អានតួអត្ថបទ
កូវីដ១៩-អឺរ៉ុប

កូវីដ១៩ ៖ ធនាគារកណ្តាលអឺរ៉ុបទម្លាយកញ្ចប់ថវិកា ៧៥០ពាន់លានអឺរ៉ូ ជួយសេដ្ឋកិច្ចអឺរ៉ុប

ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច ដែល​រង​ផលវិបាល​ពី​​​ការ​រាតត្បាត​របស់​កូវីដ​១៩​តែ​ធ្ងន់ធ្ងរ​ឡើងៗ​  នៅ​ថ្ងៃពុធ​ទី ១៨ មីនា​ម្សិលមិញ ធនាគារ​កណ្តាល​អឺរ៉ុប បាន​ប្រកា​សបង្ហាញ​ផែនការ​សង្គ្រោះ​បន្ទាន់​ ដែល​មាន​តម្លៃ​ដល់​ទៅ ៧៥០​ពាន់​លាន​អឺរ៉ូ។ សមាជិក​សហភាព​អឺរ៉ុប​បាន​សម្តែង​ការអបអរ ចំពោះ​ចំណាត់ការ​របស់​ធនាគារកណ្តាល​អឺរ៉ុប។ សេចក្តី​ប្រកាស​នេះ បាន​ធ្វើ​ឱ្យ​ ទីផ្សារ​ភាគហ៊ុន​អឺរ៉ុប អាស៊ី និង​តម្លៃ​ប្រេង​ឆៅ​​ស្ទុះ​ឡើង​បន្តិច​វិញ។

ធនាគារ​កណ្តាល​អឺរ៉ុប បញ្ចេញថវិកា​៧៥០ពាន់​លាន​អឺរ៉ូ​ជួយ​អឺរ៉ុប​ក្នុង​ពេល​មាន​វិបត្តិ​កូវីដ១៩
ធនាគារ​កណ្តាល​អឺរ៉ុប បញ្ចេញថវិកា​៧៥០ពាន់​លាន​អឺរ៉ូ​ជួយ​អឺរ៉ុប​ក្នុង​ពេល​មាន​វិបត្តិ​កូវីដ១៩ AFP/Archivos
ផ្សាយពាណិជ្ជកម្ម

​​“វិបត្តិធ្ងន់ធ្ងរ​ខុស​ប្រក្រតី ចំណាត់ការ​របស់​ធនាគារ​កណ្តាល​អឺរ៉ុប​ក៏​ត្រូវ​តែ​ខ្លាំង​ខុស​ប្រក្រតី​ដែរ” នេះ​ជា​ប្រសាសន៍​លោកស្រី គ្រីស្ទីន ឡាហ្កាដ Christine Lagarde ​ប្រធាន​ធនាគារកណ្តាលអឺរ៉ុប។ ​តាមរយៈ​​ផែនការ​​ដ៏​មហាសាល តម្លៃ​៧៥០​ពាន់​លាន​អឺរ៉ូ ធនាគារ​កណ្តាល​អឺរ៉ុប​នឹង​ចាប់​ទិញ​បំណុល​រដ្ឋ​និង​បំណុល​ឯកជន​ ​ពី​ពេល​នេះ​រហូត​ដល់ចប់​វិបត្តិ​កូវីដ​១៩​រលត់ តែ​យ៉ាង​យូរ​បំផុត​ត្រឹម​​ដំណាច់​ឆ្នាំ​២០២០។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ធនាគារ​​កណ្តាល​អឺរ៉ុប ក្រោយជំនួប​ក្រុម​​ប្រឹក្សា​អភិបាល​តាម​ទូរស័ព្ទ។

ធនាគារ​កណ្តាលអឺរ៉ុប​សង្ឃឹម​ថា ការ​​ទិញ​បំណុល​ជាតិ​និងឯកជន​​​ទ្រង់ទ្រាយ​ធំ​ នឹង​អាច​ជួយ​​​ធនាគារ​ប្រទេស​នីមួយៗ​ឱ្យ​រក្សា​និង​បង្កើនលទ្ធភាព​ផ្តល់​ប្រាក់​​កម្ចី​ដល់​ពលរដ្ឋ​ទូទៅ និង​ក្រុមហ៊ុន​ ពោល​គឺ​ដើម្បី​ទ្រទ្រង់​ផលិតកម្ម​និង​ការងារ។ ផែនការ​សង្គ្រោះ​របស់​ធនាគារ​កណ្តាលអឺរ៉ុប​ក៏ជា​​ការ​​ផ្តល់​សន្ទុះដល់​​ប្រព័ន្ធ​សេដ្ឋកិច្ច​ បន្ទាប់​ពី​ផ្អាក​សកម្មភាព​ដោយ​បង្ខំ​​ដើម្បី​​ប្រឈមទប់​ទល់​នឹង​កូរ៉ូណាវីរុស​ថ្មី។​

ជា​សរុប និង​ដោយ​បូក​បញ្ចូល​ជា​មួយ​នឹង​ផែនការ​សង្គ្រោះ​ទី​មួយ​ប្រកាស​​កាលពី​ថ្ងៃ​ទី ១២​មីនាទៅ ក្នុង​រយៈពេល​៩​ខែ​ទៅមុខ ធនាគារ​កណ្តាលអឺរ៉ុប​នឹង​ចំណាយ​ ក្នុង​មួយ​ខែៗ​ជិត ១១៧ពាន់​លាន​អឺរ៉ូ សម្រាប់​ជួយ​អឺរ៉ុប។

ធនាគារ​កណ្តាល​ចង់រៀប​ចំ​ប្រមូល​ទិញ​បំណុល​ ​ ទៅ​តាម​ស្ថានការណ៍ ប្រទេស​ណា​ជួប​ការ​លំបាក​ខ្លាំង​ជាង​គេ​ជួយ​ប្រទេស​នោះ​មុន។ ក្នុង​ន័យ​នេះ អ៊ីតាលី​ដែល​ចំនួន​ជន​រងគ្រោះ​ឆ្លង​កូវីដ​១៩ និង​ស្លាប់​កើន​ឡើង​យ៉ាង​ខ្លាំង​ជាង​គេ​នៅ​អឺរ៉ុប ទំនង​ត្រូវ​បាន​ទទួល​ជំនួយ​សង្រ្គោះ​មុន​គេ។

សូម​បញ្ជាក់​ថា​ផែនការ​សង្គ្រោះ​អឺរ៉ុប​ ប្រកាស​នៅ​ល្ងាច​ថ្ងៃពុធ​ទី ១៨​មីនា មាន​ទំហំ​ធំ​ជាង​វិធានការ​របស់​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​ដែល​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី ១៦​មីនា​ទៅ​ទៀត។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សមាជិកសហភាព​អឺរ៉ុប ជា​ពិសេស​បារាំង​បាន​បញ្ចេញ​ប្រតិកម្ម​អបអរ​មុន​គេ​ ដោយ​ប្រកាស​ថា​វិធានការ​របស់​ធនាគារ​កណ្តាលអឺរ៉ុប​​ពិត​ជាមហាសាល​ដូច​ការ​រំពឹងទុក​​និងស្រប​ទៅ​នឹង​ទំហំ​នៃ​វិបត្តិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ