អានតួអត្ថបទ
បារាំង-ម៉ាលី

លោកម៉ាក្រុង៖បើគ្មានអន្តរាគមន៍យោធារបស់បារាំងក្នុងឆ្នាំ ២០១៣ រដ្ឋម៉ាលីត្រូវដួលរលំ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ កុម្ភៈ ប្រទេស​បារាំង និង​ប្រទេស​អឺរ៉ុប​ដៃគូ រួម​ទាំង​ប្រទេស​កាណាដា​បាន​សម្រេច​ជា​ផ្លូវការ​ពី​ការ​ដក​ទ័ព​ចេញ​ពី​ប្រទេស​ម៉ាលី។ គួរ​បញ្ជាក់​ថា​សព្វថ្ងៃ​នេះ បារាំង​មាន​ទ័ព​ប្រមាណ​ជា ៤៦០០នាក់​ប្រចាំ​នៅ​តំបន់​សាហ៊ែល​សម្រាប់​ប្រតិបត្តិការ​បារកាន ក្នុង​នោះ មាន ២៥០០នាក់​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ម៉ាលី។ តែ​ទោះ​ជា​បារាំង និង​ប្រទេស​ដៃគូ​អឺរ៉ុប​បាន​សម្រេច​ដក​ទ័ព​ចេញ​ពី​ម៉ាលី​ក៏​ដោយ​ក៏​ប្រតិបត្តិការ​បារកាន និង​តូគូបា​របស់​ទ័ព​អឺរ៉ុប​សម្រាប់​យុទ្ធនាការ​ប្រឆាំង​ភេរវនិយម​លើ​ទឹកដីអាហ្វ្រិក​នៅ​តែ​បន្ត​ទៅ​មុខ។ គ្រាន់​តែ​ថា គេ​លែង​ធ្វើ​ប្រតិបត្តិការ​ទ័ព​នៅ​ក្នុង​ទឹកដី​ម៉ាលី​ដូច​មុន និង​បន្ត​ធ្វើ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​៤ផ្សេង​ទៀត​ក្នុង​តំបន់​សាហ៊ែល។ តើ​វា​ជា​បរាជ័យ​របស់​បារាំង ឬ​ដែល​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​សម្រេច​ដក​ទ័ព​ចេញ​ពី​ម៉ាលី?។ លោក​ម៉ាក្រុង​បាន​ឆ្លើយ​ដោយ​ពន្យល់​ពី​មូលហេតុ​ដែល​បារាំង​បាន​ចូល​អន្តរាគមន៍​លើ​ម៉ាលី​កាល​ពី​ឆ្នាំ ២០១៣។

​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង
​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង AP - Ian Langsdon
ផ្សាយពាណិជ្ជកម្ម

« តើ​វា​នឹង​មាន​ព្រឹត្តិការណ៍​អ្វី​កើត​ឡើង ប្រសិន​បើ​បារាំង​មិន​បាន​ជ្រើស​យក​ផ្លូវ​ធ្វើ​អន្តរាគមន៍​លើ​ម៉ាលី​ទេ​នោះ។ ច្បាស់​ណាស់ បើ​បារាំង​មិន​អន្តរាគមន៍​ទេ អ្វី​ដែល​អស់​លោក​ទទួល​បាន​ដោយ​មិន​អាច​គេច​រួច គឺ​ការ​ដួលរលំ​រដ្ឋ​ម៉ាលី​ទាំង​មូល​តែ​ម្តង។ នេះ​ហើយ​ជា​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ពេល​នោះ។គេ​អាច​និយាយ​ពី​វាសនា​ចំនួន​ពីរ​ដែល​ម៉ាលី​អាច​ជួប​កាលណោះ  បើ​ជា​ស្ថានការណ៍​មិន​សូវ​អាក្រក់​ខ្លាំង ដែនដី​មួយ​ផ្នែក​របស់​ម៉ាលី​ត្រូវ​ធ្លាក់​ក្នុង​ដៃ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ តែ​បើ​ជា​ស្ថានការណ៍​អាក្រក់​ខ្លាំង​វិញ គឺ​ដែនដី​ម៉ាលី​ទាំង​មូល​ដែល​ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់​ពួក​ជីហាត​នេះ។

ក្នុង​ពេល​ជា​មួយ​គ្នា​ នៅ​មាន​វត្តមាន​របស់​សាខា​អង្គការ​ភេរវនិយម​អាល់កៃដា​ដែល​មាន​សមត្ថភាព​អាច​ធ្វើ​ដំណើរ​ចូល​ទីក្រុង​បាម៉ាកូ។ នេះ​ហើយ​ជា​ស្ថានការណ៍​របស់​ប្រទេស​ម៉ាលី​កាល​ពី​ឆ្នាំ ២០១៣។ ខ្ញុំ​បាន​ឮ​ការ​ពន្យល់​បកស្រាយ និង​ការ​រិះគន់​ផ្សេងៗ​គ្នា​ជា​ច្រើន។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ពី​ចំណុច​ដែល​យើង​បាន​ចេញ​ដំណើរនិង​អ្វី​ដែល​កំពុង​មាន​នា​ពេល​សព្វថ្ងៃ​នេះ​ទេ។ ខ្ញុំ​និយាយ​ប្រាប់​អស់​លោក​ដោយ​ស្មោះ​ត្រង់​ពី​អ្វី​ដែល​កំពុង​កើត​មាន​នៅ​ម៉ាលី​ពេល​នោះ។ តែ​គឺ​អន្តរាគមន៍​របស់​បារាំង​ទេ​តើ​ដែល​បាន​ធ្វើ​ឲ្យ​ម៉ាលី​ចៀស​ផុត​ពី​ព្រឹត្តការណ៍​ដ៏​អាក្រក់​កាល​ណោះ។

បន្ទាប់​មក កម្លាំង​ទាហាន​របស់​យើង​បាន​ទទួល​ជោគជ័យ​យ៉ាង​ច្រើន​ដូច​ជា​សម្លាប់​បាន​មេភេរជន Katibat El Forkane ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៩ ឬ​ក៏​មេភេរជន​របស់​ចលនា Aqmi Abdelmalek Droukdel ក្នុង​ខែ​មិថុនា ឆ្នាំ ២០២០។ ការ​ស្លាប់​មេភេរជន​ទាំង​ពីរ​នេះ រួម​ទាំង​មន្រ្តី​ជា​ច្រើន​រូប​ទៀត​បាន​ធ្វើ​ឲ្យ​ចលនា​របស់​ពួក​គេចុះ​ខ្សោយ និង​មិន​អាច​សម្រេច​បាន​នូវ​ផែនការ​វាយប្រហារ​ដែល​ពួក​គេ​បាន​ព្រាង​ទុក។ ឃើញ​ថា ស្ថានការណ៍​របស់​ក្រុម​ភេរវនិយម​សព្វ​ថ្ងៃ​នេះ មិន​ថា​នៅ​ប៉ែក​ខាង​ជើង​ម៉ាលី ឬ​នៅ​តំបន់​ព្រំដែន​ទាំង ៣ ទេ គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់ បើ​ធៀប​នឹង ៨ឆ្នាំ​មុន។ នេះ​ដោយសារ​តែ​ការងារ​របស់​បេសកកម្ម​ស៊ែរវ៉ាល់ បន្ទាប់​មក​បាកាន និង​ពី​ក្រុម​ដៃគូ​របស់​យើង​ទាំង​អស់ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ