អានតួអត្ថបទ
កូវីដ១៩-អឺរ៉ុប

សហភាពអឺរ៉ុប ថាមេដឹកនាំអឺរ៉ុប មើលស្រាលស្ថានការណ៍ ជំងឺកូវីដ១៩

 លោកស្រីប្រធាន​គណៈកម្មការសហភាពអឺរ៉ុប អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) បាន​ទទួល​ស្គាល់​នៅ​ថ្ងៃពុធ​ទី ១៨ មីនា​នេះ ថាពី​ដំបូង​ឡើយ ​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ​អឺរ៉ុប​​ទាំង​អស់ សុទ្ធ​បាន​មើល​ស្រាលអំពី​ទំហំ​នៃ​គ្រោះ​ថ្នាក់ បង្ក​ឡើង​ដោយ​ជំងឺកូវីដ១៩។ នេះ​ជា​ប្រសាសន៍របស់លោកស្រី​នៅក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​សារព័ត៌មាន​អាល្លឺម៉ង់ Bild ។

លោកស្រី Ursula von der Leyenប្រធានគណៈកម្មការ​អឺរ៉ុប
លោកស្រី Ursula von der Leyenប្រធានគណៈកម្មការ​អឺរ៉ុប REUTERS/Christian Hartmann
ផ្សាយពាណិជ្ជកម្ម

“ខ្ញុំ​គិត​ថា យើង​ទាំង​អស់​គ្នា ដែល​មិន​មែន​ជា​អ្នក​ជំនាញ​សុខាភិបាល ពី​ដំបូង បាន​មើលស្រាល កូវីដ១៩។ តែ​ក្រោយ​មក​ទើប​ដឹង​ច្បាស់​ថា​យើង​ត្រូវ​ប្រឈម​នឹង​មេរោគ​នេះ​យូរ”។ នេះ​ជា​ប្រសាសន៍​របស់​លោកស្រីប្រធាន​គណៈកម្មការ​អឺរ៉ុប អួរស៊ូឡា វ៉ុនឌែរ ឡេយែន ទៅ​កាន់​សារព័ត៌មាន​អាល្លឺម៉ង់ Bild ដោយ​អះអាង​បន្ថែម​ទៀត​ថា “វិធានការ​ដែល​គេ​យល់​ថា​ខ្លាំង​ជ្រុល​កាលពី​ពីរ​បី​សប្តាហ៍​មុន ក្លាយ​ជាចំណាត់ការ​ដ៏​ចាំ​បាច់​ត្រូវ​ប្រកាន់​យកនៅ​ពេលនេះ ព្រោះអឺរ៉ុប​បាន​ក្លាយ​ជា​ចំណុច​ផ្ទុះ​កូរ៉ូណាវីរុស​ថ្មី​​ខ្លាំង​ជាង​គេ​នៅ​លើ​ពិភពលោក​ទៅ​ហើយ”។

បារាំង​តាមរយៈ​សំដី​របស់​រដ្ឋមន្ត្រីទទួល​បន្ទុកថវិកាជាតិ ហ្សេរ៉ាល ដាម៉ាណាំង Gérald Darmanin​ ក៏​ទទួល​ស្គាល់​ថា មកទល់​​​ខែ​កុម្ភៈ បារាំងក៏​មិន​នឹង​ស្មាន​ថា​ស្ថានភាព​អាច​ធ្លាក់​ដល់​កំរិត​បច្ចុប្បន្ន​នេះទេ។ ប៉ុន្តែ​ផ្ទុយ​ពី​បារាំង លោកស្រី​ប្រមុខ​ដឹកនាំសហភាព​អឺរ៉ុប បាន​បដិសេធ មិន​ប្រើ​ពាក្យ​ថា ធ្វើ « សង្គ្រាម” ប្រឆាំ​ង​នឹង​កូរ៉ូណាវីរុសថ្មី ដូចអ្វី​ដែល​​លោកប្រធានាធិបតី​បារាំង​ម៉ាក្រុង​បាន​ប្រើ​ទេ។ លោកស្រីបាន​អះអាង​ថា « បើ​ក្នុង​នាម​លោកស្រីផ្ទាល់​ខ្លួន លោកស្រី មិន​ប្រើ​ពាក្យ​ សង្គ្រាម​ទេ តែ​លោកស្រីយល់​អំពីមូលហេតុ​​ដែលជំរុញ​ឱ្យ​​លោក​ប្រធានាធិបតី​បារាំង​ប្រើ​ពាក្យ​នេះ ដើម្បីសំដៅ​ថា កូរ៉ូណាវីរុស​ថ្មី​​ជាសត្រូវ​គួរ​ឱ្យ​ព្រួយ​បារម្ភ”។

សម្រាប់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​អាល្លឺម៉ង់ លោក​ Peter Altmaier វិញ លោកយល់​ថា ពីដំបូង​មក សហរដ្ឋ​អាមេរិក​របស់​លោក ដូណាល់ ត្រាំ កាន់​តែ​មើល​ស្រាល​ជំងឺ​កូវីដ១៩ ជាង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅអឺរ៉ុ​ទៀត។ យើង​សង្ឃឹម​ថា​សហរដ្ឋ​អាមេរិក​អាច​គ្រប់​គ្រង​ស្ថានការណ៍​បាន ដើម្បីប្រយោជន៍​ទាំង​អស់​គ្នា ព្រោះ​គ្មាន​នរណា​ម្នាក់​ចង់​ឃើញ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដើរថយក្រោយ​គ្រប់​គ្រង​លែង​កើត​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ