អានតួអត្ថបទ
ម៉ាលី

ក្រោយ​បារាំង​ប្រកាស​ដក​ខ្លួន​ចេញ យោធា​ម៉ាលី​បើក​ប្រតិបត្តិការ​បោស​សម្អាត​ពួកភេរវជន​ជីហាត

មាន​ទាហាន​ម៉ាលី​៨នាក់​បាន​ស្លាប់ នៅក្នុង​ប្រតិបត្តិផ្លូវអាកាស ដែល​កម្ចាត់​បាន​ពួក​ភេរវជន​ជិត​៦០នាក់​។ ជា​ប្រតិបត្តិការ​យោធា​ក្នុង​តំបន់​ភាគ​ខាង​ជើង​ប្រទេស ដែល​មាន​ជន​ស៊ីវិល​​យ៉ាង​ហោច​ណាស់​៤០​នាក់​បាន​ស្លាប់​ ក្នុង​សប្តាហ៍​នេះ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​អាជ្ញាធរ​យោធា​ម៉ាលី នៅ​ថ្ងៃ​ល្ងាច​ថ្ងៃសុក្រ​ទី ១៨​កុម្ភៈ។

ទាហាន​ម៉ាលី​នៅ​តំបន់​ភាគ​ខាង​ជើង​ជិត​តំបន់​ព្រំដែន​បី​ប្រទេស (រូបថត​តំណាង)
ទាហាន​ម៉ាលី​នៅ​តំបន់​ភាគ​ខាង​ជើង​ជិត​តំបន់​ព្រំដែន​បី​ប្រទេស (រូបថត​តំណាង) REUTERS/Joe Penney
ផ្សាយពាណិជ្ជកម្ម

កងទ័ព​អាកាស​ម៉ាលី​ បាន​បើក​ប្រតិបត្តិការ​កម្ចាត់​មូលដ្ឋាន​របស់​ពួក​ភេរវជន​ ដែល​មាន​ទីតាំង​នៅ​តំបន់​ព្រំដែន​ភាគ​ខាង​ជើង​ប្រទេស​ម៉ាលី​ជាប់​ជាមួយ​ប្រទេស​បួរគីណាហ្វាសូ និង​ប្រទេស​នីហ្សេ។ ប្រតិបត្តិការ​បន្ត​ដោយ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ហិង្សា​រហូត​មាន​ស្លាប់​ទាហាន​ម៉ាលី​៨នាក់ និង​ភេរវជន​៥៧នាក់។

អន្តរាគមន៍​យោធា​នេះ បាន​កើត​ឡើង​ដោយ​ចៃដន្យ នៅ​ពេល​កងកម្លាំង​ម៉ាលី​កំពុង​ធ្វើ​ល្បាត ដើម្បី​ធានា​សន្តិសុខ​និង​សុវត្ថិភាព​ដល់​ប្រជាជន​ ស្រាប់​តែ​ពើប​ប្រទះ​ក្រុមប្រដាប់​អាវុធ​គ្មាន​អត្តសញ្ញាណ​មួយ​ក្រុម ដែល​កំពុង​តាម​ស្វែង​រក​ស្រាប់​ នៅ​ចម្ងាយ​ប្រមាណ​ពី​បួន​ដប់​គីឡូម៉ែត្រ​ពីតំបន់មុំ​​ព្រំប្រទល់​បី​ប្រទេស​។

គឺ​តំបន់​ព្រំប្រទល់​បីប្រទេស​ម៉ាលី បួរគីណាហ្វាសូ និង​នីហ្សេ​នេះ​ហើយ​ ដែល​ក្នុង​អំឡុង​ពេល​តែ​បី​ថ្ងៃ នៃ​សប្តាហ៍​នេះ មាន​ជន​ស៊ីវិល​ចំនួន​យ៉ាង​ហោច​៤០នាក់​បាន​បាត់បង់​ជីវិត ដោយ​ស្នាដៃ​ពួកភេរវនិយម​​ប្រដាប់​អាវុធ​អ៊ីស្លាម​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​។ បើ​តាម​ប្រភពក្នុង​ស្រុក​​ផ្សេងៗ​ ពួក​ជីហាតរដ្ឋ​អ៊ីស្លាម បានកាប់​សម្លាប់​​ប្រជាពលរដ្ឋ​ ដោយ​ចាត់​ទុក​ជន​ស៊ីវិល​ទាំង​អស់​នោះ​ថា​បាន​ផ្សំ​គំនិត​ជា​មួយអាជ្ញាធរ (​ក្រុមប្រជែងរបស់ពួកវា)។

តំបន់​ប្រជុំ​ព្រំដែន​បី​ប្រទេស​ដែល​កងទ័ព​ម៉ាលី​កំពុង​ធ្វើ​ប្រតិបត្តិការ​នេះ ក៏​ស្ថិត​នៅ​ក្រោម​ការ​ការពារ​របស់​ទាហាន​បារាំង​ក្នុង​ក្របខ័ណ្ឌ​នៃ​បេសកកម្ម​Barkhane និង​កងកម្លាំងពិសេស​របស់​អឺរ៉ុប Takuba ព្រមទាំង​កងកម្លាំង​មួក​ខៀវ អង្គការ​សហប្រជាជាតិ ប្រចាំ​ម៉ាលី​ Minusma ដែរ។ ប៉ុន្តែ​បារាំង និង​ដៃគូ​អឺរ៉ុប ទើប​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៧​កុម្ភៈ ២០២២ ដក​កម្លាំង​របស់​ខ្លួន​ទាំង​ស្រុង​ចេញ​ពី​ម៉ាលី។ ការ​ដក​កងទ័ព​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ជា​ដំណាក់ៗ ដោយ​ប្រើ​ពេល​ពី​៤​ទៅ​៦​ខែ តែ​​រដ្ឋាភិបាល​យោធា​ម៉ាលី​ចង់​ឃើញ​បារាំង​ដើរ​ភ្លាម​តែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ