អានតួអត្ថបទ

ការឆ្លងរីករាលដាល កូវីដ-១៩៖ អឺរ៉ុបប្រកាសបិទព្រំដែនរយៈពេល៣០ថ្ងៃ

សហភាពអឺរ៉ុប​ប្រកាស​បិទព្រំដែន​រយៈពេល​៣០​ថ្ងៃ ដើម្បី ទប់ស្កាត់​ការឆ្លងរីករាលដាល​មេរោគ​កូរ៉ូណា ដែល​រហូតមកដល់​ពេលនេះ បាន​សម្លាប់មនុស្ស ជាង ៦ពាន់នាក់ ក្នុងទូទាំង​ពិភពលោក។ សម្រាប់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប វិធានការ​បិទព្រំដែន​រង្វង់​សហភាពអឺរ៉ុប ចាប់ពីថ្ងៃ​អង្គារ ទី ១៧មីនា មាន​គោលដៅ​ផងដែរ ដើម្បី​សម្រាលបន្ទុក ប្រព័ន្ធ​សុខាភិបាល​របស់​បណ្តាប្រទេស​អឺរ៉ុប។

ប្រធានគណៈកម្មការអឺរ៉ុប និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ប្រកាស​ពី​វិធានការ​បិទព្រំដែន​សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទទី ១៦ មីនា ២០២០
ប្រធានគណៈកម្មការអឺរ៉ុប និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ប្រកាស​ពី​វិធានការ​បិទព្រំដែន​សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទទី ១៦ មីនា ២០២០ REUTERS - JOHANNA GERON
ផ្សាយពាណិជ្ជកម្ម

សហភាពអឺរ៉ុប ដែល​មាន​សមាជិក ២៨​ប្រទេស ដោយ​រាប់ទាំង​អង់គ្លេស​ផង នឹង​បិទ​ព្រំដែន​របស់ខ្លួន ជា​លើកទី១ ក្នុង​ប្រវត្តិសាស្រ្ត​របស់ខ្លួន ដើម្បី​ទប់ស្កាត់​ការឆ្លង​រីករាលដាល​កូរ៉ូណាវីរុស។ នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​ចន្ទ នៅទីក្រុង​ព្រុចស៊ែល ប្រធាន​គណៈកម្មការ​អឺរ៉ុប បាននិយាយ​ថា សហភាពអឺរ៉ុប​ នឹង​បិទ​ព្រំដែន​ជា​ណ្តោះអាសន្ន​រយៈពេល ៣០​ថ្ងៃ និងអាច​ពន្យារ​ពេល​បន្ថែម​ទៀត បើសិន​ចាំបាច់។

តាម ប្រធាន​គណៈកម្មការ​អឺរ៉ុប វិធានការ​បិទព្រំដែន នឹង​អនុវត្ត​ទៅលើ​ប្រជាជន​ដែលធ្វើដំណើរ​មកពី​ប្រទេស ក្រៅរង្វង់ សហភាព​អឺរ៉ុប ចំណែក មន្រ្តីទូត បុគ្គលិក​សុខាភិបាល ដូចជា​គ្រូពេទ្យ និង​ការដឹកជញ្ជូន ទំនិញ ថ្នាំពេទ្យ នៅតែ​អាច​បន្ត​ចរាចរ​ដូច​ធម្មតា។

នៅក្នុង​សុន្ទរកថា​ថ្លែង​ទៅកាន់​ប្រជាជន​បារាំង កាលពី​យប់​ថ្ងៃ​ចន្ទម្សិលមិញ ប្រធានាធិបតី បារាំង ដែល​ជា​អ្នកជំរុញ​ឲ្យ​មានការបិទព្រំដែន​សហភាពអឺរ៉ុប បាន​លម្អិត​ថា ព្រំដែន​របស់​សហភាព​អឺរ៉ុប​ទាំងមូល នឹង​ត្រូវបិទ ចាប់បិទ​ពី​ម៉ោង ១២​ថ្ងៃត្រង់ នៅថ្ងៃ​អង្គារនេះ ប៉ុន្តែ ព្រំដែន​នៅតែ​បើក​ជាពិសេស សម្រាប់​ទទួល​ជនជាតិ​បារាំង ក៏ដូចជា​ប្រជាជន​របស់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុបផ្សេងទៀត ដែល​ប្រាថ្នា​ចង់​ត្រលប់​ចូល​ប្រទេស វិញ។

ដោយ​ប្រកាស​បិទ​ព្រំដែន​សហភាព​អឺរ៉ុប ចាប់ពី​ថ្ងៃ​អង្គារ​នេះ​តទៅ គណៈកម្មការ​អឺរ៉ុប​កំពុង​ស្តារ​មុខមាត់​របស់ខ្លួន​មកវិញ បន្ទាប់ពី​រងការរិះគន់ ថា យឺតយ៉ាវ មិនព្រម​ចាត់វិធានការ ទប់ស្កាត់​ការរីករាតត្បាត​មេរោគកូរ៉ូណា។ នៅមុន​វិធានការ​បិទព្រំដែន​សហភាព​អឺរ៉ុប​ទាំងមូល ប្រទេស​សមាជិក អឺរ៉ុប​មួយចំនួន​បាន​ចាត់វិធានការ​ដាច់​ដោយឡែក រៀងៗ​ខ្លួន ដូចជា​ប្រទេស​អូទ្រីស​ដែល​បាន​បិទព្រំដែន​មិន​អនុញ្ញាត​ឲ្យ​អ្នកដែលធ្វើដំណើរ​មកពីប្រទេស​អ៊ីតាលី ចូល​ទឹកដី​របស់ខ្លួន។ អាល្លឺម៉ង់ នៅ​ដើម​សប្តាហ៍នេះ ក៏​ទើប​បាន​ប្រកាស​រឹតបន្តឹង ត្រួតពិនិត្យ នៅតាម​ព្រំដែន​របស់ខ្លួន ជាមួយ​ប្រទេស​ជិតខាង​របស់ខ្លួន​ផងដែរ។

សូមរំលឹកជូន​ថា វិធានការ​បិទព្រំដែន របស់​សហភាពអឺរ៉ុប ធ្វើឡើង បន្ទាប់​ពី​អង្គការ​សុខភាព​ពិភពលោក​បាន​ចាត់ទុក អឺរ៉ុប ថា ជា​កន្លែង​រីករាលដាល​កូរ៉ូណាវីរុស ថ្មី នៅ​ក្រៅប្រទេស​ចិន។ អ៊ីតាលី បាន​ក្លាយ​ជា​ប្រទេស​ធំទី​២ បន្ទាប់​ពី​ប្រទេស​ចិន ដេល​មាន​ករណី​ឆ្លងមេរោគកូរ៉ូណា​កើនឡើង​ខ្លាំង ដល់ ជាង ២៨ ០០០នាក់ និង​មនុស្ស​ស្លាប់ជាង ២ពាន់នាក់។ អេស្ប៉ាញ បានក្លាយ​ជា​ប្រទេស​សំខាន់ទី២ នៅអឺរ៉ុប បន្ទាប់ពី​អ៊ីតាលី ជាមួយ​នឹង​ករណី​ឆ្លង ជាង ៩ពាន់​ករណី ដែល​ក្នុងនោះ​មនុស្ស ចំនួន ៣០៩​នាក់ បាន​ស្លាប់​ដោយសារ​កូរ៉ូណាវីរុស។ នៅ​អេស្ប៉ាញ ករណី​មនុស្ស​ឆ្លងមេរោគ កូវីដ ១៩​មានចំនួន​ដល់​ទៅ ១៥០០នាក់ ក្នុង​រយៈពេល ២ថ្ងៃ។ នៅ​ប្រទេស​បារាំង អាជ្ញាធរ​បាន​លើក​ឡើង​ពី​ស្ថានភាព​ឆ្លង​រីករាលដាល​កូរ៉ូណាវីរុស ដ៏លឿន និង​គួរព្រួយបារម្ភ ព្រោះថា បារាំង​ពេលនេះ មានអ្នកស្លាប់​ដោយសារ​កូរ៉ូណាវីរុស ដល់ ១៤៨នាក់ និង​មនុស្ស​ជិត ៦ពាន់​នាក់ ឆ្លង​មេរោគកូរ៉ូណា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ