អានតួអត្ថបទ

តុលាការហូឡង់ផ្តើមជំនំជម្រះលើជនសង្ស័យ ៤នាក់ក្នុងរឿងបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី M១៧ ក្នុងឆ្នាំ ២០១៤

ចាប់​ពី​ថ្ងៃ​ចន្ទ ទី៩ មីនា តុលាការ​ក្នុង​ទីក្រុង​អាំស្ទែដាំ ប្រទេស​ហូឡង់​ផ្តើម​សវនាការ​កាត់ទោស​លើ​ជនសង្ស័យ​ចំនួន ៤នាក់​ក្នុង​រឿង​ផ្ទុះ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​ដែល​មាន​ជើង​ហោះហើរ​លេខ MH១៧ នៅ​ប៉ែក​ខាងកើត ប្រទេស​អ៊ុយក្រែន​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៤។ គ្រោះថ្នាក់​កាល​ណោះ​បាន​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ជិះ​ក្នុង​យន្តហោះ​ទាំង ២៩៨នាក់​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ហូឡង់។ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង ៤នាក់ មាន ៣នាក់​ជា​ជនជាតិ​រុស្ស៊ី និង​ម្នាក់​ជា​ជនជាតិ​អ៊ុយក្រែន។ តែ​គ្មាន​ជនសង្ស័យ​ណា​ម្នាក់​បង្ហាញ​មុខ​នៅ​ក្នុង​សវនាការ​ពេល​នេះ​ទេ។

ក្រុមព្រះរាជអាជ្ញាហូឡង់បើក​សវនាការ​កាត់ទោស​លើ​ជនសង្ស័យ​ក្នុង​សំណុំរឿងបាញ់​យន្តហោះម៉ាឡេស៊ី MH17
ក្រុមព្រះរាជអាជ្ញាហូឡង់បើក​សវនាការ​កាត់ទោស​លើ​ជនសង្ស័យ​ក្នុង​សំណុំរឿងបាញ់​យន្តហោះម៉ាឡេស៊ី MH17 REUTERS - PIROSCHKA VAN DE WOUW
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៤ ដែល​កាល​ណោះ យន្តហោះ​ម៉ាឡេស៊ី​ដែល​មាន​ជើង​ហោះហើរ​លេខ MH១៧ បាន​ហោះ​ចេញ​ពី​ទីក្រុង​អាំស្ទែដាំ ប្រទេស​ហូឡង់​ទៅ​កាន់​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។ តែ​បាន​រង​ការ​បាញ់កម្ទេច​នៅ​ពី​លើ​អាកាស​ស្ថិត​ប៉ែកខាង​កើត ប្រទេស​អ៊ុយក្រែន​ដែល​ជា​តំបន់​របស់​ក្រុម​បះបោរ​គាំទ្រ​រុស្ស៊ី។ អ្នកដំណើរ​ទាំង ២៩៨នាក់ ក្នុង​នោះ​មាន​ជនជាតិ​ហូឡង់​ចំនួន ១៩៦នាក់​បាន​ស្លាប់​ទាំង​អស់​គ្មាន​សល់​ម្នាក់។ រដ្ឋាភិបាល​រុស្ស៊ី​បាន​ចេញ​មុខ​បញ្ជាក់​ថា ខ្លួន​មិន​មាន​ជាប់ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​នោះ​ទេ។ តាំង​ពី​ពេល​នោះ​មក និង​ក្រោយ​ពី​រុស្ស៊ី​បាន​រាំរាំង​មិន​ឲ្យ​បង្កើត​តុលាការ​អន្តរជាតិ​ដើម្បី​ស៊ើបអង្កេត​មក ប្រទេស​អ៊ុយក្រែន អូស្រា្តលី ម៉ាឡេស៊ី បែលហ្ស៊ិក និង​ហូឡង់​បាន​រួម​គ្នា​បើក​ការ​ស៊ើបអង្កេត​ដោយ​ឯកភាព​យក​ច្បាប់​ហូឡង់​ធ្វើ​ជា​មូលដ្ឋាន។

ក្រុម​អ្នកស៊ើបអង្កេត​ដែល​ដឹកនាំ​ដោយ​ហូឡង់​បាន​ចំណាយ​ពេល​ស៊ើបអង្កេត​ជា​ច្រើន​ឆ្នាំ មុន​នឹង​ចេញ​ដីកា​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​រុស្ស៊ី ៣នាក់ និង​អ៊ុយក្រែន​ម្នាក់។ ជនសង្ស័យ​ទាំង ៤នាក់​ត្រូវ​បាន​ក្រុម​ព្រះរាជអាជ្ញា​ហូឡង់​ចោទ​ពី​បទ​បាន​នាំ​គ្រាប់មីស៊ីល​ពី​រុស្ស៊ី​ទៅ​កាន់​តំបន់​បះបោរ​គាំទ្រ​រុស្ស៊ី​ស្ថិត​ប៉ែកខាងកើត​អ៊ុយក្រែន ហើយ​គ្រាប់មីស៊ីល​នោះ​ត្រូវ​បាន​ប្រើ​ដើម្បី​បាញ់​ទៅ​លើ​យន្តហោះ​ម៉ាឡេស៊ី MH១៧។ តែ​ជនសង្ស័យ​ទាំង ៤នាក់​នឹង​គ្មាន​វត្តមាន​នៅ​ក្នុង​ដំណើរការ​កាត់ទោស​ពេល​នេះ​ទេ ព្រោះ​រុស្ស៊ី​បាន​បដិសេធ​មិន​បញ្ជូន​ជនជាតិ​រុស្ស៊ី​ជាប់ចោទ​ទាំង ៣នាក់ ហើយ​ជនជាតិ​អ៊ុយក្រែន​ម្នាក់​ក៏​មិន​មាន​វត្តមាន​ដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ជនជាប់ចោទ​ទាំង ៤នាក់​នឹង​កាត់ទោស​ក្នុង​បទ​ឃាតកម្ម​សម្លាប់​មនុស្ស​ដែល​អាច​ជាប់​ក្នុង​ពន្ធនាគារ​អស់​មួយ​ជីវិត។

ក្រៅ​ពី​ជនជាប់​ចោទ​ទាំង ៤នាក់​ដែល​ជា​អ្នក​នាំ​គ្រាប់មីស៊ីល​ពី​រុស្ស៊ី​ទៅ​កាន់​តំបន់​បះបោរ​គាំទ្រ​រុស្ស៊ី​នៅ​ប៉ែកខាងកើត ប្រទេស​អ៊ុយក្រែន ក្រុម​អ្នកស៊ើបអង្កេត​ក៏​កំពុង​បន្ត​ស្វែង​វែក​មុខ​ជន​ដែល​បាន​បាញ់​គ្រាប់មីស៊ីល​ទៅ​លើ​យន្តហោះ​ម៉ាឡេស៊ី MH១៧។ ក្រុម​អ្នកស៊ើបអង្កេត​យល់​ថា អ្នក​ដែល​បាន​អនុវត្ត​ផែនការ​ផ្ទាល់​ដៃ​ជា​ក្រុម​ទាហាន​ដែល​មាន​បទពិសោធន៍​ធ្លាប់​បាញ់​គ្រាប់មីស៊ីល។ គេ​ត្រូវ​រង់ចាំ​ជាង ៥ឆ្នាំ​ទើប​មាន​សវនាការ​មួយ​អាច​ចាប់​ផ្តើម​បាន​ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ទាំង ២៩៨នាក់។ តែ​សវនាការ​មួយ​នេះ​អាច​នឹង​ប្រើ​ពេល​យូរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ