អានតួអត្ថបទ
បារាំង-ម៉ាលី

ទំនាក់ទំនងរវាងប្រទេសបារាំង និងប្រទេសម៉ាលីបានធ្លាក់ដុនដាបកាន់តែខ្លាំង

នៅ​រសៀល​ថ្ងៃ​ចន្ទ ទី៣១ មករា រដ្ឋាភិបាល​អន្តរកាល​ក្នុង​ប្រទេស​ម៉ាលី​ដែល​ដឹកនាំ​ដោយ​ក្រុម​យោធា​បាន​សម្រេច​បណ្តេញ​ឯកអគ្គរដ្ឋទូត​បារាំង​លោក​ហ្សូអែល មេយ័រ​ចេញ​ពី​ប្រទេស។ លោក​មេយ័រ​មាន​រយៈពេល ៣ថ្ងៃ​ដើម្បី​ចាកចេញ​ពី​ប្រទេស​ម៉ាលី។ ទង្វើ​របស់​ម៉ាលី​ចំពោះ​បារាំង​ពេល​នេះ​ជា​សក្ខីកម្ម​ថ្មី​មួយ​ទៀត​ដែល​បញ្ជាក់​ពី​ទំនាក់ទំនង​រកាំរកូស​កាន់​តែ​ខ្លាំង​រវាង​ក្រុង​បាម៉ាកូ និង​ក្រុង​ប៉ារីស​តាំង​ពី​ប៉ុន្មាន​ខែ​កន្លង​មក។

ទំនាក់ទំនងរវាងប្រទេសបារាំង និងប្រទេសម៉ាលីបានធ្លាក់ដុនដាបតែខ្លាំង
ទំនាក់ទំនងរវាងប្រទេសបារាំង និងប្រទេសម៉ាលីបានធ្លាក់ដុនដាបតែខ្លាំង AP - Harandane Dicko
ផ្សាយពាណិជ្ជកម្ម

ការ​បណ្តេញ​ឯកអគ្គរដ្ឋទូត​បារាំង​លោក​ហ្សូអែល មេយ័រ​ចេញ​ពី​ម៉ាលី​ត្រូវ​បាន​របបសឹក​ម៉ាលី​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា មក​ពី​ខ្លួន​មិន​សប្បាយចិត្ត​នឹង​ការ​ថ្លែង​របស់​ប្រមុខ​ការទូត​បារាំង​លោក​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ាង់​ដែល​បាន​វាយប្រហារ និង​ប្រមាថ​ធ្ងន់ៗ​លើ​របបសឹក​ម៉ាលី​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ លោក​ឡឺឌ្រីយ៉ង់​បាន​ចាត់​ទុក​រដ្ឋអំណាច​អន្តរកាល​នៅ​ម៉ាលី​ដែល​កើត​ចេញ​ពី​រដ្ឋប្រហារ​យោធា​សព្វថ្ងៃ​ជា​រដ្ឋអំណាច​ខុស​ច្បាប់។ ក្រុង​បាម៉ាកូ​យល់​ថា ក្រុង​ប៉ារីស​មិន​អាច​រក្សា​ទុក​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ខ្លួន​មិន​ទទួល​ស្គាល់​ភាព​ស្របច្បាប់​នៃ​រដ្ឋអំណាច​របស់​ប្រទេស​នោះ​បាន​ទេ។

តែ​ក្នុង​ពេល​ជាមួយ​គ្នា ក្រុង​បាម៉ាកូ​ក៏​បាន​បញ្ជាក់​ពី​បំណង​ចង់​រក្សា​កិច្ចសន្ទនា និង​ចង់​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុម​ប្រទេស​ដៃគូ​អន្តរជាតិ​ទាង​អស់ ក្នុង​នោះ​ក៏​មាន​បារាំង​មួយ​ដែរ។ ខណៈ​នេះ បារាំង​នៅ​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​ខ្លាំងក្លា​អ្វី​ទេ និង​បាន​បញ្ជាក់​ត្រឹម​ពី​ការ​ឃើញ​សេចក្តីសម្រេច​របស់​រដ្ឋអំណាច​ម៉ាលី។ តែ​ប្រមុខ​ការទូត​អឺរ៉ុប​លោក​ហ្សូសេព បូរែល​បាន​យល់​ឃើញ​ថា ការ​សម្រេច​ចិត្ត​របស់​រដ្ឋអំណាច​ម៉ាលី​គ្មាន​ហេតុផល​ត្រឹមត្រូវ និង​បាន​ធ្វើ​ឲ្យ​ម៉ាលី​កាន់​តែ​ឯកោ។ មែនទែន​ទៅ ភាព​រកាំរកូស​រវាង​ក្រុង​ប៉ារីស និង​ក្រុង​បាម៉ាកូ​បាន​ចាប់​ផ្តើម​តាំង​ពី​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​ម៉ាលី​លោក​ប៊ូបាការ កីតា​ក្នុង​ខែ​សីហា ឆ្នាំ ២០២០ មក​ម្ល៉េះ។

តែ​ទំនាក់ទំនង​នេះ​បាន​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង​នៅ​ក្រោយ​រដ្ឋប្រហារ​យោធា​លើកទី២ ក្នុង​ខែ​ឧសភា ឆ្នាំ ២០២១។ នេះ​ក៏​ដោយសារ​ក្នុង​ខែ​មិថុនា ឆ្នាំ ២០២១ ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​ប្រកាស​ពី​ការ​ប្តូរ​យុទ្ធសាស្រ្ត​សម្រាប់​វត្តមាន​ទ័ពបារាំង​នៅ​តំបន់​សាហ៊ែល ពិសេស​ការ​បិទ​មូលដ្ឋានទ័ព​នៅ​គីដាល់ នៅ​តេសាលី និង​នៅ​តុមប៊ូទូ។ នាយករដ្ឋមន្រ្តី​ម៉ាលី​លោក​ស្ហូហ្គែល មៃហ្កា​មិន​បាន​សាទរ​នឹង​យុទ្ធសាស្រ្ត​ថ្មី​របស់​លោក​ម៉ាក្រុង និង​បាន​ចាត់​ទុក​ទង្វើ​របស់​លោក​ម៉ាក្រុង​ថា​ជា​ការ​បោះបង់​ចោល​ម៉ាលី​នៅ​កណ្តាល​ផ្លូវ។ លោក​ម៉ាក្រុង​ក៏​បាន​វាយបក​វិញ​នា​ពេល​នោះ​ដោយ​បាន​ចាត់​ទុក​លោក​មៃហ្កា​ជា​កូនក្មេង​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​ចំនួន ២ដង។

បន្ទាប់​មក​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០២១ លោក​ម៉ាក្រុង​បាន​លុប​ចោល​ដំណើរ​ទស្សនកិច្ច​ទៅ​ម៉ាលី​ក្រោម​ហេតុផល​ផ្លូវការ​វិបត្តិ​កូវីដ១៩។ តែ​តាម​ពិត​ទៅ​នោះ បារាំង​មិន​សប្បាយចិត្ត​នឹង​របបសឹក​ម៉ាលី​ដែល​បន្ត​អូសបន្លាយ​ការ​រៀបចំ​បោះឆ្នោត​ដើម្បី​ប្រគល់​អំណាច​ទៅ​ឲ្យ​ក្រុម​ស៊ីវិល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ