អានតួអត្ថបទ
កូរ៉ូណាវីរុស-អឺរ៉ុប

សហភាពអឺរ៉ុបកោះប្រជុំវិសាមញ្ញ ស្តីពីកូរ៉ូណាវីរុស

បន្ទាប់​ពី​មាន​ករណី​ឆ្លង​លើ​ពលរដ្ឋ​អង់គ្លេស​៤​នាក់​ថ្មី​ទៀត ក្រុង​ឡុងដ៍ បាន​ប្រកាស​ចាត់​ទុក កូរ៉ូណាវីរុស ថា​ជា​ការ​គំរាមកំហែង​សុខភាព​សាធារណៈ​ដ៏​ធ្ងន់ធ្ងរ និង​បន្ទាន់​។ ចំណែក​នៅ​សហភាព​អឺរ៉ុបវិញ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អឺរ៉ុប បាន​ប្រកាស​រៀប​ចំ​ជំនួប​​ប្រជុំ​វិសាមញ្ញ នៅ​ថ្ងៃព្រហស្បតិ៍​ទី ១៣​កុម្ភៈ នៅ​ទីក្រុង​ព្រុចសែល​ ដើម្បី​ពិភាក្សា​រក​វិធានការ​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា​ថ្មី លើ​ទឹកដី​សហភាព​អឺរ៉ុប។

មណ្ឌល Milton Keynes ​ទទួល​អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី ឱ្យ​នៅ ដាច់​ដោយឡែកពី​គេ នៅអង់គ្លេស
មណ្ឌល Milton Keynes ​ទទួល​អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី ឱ្យ​នៅ ដាច់​ដោយឡែកពី​គេ នៅអង់គ្លេស ISABEL INFANTES / AFP
ផ្សាយពាណិជ្ជកម្ម

ជំនួប​ប្រជុំវិសាមញ្ញ ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលអឺរ៉ុប ដែល​​បាន​ការ​ចូ​លរួម​ពី​សំណាក់​តំណាង​អង្គការ​សុខភាព​ពិភពលោកម្នាក់ផង នឹង​ជជែក​រក​មធ្យោបាយរួម ក្នុង​ការ​ប្រយុទ្ធ​​ប្រឆាំង​នឹងការ​រីករាលដាល​នៃ​​កូរ៉ូណាវីរុស។

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អាល្លឺម៉ង់ ក្នុង​ជំនួប​ជាមួយ​សមភាគីបារាំង កាលពី​ថ្ងៃទី ៤​កុម្ភៈ បាន​​អំពាវនាវ​រួច​ហើយ​ឱ្យ​អឺរ៉ុប សម្រេច​ចាត់​វិធានការ ថ្នាក់​អឺរ៉ុប រឹត​បន្តឹង​ការ​​ត្រួត​ពិនិត្យ​ព្រំដែន ​និង​​​ហាមឃាត់​មិន​ឱ្យចូល​នូវ​រាល់​​អ្នក​​ដែល​មិន​មែន​ជា​ពលរដ្ឋ​រស់​នៅ​លើ​ទឹកដី​អឺរ៉ុប​ ធ្វើ​ដំណើរមក​ចិន។ ជា​វិធានការ​ដែល​សហរដ្ឋ​អាមេរិក​​បាន​អនុវត្ត​ធ្វើ​ហើយ​ តែ​អឺរ៉ុប​​​​ចាំបាច់ត្រូវ​ជួបពិគ្រោះ​ជា​មួយ​សមាជិក​សហភាពសិន​។ នៅ​ថ្ងៃព្រហស្បតិ៍​ រដ្ឋមន្ត្រីសុខាភិបាល​អឺរ៉ុប ក៏​នឹង​ត្រូវផ្តោះប្តូរ​យោបល់ និង​ពិភាក្សា​គ្នា​ផង​ដែរ រក​ដំណោះស្រាយ​ ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ការ​រាតត្បាត​នៃ​កូរ៉ូណា​វីរុស​លើ​ទឹក​ដី​អឺរ៉ុប។​

សូម​បញ្ជាក់ថា កូរ៉ូណាវីរុស​បាន​សម្លាប់​ជីវិត​មនុស្ស​ ​៩០៩​នាក់ និងបាន​ចម្លង​លើ​មនុស្ស​​ជាង​បួន​ម៉ឺននាក់ ​នៅ​ក្នុង​ប្រទេស​ចិន។ នៅ​អឺរ៉ុប មានការ​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​ចំនួន ៣៣​ករណី ក្នុងនោះ​​១៤​ករណី​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ និង​១១​នាក់​នៅ​ក្នុង​​ប្រទេស​បារាំង។

អង់គ្លេស ដែល​ទើប​ចាក​ចេញ​ពី​អឺរ៉ុប​ មាន​ករណី​ឆ្លង​កូរ៉ូណាវីរុសឡើង​សរុប ៨​នាក់​។ នៅ​ថ្ងៃចន្ទ​ទី​១០កុម្ភៈ ក្រោយ​ពី​ទទួល​ដំណឹង​ថា​មាន​ករណីឆ្លង​មេរោគ​កូរ៉ូណា បួន​ករណី​បន្ថែម​ទៀតភ្លាម ​ក្រុង​ឡុងដ៍​បាន​ដំឡើង​សំឡេង រឹត​បន្តឹង​វិធានការ ប្រកាស​ចាត់​ទុក​​កូរ៉ូណាវីរុស ជា​ការ​គំរាមកំហែង​សុខភាព​សាធារណៈ​បន្ទាន់ និង​យ៉ាងធ្ងន់ធ្ងរ។

សេចក្តី​សម្រេច​របស់​អង់គ្លេស និង​សេចក្តី​ប្រកាស​បើក​ប្រជុំ​របស់​សហភាព​អឺរ៉ុប ធ្លាក់​មកជួន​ចំពេល​ដែល​អង្គការ​សុខភាព​ពិភពលោក បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ អំពី​ករណី​ឆ្លង​វីរុស​កូរ៉ូណា នៅក្រៅ​ទឹក​ដី​ចិន និងលើ​អ្នក​​ដែលមិន​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន។ អង្គការ​ក៏​បាន​​បាន​អំពាវនាវ​ឱ្យ​គ្រប់​ប្រទេស​រិះរក​​មធ្យោបាយ​ និង​យុទ្ធសាស្ត្រ​ បិទ​ខ្ទប់​ យ៉ាងណា​កុំ​ឱ្យ​វីរុស​កូរ៉ូណា​ចូល​ទៅ​រាតត្បាត​ក្នុង​ប្រទេសរបស់​ខ្លួន​​បាន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ