អានតួអត្ថបទ
ម៉ាលី

ក្រោយរដ្ឋប្រហារ ​គេ​ព្យួរ​សមាជិកភាព​ម៉ាលីពីសហគមន៍សេដ្ឋកិច្ច​អាហ្វ្រិកខាង​លិច

ជំនួប​កំពូលវិសាមញ្ញ​នៃ​តំបន់​អាហ្វ្រិកខាងលិច ដែល​មាន​ប្រទេស​នៅ​ក្នុង​តំបន់​ជាង​១០​ចូល​រួមប្រជុំ ​ បាន​សម្រេច នៅល្ងាច​ថ្ងៃ​អាទិត្យ​ទី ៣០​ឧសភា ​​ព្យួរ​បេក្ខភាព​ប្រទេស​ម៉ាលី ពី​សហគមន៍សេដ្ឋកិច្ច​អាហ្វ្រិក​ខាងលិច។ វិធានការ​នេះ​ជា​ការ​ព្រមាន​ក្រុមយោធា​ដែលទើប​បាន​​ទម្លាក់​រដ្ឋាភិបាល​អន្តរកាល។ ប៉ុន្តែ​សមគមន៍​សេដ្ឋកិច្ចអាហ្វ្រិក​ខាងលិច មិន​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចលើ​ម៉ាលី​ទេ។

ឧត្តមសេនីយ៍ Assimi Goïtaប្រធានាធិបតី​ស្តីទី​ម៉ាលី​ថ្មី
ឧត្តមសេនីយ៍ Assimi Goïtaប្រធានាធិបតី​ស្តីទី​ម៉ាលី​ថ្មី REUTERS - FRANCIS KOKOROKO
ផ្សាយពាណិជ្ជកម្ម

“ក្រោយពី​បាន​ជជែក​ពិភាក្សា​គ្នា​យ៉ាង​យូរ​មក​ ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​​នៃ​ប្រទេស​ជា​សមាជិក​សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខា​ង​ត្បូង ហៅកាត់ថា Cédéao បាន​សម្រេច​ ព្យួរ​បេក្ខភាព​ម៉ាលី​ពី​សហគមន៍”។ ចាប់​ពីពេល​​នេះ​តទៅ និង​រហូត​ដល់​មាន​សេចក្តីសម្រេច​​ថ្មី ម៉ាលី​មិនអាច​ចូល​រួម ក្នុង​ជំនួប​ប្រជុំ​ថ្នាក់​ប្រមុខ​រដ្ឋ-រដ្ឋាភិបាល ជំនួបប្រជុំ​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី ​ឬជំនួប​ប្រជុំ​សភា​ថ្នាក់​តំបន់ ឬ​ថ្នាក់​រង​ទេ។ នេះ​បើ​តាម​ខ្លឹម​សារ​លម្អិត​នៃសេចក្តី​ថ្លែងការណ៍​រួម​ ក្រោយ​ការបិទជំនួប​ប្រជុំ។

​សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខាងលិច បាន​ជំរុញ​ឱ្យម៉ាលី ដែលកាន់​តែឯកា​ខ្លាំង ​តែង​តាំង​ភ្លាមនាយករដ្ឋមន្ត្រី​ថ្មីជាជនស៊ីវិល និង​ ​​គោរព​កាលបរិច្ឆេទ​នៃ​ផែនការ​នាំម៉ាលី​​ឆ្លង​អន្តរកាល ដោយ​ត្រូវ​រៀប​ចំការបោះឆ្នោត​ថ្មី​នៅ​ខែកុម្ភៈ​ឆ្នាំ២០២២។

សូមបញ្ជាក់​ថា ជំនួប​កំពូលវិសាមញ្ញ​​នៃ​ក្រុមប្រមុខ​រដ្ឋ-រដ្ឋាភិបាល​តំបន់​អាហ្វ្រិក​ បានរៀប​ចំ​​ឡើង​ក្រោយ​ពី​ក្រុមយោធា​​ម៉ាលី បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតីនិង​នាយករដ្ឋមន្ត្រី​ម៉ាលី​នៃ​រដ្ឋាភិបាល​អន្តរកាល​ ​ហើយ​បាន​តែង​តាំង​លោកឧត្តមសេនីយ៍ អាំស៊ីមី ហ្គ័យតា Assimi Goïta ជា​ប្រធានាធិបតីស្តីទី​វិញ​កាលពី​ថ្ងៃ​សុក្រ​ទី ២៨ឧសភា២០២១។ ហើយ​គឺ​ឧត្តមសេនីយ៍​ហ្គ័យតា នេះ​ដែលជាមេ​​ដឹកនាំ​​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​ម៉ាលី  Ibrahim Boubacar Keïta កាលពី​ខែ​សីហា​២០២០។

ប៉ុន្តែ​សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខាង​លិច​ មិន​បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ម៉ាលី​ទេ។ មានន័យ​ថា​លោក ហ្គ័យតា បាន​ទទួល​ជោគជ័យ​មួយ​ភាគ​ ដោយ​អាច​នៅ​កាន់​តួនាទី​ជា​ប្រធានាធិបតី​ស្តីទី​ម៉ាលី​ដដែល។ លោក ហ្គ័យតា រីករាយ​​នឹង​សេចក្តី​សម្រេច​របស់​សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខាង​លិច ហើយ​នឹង​បង្ហាញ​ទិសដៅ​ដឹកនាំ​ក្នុង​ពេល​​ឆាប់ៗ ដោយ​ត្រូវ​រក​ដំណោះស្រាយ​ជា​បន្ទាន់​ប្រឈម​នឹង​វិបត្តិ​ធំមួយ​ទៀត គឺ​ អសន្តិសុខ​នៅ​ក្នុង​ប្រទេស។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយសារព័ត៌មាន​ថ្ងៃ​អាទិត្យទី​៣០ឧសភា ប្រធានាធិបតី​បារាំង បានដាក់​សម្ពាធ​លើ​ម៉ាលី ដោយ​ព្រមាន​ដក​កងទ័ព​បារាំង​ចំនួន ៥១០០​នាក់​ពី​ចេញពី​ប្រតិបត្តិ ​ប្រយុទ្ធប្រឆាំងនឹងពួក​ភេរវនិយមក្នុង​តំបន់ (Barkhane​) ព្រោះ​មិន​ចង់​ការពារ​និងធ្វើ​ការ​ក្បែរ​ប្រទេសគ្មានប្រជាធិបតេយ្យ​និង​មិន​គោរព​អន្តរកាលនយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ