អានតួអត្ថបទ
បារាំង-នីហ្សេ

បារាំងព្រមានវាយតបវិញ បើសិនមានការវាយប្រហារលើប្រជាជន ផលប្រយោជន៍បារាំង​នៅនីហ្សេ

ប្រទេស​នីហ្សេ ៤ថ្ងៃក្រោយរដ្ឋប្រហារយោធា មនុស្សរាប់ម៉ឺននាក់បានលើកគ្នា​ធ្វើបាតុកម្ម​តវ៉ា នៅមុខ​ស្ថានទូតបារាំង ក្នុងរដ្ឋធានី នីអាម៉េ កាលពីថ្ងៃអាទិត្យ។ ក្រោមការអំពាវនាវ​របស់​ចលនាស៊ីវិល​M៦២ ដែលធ្លាប់ចេញមុខ​ប្រឆាំង​បេសកកម្មយោធា របស់បារាំងឈ្មោះ បាកាន នៅ​តំបន់សាហែល បាតុករ​នីហ្សេ ស្រែកទាមទារ​ឲ្យ​បារាំង​ចាកចេញ​ពីប្រទេស​នីហ្សេ ចំណែក​មួយចំនួនទៀតដណ្តើមគ្នាដកស្លាកឈ្មោះស្ថានទូត ដើម្បីជំនួសវិញ ដោយទង់ជាតិរុស្ស៊ី។ នៅថ្ងៃអាទិត្យ វិមានប្រធានាធិបតីបារាំងព្រមានចាត់វិធានការឆ្លើយតបភ្លាមៗ មិនអាច​ប្រកែកបាន ក្នុង​ករណីដែល​មានការវាយប្រហារ​លើជនជាតិបារាំង​នៅ​នីហ្សេ។

បាតុករនីហ្សេលើកទង់ជាតិរុស្ស៊ី​នៅក្នុងពេល​ធ្វើបាតុកម្ម​ប្រឆាំង នៅមុខស្ថានទូតបារាំង​ក្នុងទីក្រុង​នីអាម៉េ នៅថ្ងៃអាទិត្យទី ៣០ កក្កដា ២០២៣
បាតុករនីហ្សេលើកទង់ជាតិរុស្ស៊ី​នៅក្នុងពេល​ធ្វើបាតុកម្ម​ប្រឆាំង នៅមុខស្ថានទូតបារាំង​ក្នុងទីក្រុង​នីអាម៉េ នៅថ្ងៃអាទិត្យទី ៣០ កក្កដា ២០២៣ AP - Sam Mednick
ផ្សាយពាណិជ្ជកម្ម

នៅមុខ​ស្ថានទូតបារាំង ស្ថិតនៅ​ចំកណ្តាល​រដ្ឋធានី​នីអាម៉េ បាតុករ​នីហ្សេ​រាប់ម៉ឺននាក់​បាន​ប្រមូលផ្តុំគ្នា​ធ្វើ​បាតុកម្ម លើកបដា ស្រែកតវ៉ា ទាមទារ​ឲ្យកម្លាំងទ័ពលោកខាងលិច​ចាកចេញពី​ប្រទេស​នីហ្សេ។ បាតុករមួយចំនួន​ព្យាយាមផ្លោះរបងចូលស្ថានទូត ចំណែក មនុស្សមួយក្រុម​ប្រើ​កម្លាំង​ដក​ស្លាក​ឈ្មោះស្ថានទូតបារាំង យកទៅជាន់ឈ្លីលើថ្នល់ មុននឹងដាក់ជំនួស​ដោយ​ទង់ជាតិ​រុស្ស៊ី។ បាតុករខ្លះទៀត គប់ដុំថ្ម​សំដៅ​អគារស្ថានទូតបារាំង​មុននឹងត្រូវ​ឆ្មាំការពារជាតិ​នីហ្សេ​បាញ់ផ្សែង​បង្ហូរទឹកភ្នែក បំបែកក្រុមបាតុកម្ម។

សម្រាប់ប្រជាជន​នីហ្សេ ដែលចេញធ្វើបាតុកម្ម​ទៅតាម​ការអំពាវនាវ​របស់​ចលនាស៊ីវិល M៦២ ដែលជាចលនា​ប្រឆាំងបេសកកម្ម​យោធា​របស់​បារាំង នៅនីហ្សេ ដែលជាផ្នែកមួយ​នៃតំបន់​សាហែល គេ​ប្រឆាំង​ដាច់ខាត ការលូកដៃ​របស់​បារាំង នៅក្នុង​កិច្ចការផ្ទៃក្នុងនីហ្សេ។

ប្រតិកម្ម​ទៅនឹង​ការធ្វើបាតុកម្ម នៅមុខ​ស្ថានទូតនៅរដ្ឋធានី នីអាម៉េ វិមានអេលីហ្សេ កាលពីថ្ងៃ​អាទិត្យ​ចេញសេចក្តីថ្លែងការណ៍ ដែលនៅក្នុង​នោះ ប្រធានាធិបតី​បារាំង លោកម៉ាក្រុង​អះអាងថា នឹងមិនអត់ឱន​ឲ្យដាច់ខាត​រាល់​ការវាយប្រហារ​លើ​ផលប្រយោជន៍​របស់​បារាំង នៅនីហ្សេ។ តាម​វិមានប្រធានាធិបតីបារាំង បារាំងនឹង​ចាត់វិធានការតបភ្លាមៗ ដាច់ខាត ក្នុងករណីមានការវាយប្រហារ​ទៅលើ​ប្រជាជន កងទ័ព និងក្រុមហ៊ុនបារាំង ក្នុង​ប្រទេស​នីហ្សេ។

នៅនីហ្សេ អតីតប្រទេស​ក្រោមអាណានិគម និង​ជា​ប្រទេស​សម្ព័ន្ធមិត្ត​អាហ្រ្វិក​ចុងក្រោយ របស់បារាំង សម្រាប់​បេសកកម្ម​យោធា​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម នៅតំបន់​សាហែល បារាំង​មាន​ប្រជាជន​របស់ខ្លួន ពី ៥០០ ទៅ ៦០០នាក់ និងមានទាហាន​ប្រចាំការ ១៥០០នាក់។ ដូច​អាមេរិក និង​សហភាពអឺរ៉ុប បារាំង​ប្រកាស​កាលពីថ្ងៃ​សៅរ៍ ផ្អាក​ជំនួយ​សម្រាប់​នីហ្សេ នៅក្រោយ​រដ្ឋប្រហារយោធា​ផ្តួលរដ្ឋាភិបាល​ស៊ីវិល កាលពីយប់ថ្ងៃពុធទី ២៦កក្កដា។

៤ថ្ងៃក្រោយ​ធ្វើរដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល​ស៊ីវិល របស់​លោក​ប្រធានាធិបតី​បាហ្ស៊ូម របបសឹកនីហ្សេ ដឹកនាំ​ដោយ​អតីត​ប្រធាន​អង្គរក្ស​ប្រធានាធិបតី គំរាមថា ខ្លួន​ប្រឆាំង​ដាច់ខាត​នឹង​ការធ្វើ​អន្តរាគមន៍យោធា​ពីខាងក្រៅ។ ថ្កោលទោស​ការធ្វើរដ្ឋប្រហារយោធា​នៅនីហ្សេ ក្រុមប្រទេស​អាហ្វ្រិក​ខាងលិច បានបើកជំនួបកំពូលបន្ទាន់ នៅ​ប្រទេស​នីហ្សេរីយ៉ា មុន​នឹង​ចេញសេចក្តីសម្រេចរួម ទាមទារ​ឲ្យ​កងទ័ព​ដោះលែងប្រធានាធិបតី និង​ស្តាររដ្ឋាភិបាល​ស៊ិវិលឡើងវិញ។ នៅក្នុង​សេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យ មេដឹកនាំរបស់​សហគមន៍សេដ្ឋកិច្ច​អាហ្វ្រិកខាងលិច ចំនួន ១៥ប្រទេស ដែលមាន​នីហ្សេ ជាសមាជិក ហៅកាត់ជាភាសា​បារាំង Cedeao បានដាក់កំហិត ៧ថ្ងៃ​ឲ្យយោធា ប្រគល់អំណាច ទៅ​ឲ្យលោកប្រធានាធិបតី បាហ្ស៊ូម បើសិនមិន​ចង់​រង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ការ​ចាត់វិធានការខ្លាំង ដែលនៅក្នុងនោះ មានផងដែរ ការប្រើកម្លាំងយោធា។ សេចក្តីសម្រេច​របស់​Cedeao ចែងផងដែរ​ពីការផ្អាក​ការដោះដូរពាណិជ្ជកម្ម និងហិរញ្ញវត្ថុ រវាង​ប្រទេស​សមាជិក​ជាមួយ​ប្រទេស​នីហ្សេ និង​ការផ្អឹបរាល់ទ្រព្យសម្បត្តិ​របស់ពួកយោធា​ដែលចូលរួម​ធ្វើរដ្ឋប្រហារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ