូវក្នុងរដ្ឋាភិបាល និង ខ្លះជាប្រធានក្រុមហ៊ុន ក្នុងជាង១៧០០ជាសំណុំរឿង។ គិតត្រឹមរយៈពេលពីរឆ្នាំមកនេះ ប្រធានាធិបតីពីររូប ឧបនាយករដ្ឋមន្ត្រីពីរនាក់ បានលាលែងចេញពីតំណែង ដោយធ្វេសប្រហែសនឹងអំពើពុករលួយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ