អានតួអត្ថបទ

អង្គការ​រូបិយវត្ថុអន្តរជាតិ ​ផ្តល់​ជំនួយ​ ១៩១ លាន​ដុល្លារ​ដល់ សាធារណរដ្ឋអាហ្វ្រិកកណ្តាល

អង្គការរូបិយវត្ថុអន្តរជាតិ បាន​សម្រេចផ្តល់​​​ជំនួយ​ ក្នុង​តម្លៃ​ជា​ទឹកប្រាក់​ ១៩១ លានដុល្លារ ទៅ​ឲ្យ​សាធារណរដ្ឋ​អាហ្វ្រិកកណ្តាល ដើម្បី​ជួយ​គាំទ្រ​ប្រទេស​នេះ ឲ្យ​បញ្ចៀស​ចេញពី​«វិបត្តិ​មនុស្សធម៌»​។ នេះបើតាម​សេចក្តីថ្លែងការណ៍​មួយ​របស់ អង្គការរូបិយវត្ថុអន្តរជាតិ ចុះផ្សាយ​ថ្ងៃ​សុក្រ​ ទី២​៨​មេសា និង​ដែល​បញ្ជាក់ទៀត​ថា ​ប្រទេស​អាហ្វ្រិកកណ្តាល បាន​សន្យាធានា​ប្រើប្រាស់​កញ្ចប់​ថវិកានេះ ឲ្យ​«មាន​តម្លាភាព​»​។​ 

អង្គការ​រូបិយវត្ថុអន្តរជាតិ ​ផ្តល់​ជំនួយ​ ១៩១ លាន​ដុល្លារ​ដល់ សាធារណរដ្ឋអាហ្វ្រិកកណ្តាល​។
អង្គការ​រូបិយវត្ថុអន្តរជាតិ ​ផ្តល់​ជំនួយ​ ១៩១ លាន​ដុល្លារ​ដល់ សាធារណរដ្ឋអាហ្វ្រិកកណ្តាល​។ AP - Adrienne Surprenant
ផ្សាយពាណិជ្ជកម្ម

ជា​ដំណាក់​កាល​ដំបូង ក្រុម​ប្រឹក្សា​រដ្ឋបាល​នៃ​អង្គការរូបិយវត្ថុអន្តរជាតិ បាន​ផ្ទេរ​ទឹកប្រាក់​ចំនួន ១១,៣ លាន​ដុល្លារ ឲ្យ​អាហ្វ្រិកកណ្តាល ដើម្បី​ប្រទេស​នេះ ចាត់ចែង​ចំណាយ​ ជាអាទិភាព​ទៅលើ​វិស័យ​សាធារណៈ ដូច​ជា​វិស័យ​ សុខាភិបាល និង​អប់រំ។​ នៅក្នុងកញ្ចប់​កម្មវិធី​ជំនួយ​ ក៏​បាន​ចែក​ពីការ​ជួយ​គាទ្រំ ​ពង្រឹក​​ផ្នែក​​កិច្ចការ​រដ្ឋបាល ហិរញ្ញវត្ថុ​ និង ពន្ធ​ ជាដើម​ ។​

​ក្នុង​សេចក្តីថ្លែងការណ៍ ចៅហ្វាយ​រង នៃ​ អង្គការ​រូបិយវត្ថុអន្តរជាតិ លោក Kenji Okamura បាន​គូស​បង្ហាញថា សាធារណរដ្ឋអាហ្វ្រិកកណ្តាល ទទួល​រងគ្រោះ​ធ្ងន់ធ្ងរ​ពី​ជំងឺ​ឆ្លង​រាតត្បាល​សកល​ ជំងឺ​កូវីដ​១៩​។ ប្រទេស​នេះ  ជួប​បញ្ហា​អសន្តិសុខ​ជាខ្លាំង​នៅផ្ទៃ​ក្នុង​ប្រទេស​ ហើយ​និង ទទួល​ផលប៉ះពាល់អាក្រក់​​ពី​សង្គ្រាម​អ៊ុយក្រែន​ ថែមទៀត។ រីឯ បញ្ហា​​ខ្វះ​ស្បៀង​អាហារ ក៏​ចោទជា​ចំណោទខ្លាំងណាស់​ដែរ​​។ ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ ៥,៥ លា​ននាក់ គឺមាន​​ប្រជាជន​ ជាង ៣ លាននាក់ កំពុង​ខ្វះ​ស្បៀង និង​ត្រូវការ​ជំនួយ​សង្គ្រោះ​បន្ទាន់។​

បើតាម​អង្គការ​សហប្រជាជាតិ  សាធារណរដ្ឋអាហ្វ្រិកកណ្តាល ជាប្រទេសជាប់​លំដាប់​ថ្នាក់​​ទី២ ដែល​ក្រីក្រ​ជាង​គេ​លើពិភពលោក​។ ប្រទេសនេះ ​ធ្លាក់​ខ្លួន​ក្រីក្រខ្លាំង ព្រោះតែ​ សង្គ្រាម​ស៊ីវិល​ ដែល​​ អូស​បន្លាយ​ ជិត​ ១០ឆ្នាំ​ហើយ និងទើបតែ​បាន​ធូរស្រាល​បន្តិច នៅ២០១៨ ក៏ប៉ុន្តែ ជាអកុសល​ ២ ឆ្នាំក្រោយ​មក ការ​ផ្ទុះ​អាវុធ ចាប់​មាន​ជាថ្មី​។

​​ទុក្ខ​ជាន់​លើកទុក្ខ! សង្គ្រាម​ស៊ីវិល​ នៅស៊ូដង់ ផ្ទុះ​ឡើង​ពីរ​សប្តាហ៍​មកនេះ​ គឺធ្វើ​ឲ្យ​ពលរដ្ឋ​រត់​ភៀសខ្លួន ហើយ​មាន​មួយ​ចំណែក ក៏​បាន​ភៀសខ្លួន ចូលទៅ​ ​សាធារណរដ្ឋអាហ្វ្រិកកណ្តាល ដែរ​។ នៅថ្ងៃ​ព្រហស្បតិ៍ ការិយាល័យ​​សម្របសម្រួល​មនុស្សធម៌​របស់អង្គការ​សហប្រជាជាតិប្រចាំ​អាហ្វ្រិកកណ្តាល បញ្ជាក់​ថា មាន​ពលរដ្ឋ​ស៊ូដង់​ ប្រមាណ ​៣ ពាន់នាក់ ភៀសខ្លួន​ទៅ សាធារណរដ្ឋ ​អាហ្វ្រិកកណ្តាល ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ