អានតួអត្ថបទ

ស៊ូដង់៖អង្គការសហប្រជាជាតិអំពាវនាវឲ្យចាត់វិធានការបញ្ឈប់ការសម្លាប់មនុស្សនៅតំបន់ដារហ្វួរ

នៅ​ថ្ងៃ​សៅរ៍ ទី២៤ មិថុនា ឧត្តមស្នងការដ្ឋាន​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ស្នើ​ឲ្យ​ចាត់​វិធានការ​ភ្លាម​ជា​បន្ទាន់​ដើម្បី​បិទបញ្ចប់​ការ​សម្លាប់​មនុស្ស​ដែល​ភៀសខ្លួន​ចេញ​ពី​តំបន់​ដារហ្វួរខាងកើត​ក្នុង​ប្រទេស​ស៊ូដង់។ តាម​ឧត្តមស្នងការដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ ការ​សម្លាប់​មនុស្ស​នេះ​ជា​ស្នាដៃ​របស់​កម្លាំង​ស្វាយត្រាន​អារ៉ាប់​ដែល​បាន​ជួយ​កម្លាំង​របស់​មេបញ្ជាការ​កង​អាវុធហត្ថ​ប្រតិបត្តិការរហ័ស​លោក​ហាំដាន ដាហ្កាឡូ។ គួរ​បញ្ជាក់​ថា ជាង ២ខែ​ដែល​ស៊ូដង់​បាន​ធ្លាក់​ក្នុង​ជម្លោះ​រវាង​ឧត្តមសេនីយ​ហាំដាន ដាហ្កាឡូ និង​ឧត្តមសេនីយ​ហ្វាតា អាល់ បួរ៉ាន​ដែល​ជា​អគ្គមេបញ្ជាការ​កងទ័ពជាតិស៊ូដង់។

អង្គការសហប្រជាជាតិអំពាវនាវឲ្យចាត់វិធានការបញ្ឈប់ការសម្លាប់មនុស្សនៅតំបន់ដារហ្វួរប្រទេសស៊ូដង់។
អង្គការសហប្រជាជាតិអំពាវនាវឲ្យចាត់វិធានការបញ្ឈប់ការសម្លាប់មនុស្សនៅតំបន់ដារហ្វួរប្រទេសស៊ូដង់។ AP
ផ្សាយពាណិជ្ជកម្ម

ឧត្តមស្នងការដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​សម្តែង​ក្តីបារម្ភ​ជា​ពន់ពេក​ចំពោះ​ព្រឹត្តិការណ៍​ដែល​កំពុង​បន្ត​កើត​មាន​នៅ​ក្នុង​ទីក្រុង El-Geneina របស់​រដ្ឋ​នៃ​តំបន់​ដារហ្វួរ​ខាងលិច​ក្នុង​ប្រទេស​ស៊ូដង់។ ព្រឹត្តិការណ៍​ដែល​ឧត្តមស្នងការដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​ចង់​និយាយ គឺ​ការ​សម្លាប់​មនុស្ស ពិសេស​សម្លាប់​បុរស​ជា​កុលសម្ព័ន្ធ Masalit  ដែល​បាន​ភៀសខ្លួន​ចេញ​ពី​ទីក្រុង El-Geneina និង​ពី​តំបន់​ទៅ​កាន់​ប្រទេស​ឆាដ​ក្បែរ​ខាង។ ឧត្តមស្នងការដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ទទួល​ព័ត៌មាន​នេះ​នៅ​ក្រោយ​ការ​សាកសួរ​ជនភៀសខ្លួន​ចំនួន ១៦នាក់​ដែល​បាន​រត់​ទៅ​ជ្រកកោន​ក្នុង​ប្រទេស​ឆាដ។

ចំណែក​ជន​ជនដៃដល់ គឺ​ពួក​ស្វាយត្រាន​អារ៉ាប់​ដែល​បាន​ជួយ​គាំទ្រ​កម្លាំង​របស់​មេបញ្ជាការ​កង​អាវុធហត្ថ​ប្រតិបត្តិការរហ័ស​លោក​ហាំដាន ដាហ្កាឡូ។ នៅ​ក្នុង​ន័យ​នេះ ឧត្តមស្នងការដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​អំពាវនាវ​ឲ្យ​ចាត់​វិធានការ​ភា្លមៗ​ដើម្បី​បិទបញ្ចប់​ទង្វើ​របស់​ពួក​ស្វាយត្រាន​អារ៉ាប់ និង​បាន​ស្នើ​ឲ្យ​មាន​ការ​ធានា​ចំពោះ​អ្នក​ដែល​ចង់​ភៀសខ្លួន និង​ការ​បើក​ផ្លូវ​ឲ្យ​ទីភ្នាក់ងារ​មនុស្សធម៌​អាច​ចូល​ទៅ​កាន់​តំបន់​ជម្លោះ​ដើម្បី​ប្រមូល​សាកសព។ គួរ​បញ្ជាក់​ថា តាំង​ពី​ថ្ងៃទី១៥ មេសា​ដែល​ស៊ូដង់​បាន​ធ្លាក់​ក្នុង​ជម្លោះ​រវាង​ឧត្តមសេនីយ​ពីរ​រូប គឺ​លោក​ហ្វាតា អាល់ បួរ៉ាន​ដែល​ជា​អគ្គមេបញ្ជាការ​កងទ័ពជាតិ និង​លោក​ហាំដាន ដាហ្កាឡូ​ដែល​ជា​មេបញ្ជាការ​កង​អាវុធហត្ថ​ប្រតិបត្តិការរហ័ស។

ជម្លោះ​រវាង​ឧត្តមសេនីយ​ជើងខ្លាំង​ទាំង​ពីរ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ២ ០០០នាក់ និង​មាន​អ្នក​បម្លាស់ទី​ក្នុង​ស្រុក និង​អ្នកភៀសខ្លួន​ចេញ​ពី​ស្រុក​កំណើត​សរុប​ជាង ២លាន ២សែន​នាក់។ គ្រាន់​នៅ​ក្នុង​ទីក្រុង El-Geneina តែ​មួយ និង​បើ​គិត​តាំង​ពី​ដើមសប្តាហ៍ មាន​មនុស្ស​ចំនួន ១ ១០០នាក់​ត្រូវ​បាន​សម្លាប់។ ក្រៅ​ពី​ឃាតកម្ម​សម្លាប់ និង​ការ​ប្រើ​អំពើហិង្សា​ផ្សេងៗ​ក៏​មាន​ការ​ប្រើ​ភាសា​ឲ្យ​មាន​ការ​ស្អប់ខ្ពើម​ទៅ​លើ​អ្នកភៀសខ្លួន​ចេញ​ពី​ទីក្រុង El-Geneina ដែរ។ ប្រឈម​នឹង​ព្រឹត្តិការណ៍​នៅ​ទីក្រុង El-Geneina មួយ​នេះ ឧត្តមស្នងការដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​កង​អាវុធហត្ថ​ប្រតិបត្តិការរហ័ស​ឲ្យ​ចូល​អន្តរាគមន៍​បិទបញ្ចប់​ជា​បន្ទាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ