អានតួអត្ថបទ
អាមេរិក-ទាហានស៊ីឈ្នួលរុស្ស៊ី

អាមេរិក​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន​ដែល​ផ្តល់​រូបភាពផ្កាយរណប​ដល់​ក្រុមទាហានស៊ីឈ្នួល​រុស្ស៊ី Wagner

ក្រសួងហិរញ្ញវត្ថុ​អាមេរិក កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ បាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​ក្រុមហ៊ុន​ទាហានស៊ីឈ្នួល​រុស្ស៊ី Wagner ដែល​អាមេរិក​ចោទ​ប្រកាន់​ថា កំពុងធ្វើសកម្មភាព​យោធាជួយ​រុស្ស៊ី ​នៅអ៊ុយក្រែន និង​នៅ​ទឹកដី អាហ្វ្រិក។ នៅក្នុងក្របខ័ណ្ឌ​នៃ​ការដាក់ទណ្ឌកម្ម ទៅលើ​ក្រុមហ៊ុន Wagner ក្រសួងហិរញ្ញវត្ថុ​អាមេរិក​បាន​ដាក់ទណ្ឌកម្ម​ផងដែរ​ទៅលើ​ក្រុមហ៊ុន​ចិនមួយ ក្នុងបទចោទប្រកាន់​ផ្គត់ផ្គង់​រូបភាពផ្កាយរណប​ស្តីពីភូមិសាស្រ្ត​អ៊ុយក្រែន ទៅ​ឲ្យក្រុមហ៊ុន ទាហាន​ស៊ីឈ្នួលរុស្សី Wagner។

អ្នកចង់ចូលមើល​ទីស្នាក់ការ​របស់ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner 'PMC Wagner Centre'ដែលបើកសម្ពោធ​នៅក្នុងទីក្រុង St. Petersburg នៅថ្ងៃទី ៤វិច្ឆិកា ២០២២​
អ្នកចង់ចូលមើល​ទីស្នាក់ការ​របស់ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner 'PMC Wagner Centre'ដែលបើកសម្ពោធ​នៅក្នុងទីក្រុង St. Petersburg នៅថ្ងៃទី ៤វិច្ឆិកា ២០២២​ AP
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ព្រហស្បតិ៍ ក្រសួងការបរទេស និងក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​ប្រកាស​ជាផ្លូវការ ចាត់​បញ្ចូល​ក្រុមទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner​ទៅក្នុង​បញ្ជី អង្គការឧក្រិដ្ឋកម្ម​ឆ្លងដែន។ ការដាក់​បញ្ចូល​ក្រុមទាហាន​ស៊ីឈ្នួល​រុស្ស៊ី ទៅក្នុង​​បញ្ជីខ្មៅ ជាផ្នែកមួយ​នៃ​ការដាក់ទណ្ឌកម្ម​របស់អាមេរិក ដែល​សំដៅប្រឆាំង​មន្រ្តី និង​ក្រុមហ៊ុន​រុស្ស៊ី ដែល​មានទំនាក់ទំនង​ជិតស្និទ្ធិ​នឹង​អំណាចពូទីន។

តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner បានប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ នៅ ទឹកដីអាហ្វ្រិក ដូចជា​ការប្រហារជីវិត​មនុស្ស​ដ៏ឃោឃៅ ការចាប់រំលោភ ការចាប់ជំរិត នៅ​អាហ្វ្រិកកណ្តាល នៅប្រទេស​ម៉ាលីជាដើម។

ក្រៅពី​ដាក់​បញ្ចូល​ក្រុមទាហាន​ស៊ីឈ្នួល​រុស្ស៊ី​ Wagner ទៅក្នុង​បញ្ជីខ្មៅ ក្រសួងហិរញ្ញវត្ថុអាមេរិក​បាន​ប្រកាសដាក់ទណ្ឌកម្ម​ថ្មី​ទៅក្រុមទាហាន​Wagner តាមរយៈ​ការផ្អឹបទុកទ្រព្យសម្បត្តិ ដែលក្រុមនេះ មាននៅក្នុងទឹកដីអាមេរិក។ ទណ្ឌកម្ម​ថ្មី នឹង​ហាមផងដែរ ជនជាតិអាមេរិក ផ្តល់ហិរញ្ញវត្ថុ ជំនួយ​សេវា​ដល់​ក្រុមហ៊ុន ទាហាន​ស៊ីឈ្នួល​រុស្ស៊ី។

នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ក្រុមទាហាន​ស៊ីឈ្នួល Wagner អាជ្ញាធរ​អាមេរិក​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​បរទេស​ពីរ ដែលបាន​ផ្តល់ជំនួយ​ដល់​ក្រុមទាហាន​ Wagner។

ទីមួយ គឺ​ក្រុមហ៊ុន​បច្ចេកវិទ្យា ចិន Changsha Tianyi Space​Science and Technology Research Institute ដែល​ក្រសួង​ហិរញ្ញវត្ថុអាមេរិក​ចោទប្រកាន់ថា បាន​ផ្តល់​រូបភាព​ផ្កាយរណប​ដែលបង្ហាញ ពី​ទីតាំងភូមិសាស្រ្ត​អ៊ុយក្រែន ទៅ​ឲ្យ​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner។ ក្រុមហ៊ុន​បរទេស​ទី​២​ដែលជាប់ទណ្ឌកម្ម​របស់ក្រសួងហិរញ្ញវត្ថុអាមេរិក គឺ​ក្រុមហ៊ុន​អាកាសចរណ៍ស៊ីវិល Kratol ដែលមានមូលដ្ឋាន​នៅប្រទេស​អេមីរ៉ាតអារ៉ាប់រួម ដែល​រងការចោទប្រកាន់របស់​អាមេរិក​ថា បានផ្តល់​យន្តហោះ​សម្រាប់​ដឹកជញ្ជូន​ទាហានស៊ីឈ្នួល​ Wagner ពី​អាហ្រ្វិកកណ្តាល ទៅម៉ាលី និងលីប៊ី។

បង្កើតឡើង​ដោយ​មហាសេដ្ឋី អេវហ្គេនី ព្រីហ្គោហ្ស៊ីន Evgueni Prigojine ដែល​កំពុង​ឡើង​​ឥទ្ធិពល​កាន់​តែខ្លាំង​នៅ​វិមានក្រេមឡាំង ក្រុមទាហាន​ស៊ីឈ្នួល​ Wagner​មាន​វត្តមាន​កាន់តែសកម្ម​នៅអ៊ុយក្រែន។ តាម​មន្ទីរបញ្ចកោន ក្រុម​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner​បាន​បញ្ជូន​កម្លាំង​ប្រមាណ​៥ម៉ឺន​នាក់​​ទៅប្រយុទ្ធ​​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ក្នុង​នោះ​១ម៉ឺននាក់​ជា​ទាហាន​ស៊ីឈ្នួល​ និង៤ ម៉ឺននាក់ ជា​ឧក្រិដ្ឋជន ជាប់ពន្ធនាគារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ