អានតួអត្ថបទ

អ្នកតំណាងរាស្រ្ត​អង់គ្លេសសំដែង​ទុក្ខសោក នៅថ្ងៃ​ចុងក្រោយនៅ​សភាអឺរ៉ុប

ថ្ងៃសុក្រ ទី ៣១​មករា ២០២០ ជាថ្ងៃ​ចុងក្រោយ​ដែល​អ្នកតំណាងរាស្រ្ត​អង់គ្លេស មាន​វត្តមាន ធ្វើការ នៅ សភា​អឺរ៉ុប ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក។ សូមបញ្ជាក់ថា កាលពី​២ថ្ងៃ​មុននេះ សភាអឺរ៉ុប​បាន​បោះឆ្នោត ជា​ឯកច្ឆន្ទ ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ស្តីពីការដកខ្លួន​របស់អង់គ្លេស​ពី​រង្វង់​សហភាពអឺរ៉ុប។ នៅក្នុង​អង្គប្រជុំ​របស់សភា អ្នកតំណាងរាស្រ្ត​អឺរ៉ុប​បាន​សំដែង​ថា វា​គ្រាន់តែ​ជាការបែកគ្នា​មួយរយៈ ប៉ុន្តែ មិនលាគ្នា​រហូត​នោះទេ។ សម្រាប់​អ្នកតំណាងរាស្រ្ត​អង់គ្លេស ដែល​គាំទ្រ ចង់​ឲ្យ​អង់គ្លេស​ជាសមាជិក​អឺរ៉ុប វាជា​ការឈឺចាប់ ដែល​អង់គ្លេស លែង​មាន​សំឡេង​តទៅទៀត នៅ​ក្នុង​រង្វង់​សហភាពអឺរ៉ុប។ យើងស្តាប់​លោកស្រីCaroline Voaden សមាជិក​ក្រុម​សេរី ប្រជាធិបតេយ្យ ថ្មី នៅ​ក្នុង​សភាអឺរ៉ុប ដែល​បាន​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុបារាំង​អន្តរជាតិ RFI 

សមាជិកសភាអឺរ៉ុប​ប្រតិកម្ម​នៅក្រោយ​សភា​បោះឆ្នោត​ផ្តល់សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នៃការដើរចេញរបស់អង់គ្លេស​ពីសហភាពអឺរ៉ុប កាលពីថ្ងៃទី ២៩​មករា ២០២០
សមាជិកសភាអឺរ៉ុប​ប្រតិកម្ម​នៅក្រោយ​សភា​បោះឆ្នោត​ផ្តល់សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នៃការដើរចេញរបស់អង់គ្លេស​ពីសហភាពអឺរ៉ុប កាលពីថ្ងៃទី ២៩​មករា ២០២០ ©REUTERS/Yves Herman/Pool
ផ្សាយពាណិជ្ជកម្ម

“សម្រាប់ពួកយើង វា​ជា​ទុក្ខព្រួយ​ដ៏ជ្រាលជ្រៅ។ ប៉ុន្តែ ពេល​ដឹងថា ចាកចេញ​ពី​សភាអឺរ៉ុប នឹង​ធ្វើ​ឲ្យ​អង់គ្លេស​លែង​មាន​សំឡេង នៅក្នុង​សហភាពអឺរ៉ុប តទៅទៀត នោះ គឺរឹតតែ​ជា​ទុក្ខសោក ក្នុង​កម្រិត​មួយ​ទៀត ដែល​មិន​អាច​រៀបរាប់​បាន។ វាជា​រឿង​កំសត់​មួយ សម្រាប់​ប្រទេស​របស់ខ្ញុំ។ ខ្ញុំគិត​ថា វា​ជា​កំហុស​ដ៏ធ្ងន់ធ្ងរ​មួយ។ គេ​មិនគួរ រៀបចំ ការបោះឆ្នោត​ប្រជាមតិ កាល​ពី​ឆ្នាំ ២០១៦ទេ។ ប្រាកដណាស់ នឹង​មាន​ការងារ​ដ៏​ពិបាក នៅ​ចំពោះមុខ​យើង។ ជា​ឆ្នាំ ដែល​ស្មុគស្មាញ។ វាមិន​ងាយស្រួល​ដូចគេ​និយាយ​ទេ ដែល​ថា គេ​អាច​ដកខ្លួន​ចេញ​ពី​សហភាពអឺរ៉ុប ហើយ​ភ្លាមៗ អាចទទួល​បាន​ឯករាជ្យ​ម្ចាស់ការនោះ។

ខ្ញុំគិត​ថា អង់គ្លេស​និង​សហភាព​អឺរ៉ុប មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹងគ្នា​ណាស់។ ទំនាក់ទំនង​នេះ មានប្រវត្តិ​តាំង ពី ៤០​ឆ្នាំមក​ហើយ។ យើង​នឹង​ត្រូវ​ធ្វើការ​ជាមួយគ្នា។ គេត្រូវ​ធ្វើការ​ជាមួយ​គ្នា នៅក្នុង​សំណុំរឿង​អាកាសធាតុ ពន្ធដា ភេរវកម្ម អន្តោប្រវេសន៍ជាដើម។ រឿងទាំងអស់នេះ អង់គ្លេស​មិនអាច​ធ្វើ​តែម្នាក់បានទេ។ គេ​ត្រូវ​បន្ត សហប្រតិបត្តិការ​បែបនេះ បន្តទៅទៀត។”

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ