អានតួអត្ថបទ
អង់គ្លេស-Covid-១៩

អង់គ្លេសប្តេជ្ញាយកឈ្នះសង្រ្គាមប្រឆាំង Covid-១៩ ដែលនឹងអាចសម្លាប់មនុស្សរាប់ពាន់នាក់

នៅ​ក្នុង​ប្រទេស​អង់គ្លេស លោក​នាយករដ្ឋមន្រ្តី​បូរីស ចនសុន​បាន​ប្រកាស​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​នា​ថ្ងៃ​អង្គារ ទី១៧ មីនា​ថា អង់គ្លេស​កំពុង​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​ជំងឺ Covid-១៩ ហើយ​អង់គ្លេស​ត្រូវ​តែ​ឈ្នះ​សង្រ្គាម​មួយ​នេះ។ ការ​ប្រកាស​របស់​លោក​ចនសុន​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ប៉ាទ្រីក វ៉ាឡង់​ដែល​ជា​ទីប្រឹក្សា​វិទ្យាសាស្រ្ត​របស់​លោក​បាន​ថ្លែង​ថា មាន​ប្រជាជន​អង់គ្លេស​ជា​ច្រើន​ពាន់នាក់​នឹង​ត្រូវ​ស្លាប់​ដោយ​ជំងឺ Covid-១៩។ គួរ​បញ្ជាក់​ថា​គិត​ត្រឹម​ថ្ងៃ​អង្គារ ទី១៧ មីនា អង់គ្លេស​មាន​មនុស្ស​ស្លាប់​ដោយ​ជំងឺ Covid-១៩ ចំនួន ៥៥នាក់ និង​អ្នក​ឈឺ​ចំនួន ១ ៩៥០នាក់។

HEALTH-CORONAVIRUS/BRITAIN
HEALTH-CORONAVIRUS/BRITAIN REUTERS - SIMON DAWSON
ផ្សាយពាណិជ្ជកម្ម

លោក​ប៉ាទ្រីក វ៉ាឡង់​មិន​បាន​បញ្ជាក់​ពី​ចំនួន​ពិត​ប្រាកដ​នៃ​អ្នក​ត្រូវ​ស្លាប់​ដោយ​ជំងឺ Covid-១៩ ទេ តែ​គ្រាន់​បញ្ជាក់​ថា រដ្ឋអំណាច​អង់គ្លេស​សង្ឃឹម​អាច​ទប់​មិន​ឲ្យ​មាន​អ្នក​ស្លាប់​លើស​ពី ២០ ០០០នាក់។ « បើ​យើង​អាច​រក្សា​ទប់​ចំនួន​អ្នក​ស្លាប់​នៅ​ក្រោម ២០ ០០០នាក់ គឺ​ពិត​ជា​លទ្ធផល​ពេញ​ចិត្ត​ដូច​ដែល​យើង​សង្ឃឹម​ទុក។ ទោះ​ជា​យ៉ាង​នេះ​ក្តី ពិត​ជា​រន្ធត់​ខ្លាំង​ណាស់ ព្រោះ​ជា​តួលេខ​ដ៏​សម្បើម និង​ជា​ការ​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​សេវា​សុខភាព​របស់​យើង » នេះ​ជា​ចម្លើយ​របស់​លោក​ប៉ាទ្រីក វ៉ាឡង់​ទៅ​កាន់​គណៈកម្មការសភា​ដែល​សួរ​លោក​ជុំវិញ​ចំនួន​មនុស្ស​ស្លាប់​ជា​យថាហេតុ​ដោយ​ Covid-១៩។

ពិត​ណាស់​គិត​ត្រឹម​ថ្ងៃ​អង្គារ ទី១៧ មីនា អង់គ្លេស​ទើប​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ Covid-១៩ ចំនួន ៥៥នាក់ និង​អ្នក​ឈឺ​ចំនួន ១ ៩៥០នាក់ តែ​បើ​តាម​របៀប​គន់គូរ​តាម​បែប​វិទ្យាសាស្រ្ត​របស់​លោក​ប៉ាទ្រីក វ៉ាឡង់ ចំនួន​ករណី​ឆ្លង​ពិត​ប្រាកដ​មាន​ជិត ៥៥ ០០០នាក់។ ដោយឡែក បើ​ផ្អែក​តាម​របាយការណ៍​របស់ Imperial College of Londres ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​យប់​ថ្ងៃ​ចន្ទ ទី១៦ មីនា ចំនួន​មនុស្ស​ស្លាប់​ដោយ Covid-១៩ នៅ​អង់គ្លេស​អាច​មាន​ដល់​ទៅ ៥១០ ០០០នាក់ និង​មាន​អ្នក​ឆ្លង​ចំនួន ៨១% នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប បើ​រដ្ឋាភិបាល​គ្មាន​វិធានការ​ទប់ស្កាត់​អ្វី​ទេ។ តែ​បើ​រដ្ឋាភិបាល​ចាត់​វិធានការ​ស្រាលៗ​ដូច​ពេល​នេះ ចំនួន​មនុស្ស​ស្លាប់​អាច​ធ្លាក់​មក​នៅ​ត្រឹម ២៦០ ០០០នាក់។

គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ​ដែល​នាយករដ្ឋមន្រ្តី​លោក​បូរីស ចនសុន​បាន​ថ្លែង​ទៅ​កាន់​រដ្ឋមន្រ្តី​របស់​លោក​ថា អង់គ្លេស​កំពុង​ស្ថិត​ក្នុង​សង្រ្គាម​ប្រឆាំង​នឹង Covid-១៩ ហើយ​អង់គ្លេស​នឹង​ត្រូវ​តែ​ឈ្នះ​សង្រ្គាម​មួយ​នេះ។ តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល រដ្ឋាភិបាល​នឹង​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច ពិសេស​គាំទ្រ​រោងចក្រ សហគ្រាស​នៅ​ក្នុង​គ្រា​ដ៏​លំបាក​ដោយ Covid-១៩ ហើយ​វិធានការ​លំអិត​នឹង​ត្រូវ​ប្រកាស​នៅ​សប្តាហ៍​ក្រោយ។ គួរ​រម្លឹក​ថា​នៅ​ក្នុង​សន្និសីទកាសែត​នា​ថ្ងៃ​ចន្ទ ទី១៦ មីនា លោក​ចនសុន​បាន​ត្រឹម​អំពាវនាវ​ឲ្យ​គ្រប់​គ្នា​ផ្អាក​ការ​ទាក់ទង​មិន​សំខាន់​ជាមួយ​អ្នក​ផ្សេង លើក​ពេល​ប្រារព្ធ​ពិធី​ផ្សេងៗ ឬ​មួយ​ក៏​​ផ្អាក​ការ​ដើរហើរ​មិន​ចាំ​បាច់។ តែ​នៅ​មិន​ទាន់​ចាត់​វិធានការ​ចាស់​ដៃ​ដូច​ប្រទេស​អឺរ៉ុប​ផ្សេង​នៅ​ឡើយ​ទេ ដូច​យ៉ាង​បិទសាលារៀន ឬ​បិទ​ហាង​លក់​ទំនិញ​មិន​ចាំ​បាច់​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ