អានតួអត្ថបទ

កូវីដ​១៩៖យូណេស្កូ​បង្កើត​សម្ព័ន្ធភាព​ដើម្បី​ជួយ​ក្មេង​ជាង ១,៥ពាន់លាននាក់​ដែល​​មិនបានទៅ​សាលា

ទៅតាម​គំនិត​ផ្តួចផ្តើម​របស់​អង្គការ​យូណេស្កូ​សម្ព័ន្ធភាព​មួយ ដែល​មាន​ការចូលរួម​ពី​អង្គការ​អន្តរជាតិ និង​ក្រុមហ៊ុន​ឯកជន ជាច្រើន​ក្នុង​ពិភពលោក ត្រូវ​បាន​បង្កើតឡើង ជាផ្លូវការ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ គោលដៅ គឺ​ស្វែងរក​មធ្យោបាយ ដំណោះស្រាយ ដើម្បី ជួយ​ក្មេង និង​យុវជន​ប្រមាណ ១៥០០​លាននាក់ ដែល​ខកខាន​មិនបាន​ទៅ​សាលារៀន ដោយសារ​ជំងឺរាតត្បាត​កូវីដ ១៩។ 

គ្រូបង្រៀននៅសកលវិទ្យាល័យ​មួយនៅប្រេស៊ីល​បង្រៀនសិស្ស​តាមអ៊ីនធ័រនែត
គ្រូបង្រៀននៅសកលវិទ្យាល័យ​មួយនៅប្រេស៊ីល​បង្រៀនសិស្ស​តាមអ៊ីនធ័រនែត REUTERS - Reuters Photographer
ផ្សាយពាណិជ្ជកម្ម

សម្រាប់​លោកស្រី​ប្រធានអង្គការ​យូណេស្កូ Audray Azoulay គេ​មិន​ដែល​ឃើញ ការសិក្សា​របស់​កុមារ និង​យុវជន ត្រូវ​រងប៉ះពាល់ នៅក្នុង​ទ្រង់ទ្រាយ​ដ៏ធំ​បែប​នេះ​ទេ ពីមុនមក។ តាមការវាយតម្លៃ​របស់​អង្គការ​យូណេស្កូ ក្មេង និង​យុវជន​ប្រមាណ ៨៧ភាគរយ នៅក្នុង​ពិភពលោក ត្រូវបាន​ប៉ះពាល់​ដោយសារ​វិធានការ​បិទ​សាលារៀន របស់​រដ្ឋាភិបាល។

ដើម្បី​ទប់ស្កាត់ ​ការឆ្លង​រីករាលដាល​មេរោគកូរ៉ូណា រដ្ឋាភិបាល​នៅក្នុង​ប្រទេស ១៦៥​បាន​ចាត់វិធានការ​បិទសាលារៀន និង​ដាក់មនុស្ស​ឲ្យនៅ​តែ​ក្នុងផ្ទះ ជាដើម។ នៅពេល​រដ្ឋាភិបាល​មួយចំនួន​អនុវត្ត​វិធីសាស្រ្ត​បង្រៀន អនឡាញ តាមអ៊ីនធ័រនែត នៅមាន​កុមារ និង​យុវជន​ជាច្រើន​លាននាក់ ដែល​នៅ​មិនទាន់​បាន​ទទួល​ការអប់រំ​ស្មើភាព។

គោលដៅ​របស់សម្ព័ន្ធភាព​បង្កើតឡើងដោយ​អង្គការ​យូណេស្កូ គឺ​ជួយ រដ្ឋាភិបាល​ឲ្យ​អភិវឌ្ឍ​វិធីសាស្រ្ត​បង្រៀន អនឡាញ ហើយនិង​ធ្វើ​យ៉ាងណា ឲ្យ​ការអប់រំ ការបង្រៀន​ពីចម្ងាយ អាចឈាន ទៅ​ដល់​គ្រប់​កុមារ និង​យុវជន ដែល​ខកខានមិនបាន​ទៅ​សាលារៀន ដោយសារ​ជំងឺរាតត្បាត​កូវីដ ១៩។ តាមអង្គការ​យូណេស្កូ ដែលជាអ្នកផ្តួចផ្តើមម​គំនិត អង្គការ​យូនីសេហ្វ អង្គការ​សុខភាពពិភពលោក និង​ធនាគារ​ពិភពលោក​បាន​ចូលរួម​ក្នុង​សម្ព័ន្ធ​របស់​អង្គការ​យូណេស្កូ។ ពីចំណែក​ខាងក្រុមហ៊ុន​ឯកជនវិញ គេ​ឃើញ​មាន​ក្រុមហ៊ុន Microsoft Google Facebook Weidong ជាដើម បាន​ចូលរួម នាំ​យក​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​របស់ពួកគេ​សម្រាប់​គម្រោង​របស់​យូណេស្កូ។ ទាំងអស់គ្នា​រួមគ្នា ដើម្បី ស្វែងរក​ដំណោះស្រាយ​មួយ ដែលស្មើភាព និង​អាច​អនុវត្ត​បានជា​សកល ពោល​គឺ​មិនថា នៅទីកន្លែង ដែលអាច​មានអ៊ីនធ័រនែត ឬ​គ្មាន​នោះ​ទេ។

វាជាគំនិតផ្តួចផ្តើម​មួយ​ដ៏ល្អ ប៉ុន្តែ ដែល​ស្មុគស្មាញ និងត្រូវការពេលវេលា​យូរ។

មួយ​វិញ​ទៀត នៅក្នុង​ពេល​ដែល​សាលារៀន ត្រូវ​បិទទ្វារ ដោយសារ​តែវិធានការ​ទប់ស្កាត់​ការឆ្លងរីករាលដាល​មេរោគកូរ៉ូណា កុមារ​មិនត្រឹមតែ​មិនបាន​ទទួល​ការសិក្សា អប់រំ​តែប៉ុណ្ណោះទេ នៅ​ក្នុង​ប្រទេស​ក្រីក្រ​ជាច្រើន ជាពិសេស នៅតំបន់​អាហ្រិក កុមារ កំពុង​​ប្រឈម​ផងដែរ នឹង ការខ្វះ​អាហារូបត្ថម្ភ ដោយសារ​តែ​សាលារៀនត្រូវបិទទ្វារ។ តាម​កម្មវិធី​ស្បៀងអាហារ​ពិភពលោកដែល​ជាស្ថាប័នមួយ របស់​អង្គការ​សហប្រជាជាតិ កុមារ​ប្រមាណ ៩លាននាក់ លែង​ទទួល​ជំនួយ ពី​កម្មវិធី ចែកអាហារ​នៅសាលារៀន របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ចាប់តាំង​ពី​មាន​វិធានការ​ទប់ស្កាត់នឹង​ជំងឺរាតត្បាត​កូវីដ​១៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ