អានតួអត្ថបទ
យេម៉ែន-គ្រោះអត់ឃ្លាន

អង្គការ​សហប្រជាជាតិ​បង្ខំចិត្តកាត់​​បន្ថយ​ជំនួយ​ស្បៀង​អាហារ​ដល់យេម៉ែន

ដោយហេតុ​តែ​គ្មានមូលនិធិ​គ្រប់គ្រាន់ អង្គការ​សហប្រជាជាតិ បាន​បង្ខំ​ចិត្ត​ប្រកាស​ នៅ​ថ្ងៃពុធ​ទី ២២​ធ្នូ​នេះ កាត់​បន្ថយ​ជំនួយ​ជាស្បៀង​អាហារ​ ដល់យេម៉ែន។ ជាផលវិបាក ​ពលរដ្ឋយេម៉ែន ជា​ច្រើន​លាន​នាក់​ នឹង​ត្រូវ​ធ្លាក់​ក្នុង​​​គ្រោះទុរ្ភិក្ស​ និង​អត់​ឃ្លាន​រ៉ាំរ៉ៃ។

អង្គការ​សហប្រជាជាតិ​បង្ខំចិត្តកាត់​​បន្ថយ​ជំនួយ​ស្បៀង​អាហារ​ដល់យេម៉ែន
អង្គការ​សហប្រជាជាតិ​បង្ខំចិត្តកាត់​​បន្ថយ​ជំនួយ​ស្បៀង​អាហារ​ដល់យេម៉ែន AHMAD AL-BASHA AFP/File
ផ្សាយពាណិជ្ជកម្ម

ពីពេលនេះ​ដល់​ខែ​ឧសភា កម្មវិធី​ស្បៀងអាហារ​ពិភពលោក ត្រូវ​ការ​ថវិកា ៨១៣​លាន​ដុល្លារ សម្រាប់​បន្ត​ជំនួយ​​ដល់​ជន​ដែល​រង​គ្រោះ​ខ្លាំង​នៅយេម៉ែន។ នៅ​ឆ្នាំ​២០២២ អង្គការ​សហប្រជាជាតិ ត្រូវ​ការ​ជា​ចាំ​បាច់​ថវិកា​ចំនួន ១៩០០​លាន​ដុល្លារ ដើម្បី​អាច​បន្ត​ផ្តល់​អាហារ​ដល់​គ្រួសារ​ដែល​ប្រឈម​ខ្លាំង​នឹង​គ្រោះ​អត់​ឃ្លាន។ ជា​សរុប​ អង្គការ​សហប្រជាជាតិ​​ មាន​កម្មវត្ថុ​ប្រមូល​ថវិកាឱ្យ​បាន​​៣៨៥០​លាន​ដុល្លារ សម្រាប់​ធ្វើ​​ជំនួយ​​ជា​ស្បៀងអាហារ​​ដល់​ពលរដ្ឋយេម៉ែន ​ប៉ុន្តែ​អង្គការ​ទទួល​បាន​ពាក្យ​សន្យា​ផ្តល់ជំនួយ​ត្រឹម​តែ​១៧០០លាន​ដុល្លារ​ប៉ុណ្ណោះ។

ដូច្នេះ​ពេល​នេះ​ អង្គការ​សហប្រជាជាតិគ្មានប្រាក់គ្រប់គ្រាន់​ សម្រាប់​ធ្វើ​ជំនួយ​ជាស្បៀងអាហារ​ជួយ​ពលរដ្ឋយេម៉ែន​ជាង​១៣​លាន​នាក់​ ដែលត្រូវ​ការ​បាន​ទេ។ នេះ​បើ​តាម​​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក។ អង្គការ​បាន​បញ្ជាក់​ថា ចាប់​ពី​ខែមករា​២០២២​ទៅ ពលរដ្ឋយេម៉ែន​ ៨​លាន​នាក់​នឹង​ទទួល​ជំនួយ​ស្បៀងអាហារ​តិច​ជាង​មុន និង​មាន​តែប្រមាណ​ជាង​៥​លាន​នាក់ដែល​ធ្លាក់​ក្នុង​​​គ្រោះទុរ្ភិក្សហើយប៉ុណ្ណោះ ទើប​អាច​ទទួល​បាន​របបអាហារ​​ពេញបាន។

នៅក្នុង​ប្រទេស​ ដែល​៨០%​នៃ​ប្រជាជន​រស់រំពឹង​លើ​ជំនួយ​ស្បៀងអាហារ​ពី​អន្តរជាតិ​​ ការ​កាត់​បន្ថយ​ជំនួយ​នឹង​ជំរុញ​មានគ្រួសារ​ខ្លះ​ទទួល​បាន​របប​តែ​ពាក់កណ្តាល និងជា​ច្រើន​គ្រួសារ​ផ្សេង​​ទៀត​លែង​បាន​ទទួល​ជំនួយ​សោះ។ ប្រឈម​នឹង​ស្ថានភាព​នេះ ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ សន្និដ្ឋាន​ថា ​ពលរដ្ឋយេម៉ែនពាក់កណ្តាល​ប្រទេស(ជាង​១៦លាន​នាក់) ​នឹងត្រូវ​​រស់​ប្រឈម​នឹង​​ភាព​អត់​ឃ្លាន​រ៉ាំរ៉ៃ។

ក្រៅ​ពី​ខ្វះថវិកា ជំនួយ​មនុស្សធម៌ សម្រាប់ប្រជាពលរដ្ឋ​ស៊ីវិល ត្រូវ​ជួប​ភាព​យឺតយ៉ាវ និង​រអាក់រអួលខ្លាំង ដោយ​​អាកាសយានដ្ឋាន​ក្រុង​សាណា ត្រូវ​បិទ​​តាំងពី​ថ្ងៃអង្គារ​ទី ២១​ធ្នូ​មក ក្រោយ​ពី​មានការ​វាយប្រហារ​​ពី​សំណាក់ក្រុមសម្ព័ន្ធមិត្តដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត លើ​ពួក​ឧទ្ទាម​ហ៊ូទីដែលជា​អ្នក​​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិយេម៉ែន។ អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​ជា​ថ្មី ឱ្យ​គ្រប់​ភាគីកុំ​ប៉ះពាល់​ដល់​​ដំណើរ​អាកាសយានដ្ឋាន និងត្រូវ​បើក​អាកាសយានដ្ឋាន​ឡើង​វិញ ដើម្បី​ឱ្យ​ប្រតិបត្តិការ​មនុស្ស​ធម៌ អាច​បន្តសកម្មភាពរបស់​ខ្លួន​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ