អានតួអត្ថបទ
បារាំង

បារាំងនឹងបញ្ជូនទ័ព៦០០នាក់បន្ថែមទៅតំបន់សាហ៊ែល

រដ្ឋមន្ត្រីក្រសួងការពារ​ជាតិបារាំង លោកស្រី Florence Parly បាន​ប្រកាស​ ​ នៅ​ថ្ងៃអាទិត្យ ទី ២​កុម្ភៈ ២០២០ ថា បារាំង​នឹងពង្រឹង​ប្រតិបត្តិការបារកាន (Barkhane)។ បារាំង​នឹង​​​បញ្ជូន​កង​ទ័ព​​ ចំនួន ៦​០០​នាក់ បន្ថែមទៀត ​ទៅ​ជួយ​ក្រុម​យោធា​ដែល​កំពុង​បំពេញ​ប្រតិបត្តិការ​នៅ​តំបន់​​សាហ៊ែល Sahel ប្រឆាំង​នឹង​ពួក​ជីហាត។ យោធា​​បន្ថែម​នឹង​ទៅ​ដល់​សមរភូមិ យ៉ាង​យូរនៅ​ចុង​ខែកុម្ភៈ។

ទី​បញ្ជាការ​​កងទ័ព​ G5 Sahel នៅក្រុង​ Sevaré ប្រទេស​ម៉ាលី
ទី​បញ្ជាការ​​កងទ័ព​ G5 Sahel នៅក្រុង​ Sevaré ប្រទេស​ម៉ាលី AFP / Sebastien Rieussec
ផ្សាយពាណិជ្ជកម្ម

​កងកម្លាំង​ទ័ព​បន្ថែម ដែល​ភាគ​ច្រើន ជា​កងទ័ព​ជើង​គោក មួយ​ភាគ​ធំ​នឹង​ទៅធ្វើ​ប្រតិបត្តិការនៅ​​តាម​បណ្តោយ​ព្រំដែនដែល​ជា​ចំណុច​ប្រសព្វ​​បី​ប្រទេស (ម៉ាលី បួរគីណាហ្វាសូ និង​នីហ្សេ)។ មួយ​ចំណែក​ទៀត នឹង​ចុះ​ទៅ​សមរភូមិ​ប្រយុទ្ធ​​​ដោយ​ផ្ទាល់​ជាមួយ​កង​កម្លាំង​សម្ព័ន្ធ​អន្តរជាតិ G៥Sahel។ ​ក្រៅ​អំពី​បន្ថែម​កងទ័ព បារាំង​ក៏នឹង​បញ្ជួន​ ​រថក្រោះ រថពាសដែក​ធុន​ធ្ងន់ ធុន​ស្រាល ជា​ង​មួយ​រយគ្រឿង ព្រមទាំង​គ្រឿង​ភស្តុភារ​ដ៏ច្រើន​ ទៅ​ជា​មួយ​ទៀត។ ជា​សរុប កង​កម្លាំង​ប្រតិបត្តិការបារកាន នឹង​មាន​ចំនួន​ឡើង​ដល់ ៥១០០​នាក់។ ជាមួយ​នឹង​ចំនួន​នេះ បារាំង​សង្ឃឹម​ថា នឹង​អាច​យក​​ប្រៀបលើ​ពួកឧទ្ទាម​ភេរវកម្ម​ជីហាតបាន។

សូម​បញ្ជាក់​ថា នារយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ពួក​ប្រដាប់​អាវុធ​ជីហាត បាន​បង្កើន​សកម្មភាព​វាយប្រហារយ៉ាង​ខ្លាំង ជា​ហេតុ​ធ្វើ​ឱ្យ​តំបន់​សាហ៊ែល ក្លាយ​តំបន់​អស្ថិរភាព​ខ្លាំង សម្រាប់​ជនស៊ីវិល និង​បាន​ធ្វើ​កង​ទ័ព​មូលដ្ឋាន​បរាជ័យ​ជា​បន្តបន្ទាប់។ បារាំង​បាន​ថែម​ទាំង​បាត់​បង់​ជីវិត​ទាហាន១៣​រូប​ផង កាលពី​ខែ​វិច្ឆិកា២០១៩។ បរាជ័យ​និង​អសន្តិសុខ បាន​ធ្វើ​ឱ្យ​មតិសាធារណៈ​អាហ្វ្រិក​រិះគន់​​កាន់​តែ​ខ្លាំង​ឡើង​ៗ វត្តមាន​កងទ័ព​បរទេស​។

តាំង​ពី​ពេល​នោះ​មក ប៉ារីស បាន​ប្តេជ្ញា​ផ្តល់​សន្ទុះ​ថ្មី​ដល់​ប្រតិបត្តិការ​។ លោក​ប្រធានាធិបតី បាន​ប្រកាស​កាលពី​ខែ​មករា ក្នុង​ឱកាសជំនួប​កំពូល​នៃ​ក្រុម៥​ប្រទេសនៅអាហ្វ្រិក (នីហ្សេ ម៉ាលី បួគីណា ឆាដ និង​ម៉ូរីតានី) បញ្ជូន​​​ទាហាន ២២០​នាក់ ពោល​គឺ​ឱ្យ​ឡើង​​គ្រប់​ដល់​៦០០​នាក់ ទៅ​ជួយ​កងកម្លាំងសម្ព័ន្ធ​អន្តរជាតិ​នៅ​អាហ្វ្រិក ហៅ​កាត់​ថា ​បារកាន។

ក្រៅ​ពី​បារាំង ឆាដកំពុង​រង់​ចាំ​ការ​ព្រមព្រៀង​ពី​សភា ដើម្បី​​បញ្ជូន​ទាហាន​ ចំនួន​៦០​នាក់​បន្ថែម​ទៀត​ដែរ។ ប្រទេស​​សមាជិក​សហភាព​អឺរុប​ផ្សេង​ទៀត ក៏​នឹង​អាចធ្វើ​តាម​បារាំង​និង​ឆាដ​ ជា​បន្ត​បន្ទាប់។ រដ្ឋមន្ត្រីការពារ​ជាតិ​បារាំងបាន​ទៅ​បញ្ចុះ​បញ្ចូល​សហរដ្ឋ​អាមេរិក​កុំ​ឱ្យ​បោះបង់​ប្រតិបត្តិការ​ប្រឆាំង​ពួក​ជីហាត​នៅ​អាហ្វ្រិក ប៉ុន្តែ​ពុំ​ទាន់​បាន​ចម្លើយ​ទេ។

នៅ៦​ខែ​ក្រោយ បារាំង​នឹងចេញ​​របាយការណ៍​វាយ​តម្លៃ​អំពី​លទ្ធផល​នៅ​លើ​សមរភូមិ ក្រោយ​មាន​កម្លាំង​បន្ថែម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ