អានតួអត្ថបទ

របាយការណ៍អង្គការសហប្រជាជាតិ៖ វិបត្តិកូវីដ​មិនបាន​ធ្វើ​ឲ្យ​ចំនួន​ជនភៀសខ្លួន ធ្លាក់ថយចុះ

វិបត្តិកូវីដ​បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​ក្នុងពិភពលោក​នៅឈរទ្រឹង ប៉ុន្តែ មិនបានធ្វើ​ឲ្យ​សង្រ្គាម ជម្លោះប្រដាប់អាវុធ​ធ្លាក់​ថយចុះ​នោះទេ។ ជា​លទ្ធផល ទោះ​ ពិភពលោក​កំពុងជួប​វិបត្តិកូវីដ ចំនួនជនភៀសខ្លួន និង​មនុស្ស​ផ្លាស់ទី ដោយសារ​សង្រ្គាម នៅតែបន្តកើនឡើង នៅ​ឆ្នាំ ២០២០។ តាម​របាយការណ៍​របស់​ឧត្តមស្នងការ​ទទួលបន្ទុកជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ ចំនួន​មនុស្សផ្លាស់ទី បានកើនឡើង​ដល់ ៨២លាននាក់ នៅក្នុង​ពិភពលោក ពោល គឺ​កើនឡើង ទ្វេដង បើប្រៀបធៀបនឹង​​តួលេខ កាលពី​១០ឆ្នាំមុន។

ជនភៀសខ្លួនពាក់ម៉ាស​ការពារ​កូវីដ នៅឈររង់ចាំ​ចាកចេញពីជំរំជនភៀសខ្លួន នៅ​កោះក្រិក នៅខែ​កញ្ញា ឆ្នាំ ២០២០
ជនភៀសខ្លួនពាក់ម៉ាស​ការពារ​កូវីដ នៅឈររង់ចាំ​ចាកចេញពីជំរំជនភៀសខ្លួន នៅ​កោះក្រិក នៅខែ​កញ្ញា ឆ្នាំ ២០២០ AP - Panagiotis Balaskas
ផ្សាយពាណិជ្ជកម្ម

នៅឆ្នាំ ២០២០ មនុស្ស ជាង​៨២លាននាក់ នៅក្នុង​ពិភពលោក ត្រូវផ្លាស់ទី ដោយបង្ខំ ដើម្បីគេ​ច​ចេញពី​សង្រ្គាម និង​ការធ្វើទុក្ខម្នេញ។ នៅ​២ថ្ងៃ​មុន​ទិវាជនភៀសខ្លួន ដែលត្រូវ​ប្រារព្ធ​នៅថ្ងៃទី ទី ២០​មិថុនា អង្គការ​សហប្រជាជាតិ​បាន​ចេញផ្សាយ របាយការណ៍​មួយ ដែល​បង្ហាញថា ទោះ​ពិភពលោក​កំពុង​ជួបវិបត្តិកូវីដ ចំនួន ជនភៀសខ្លួន មនុស្ស​ផ្លាស់ទី នៅតែ​កើនឡើង ក្នុង​រង្វង់ ជិត ៣លាននាក់ ក្នុងរយៈពេល ១ឆ្នាំ ២០២០។

សម្រាប់​ប្រធាន​ឧត្តមស្នងការ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ លោក Filippo Grandi នៅក្នុង​សម័យ​កូវីដ អ្វីៗ​បានឈប់ទ្រឹង ជាពិសេស សេដ្ឋកិច្ច។ ប៉ុន្តែ សង្រ្គាម ជម្លោះប្រដាប់អាវុធ អំពើហិង្សា រើសអើង និងការធ្វើទុក្ខបុកម្នេញ មិនបាន​ឈប់នៅទ្រឹង​នោះទេ។ តាំងពី​យេម៉ែន អាហ្វហ្កានីស្ថាន ស៊ីរី សូម៉ាលី និង​ភូមា ជម្លោះប្រដាប់អាវុធ​នៅតែបន្តមាន ដែលជាហេតុ​ធ្វើ​ឲ្យ​ចំនួន មនុស្ស​ផ្លាស់ទី និង​ជនភៀសខ្លួន​នៅតែ​បន្តកើនឡើង រហូត​ធ្វើ​ឲ្យ​ពិភពលោក មានជនភៀសខ្លួន​សរុប  ៨២លាន ៤សែននាក់ គឺ​កើនឡើង ទ្វេដង បើប្រៀបធៀប​នឹង​ឆ្នាំ ២០១១ ដែលមានចំនួន តែ ៤០លាននាក់។

អ្វីដែល​ធ្វើឲ្យគេរន្ធត់ចិត្តខ្លាំង គឺ ៤២%​នៃ​ជនភៀសខ្លួន និង​មនុស្ស​ផ្លាស់ទី ជា​ក្រុមយុវជន យុវតី ដែលមានអាយុ ក្រោម ១៨ឆ្នាំ។ សម្រាប់​ប្រធាន​ឧត្តមស្នងការ​ទទួល​បន្ទុកជនភៀសខ្លួន វា​ជា​សោកនាដកម្ម​ក្រៃលែង ដែលឃើញ​ក្មេង​រាប់លាននាក់ ក្នុងពិភពលោក កើតធំដឹងក្តី ក្នុងគ្រួសារ​ដែលនៅរស់​ត្រសាត់អណ្តែត គ្មាន​ជំរកផ្ទះពិតប្រាកដ។

នៅពេល​ចំនួន​ជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោន នៅប្រទេស​ទី​៣ ហាក់​នៅថេរ ដោយសារ​តែ​វិធានការ​បិទព្រំដែន បិទប្រទេស ដើម្បី​ទប់ស្កាត់​ការចម្លងមេរោគកូវីដ ចំនួនមនុស្ស​ផ្លាស់ទី ក្នុង​ប្រទេស មិនបាន​ឈប់ទ្រឹង​នោះទេ ព្រោះថា ជម្លោះប្រដាប់អាវុធ​នៅតែបន្តមាន ក្នុង​កាលៈទេសៈ កូវីដ ដូចជា​នៅ​ប្រទេស​ស៊ីរី អេត្យូពី ជាដើម។

ដូច​ស្ថានការណ៍ នៅ​ឆ្នាំ ២០១៩ ២ភាគ៣​នៃ ជនភៀសខ្លួន និង​មនុស្ស​ផ្លាស់ទី មានប្រភព​ចេញមកពី​ប្រទេស​៥ ដូចជា ស៊ីរី អាហ្វហ្កានីស្ថាន វ៉េណេស៊ុយអេឡា ស៊ូដង់ខាងត្បូង និង​ភូមា។ នៅក្នុងរយៈពេល ៧ឆ្នាំ​ជាប់គ្នា តួកគី ជាប្រទេស​ដែល​អនុញ្ញាត​ឲ្យ​មាន​ជំរំ​ដាក់​ជនភៀសខ្លួន ច្រើនជាងគេ​ក្នុងពិភពលោក ប្រមាណ ៣,៧លាននាក់។ កូឡុំប៊ី ទទួល​ជនភៀសខ្លួន ១,៧លាននាក់ ចំណែក​អាល្លឺម៉ង់ មាន ១,២លាននាក់។

ក្នុងកាលៈទេសៈ ដែល​ចំនួន​ជនភៀសខ្លួន​ចេះតែកើនឡើងមិនឈប់ ចំណែក ប្រទេស ជាច្រើន​នៅតែ​បិទទ្វារ​មិនស្វាគម​ជនភៀសខ្លួន​សង្រ្គាម ប្រធាន​ឧត្តមស្នងការ​ទទួលបន្ទុកជនភៀសខ្លួន អំពាវនាវ​ឲ្យ​មេដឹកនាំ​ក្នុង​ពិភពលោក លះបង់​ចោល ភាពអត្មានិយម និង​ងាក​មក​ជួយដោះស្រាយ បញ្ចប់​វិបត្តិជម្លោះ ប្រដាប់អាវុធ​ដែលជាប្រភពចំបង​ធ្វើ​ឲ្យ​មនុស្ស​ផ្លាស់ទី រត់ភៀសខ្លួន​ចាកចោលស្រុកកំណើត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ