អានតួអត្ថបទ
កូវីដ១៩ វ៉ាក់សាំង

កូវីដ១៩៖ សហគ្រាសឱសថ Sanofi និង GSK សហការគ្នាស្រាវជ្រាវ​វ៉ាក់សាំង ឲ្យបាន​ក្នុងឆ្នាំ​២០២១

សហគ្រាសផលិតឱសថដ៏ធំរបស់បារាំង ឈ្មោះ Sanofi និង សហគ្រាសផលិតឱសថអង់គ្លេស GSK បានប្រកាសនៅថ្ងៃអង្គារទី​១៤មេសាថា គេនឹងរួមដៃសហការគ្នា ធ្វើការស្រាវជ្រាវ ស្វែងរកថ្នាំវ៉ាក់សាំង បង្កាមេរោគ​កូវីដ១៩។ សហគ្រាសទាំងពីរអះអាងថា គេនឹងប្រឹងប្រែង ឲ្យ​បានលទ្ធផល នៅក្នុងឆ្នាំ​២០២១​ខាងមុខ។

រូបភាពតំណាង ស្ត្រីម្នាក់កាន់វ៉ាក់សាំង បិទផ្លាក កូវីដ​១៩។ ថ្ងៃទី​១០ មេសា ២០២០
រូបភាពតំណាង ស្ត្រីម្នាក់កាន់វ៉ាក់សាំង បិទផ្លាក កូវីដ​១៩។ ថ្ងៃទី​១០ មេសា ២០២០ REUTERS - Dado Ruvic
ផ្សាយពាណិជ្ជកម្ម

សហគ្រាសផលិតឱសថបារាំង Sanofi និង សហគ្រាសផលិតឱសថអង់គ្លេស GSK នឹងធ្វើការច្របាច់បញ្ចូល បច្ចេកទេស​ជំនាញស្រាវជ្រាវ របស់គេរៀងៗខ្លួន ដើម្បីសហការគ្នា ឈានទៅសម្រេចលទ្ធផលលើថ្នាំវ៉ាក់សាំង ប្រឆាំងកូវីដ១៩ នៅក្នុងឆ្នាំ២០២១។ នេះបើផ្អែកតាមសេចក្តីប្រកាសរួមគ្នា ធ្វើឡើងដោយសហគ្រាសទាំង២ នៅថ្ងៃអង្គារទី១៤មេសា។

យោងតាមសេចក្តីប្រកាសនេះ វ៉ាក់សាំងដែលគេនឹងស្រាវជ្រាវ គឺជាប្រភេទវ៉ាក់សាំង ដែលមានលាយផ្សំជាមួយ​សារធាតុ ដែល​មានតួនាទីដាស់ប្រព័ន្ធសរីរាង្គការពារខ្លួនរបស់មនុស្ស ឲ្យមានភាពរឹងមាំ ទប់ជាមួយនឹងមេរោគ (Vaccin avec adjuvant)។ ការសាកល្បងទៅលើមនុស្ស អាច​នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២០ ហើយបើសិនជាបាន​ជោគ័យ វ៉ាក់សាំងនឹងត្រូវអាចផលិតបាន នៅក្នុងឆមាសទី២ឆ្នាំ២០២១។

សហគ្រាស Sanofi របស់បារាំង នឹងចូលរួមតាមរយៈការផ្តល់នូវកោសិកាអង់ទីហ្សែន នៃប្រូតេអ៊ីនS ដែលមាននៅក្នុងមេរោគកូវីដ១៩ រីឯសហគ្រាស GSK របស់អង់គ្លេសវិញ មានបច្ចេកវិទ្យាពិសេស ក្នុងការផលិតវ៉ាក់សាំង ប្រឆាំងនឹងជម្ងឺឆ្លងទ្រង់ទ្រាយធំ ដែលផ្សំលាយជាមួយសារធាតុ​​ដាស់ប្រព័ន្ធការពារខ្លួនរបស់មនុស្ស។

គួរបញ្ជាក់ថា ការសហការគ្នានេះ គឺស្ថិតនៅក្នុងក្របខណ្ឌដែលសហគ្រាសផលិតឱសថ​ Sanofi របស់បារាំង បានចុះកិច្ចព្រមព្រៀង​សហប្រតិបត្តិការ កាលពីខែកុម្ភៈ ជាមួយនឹង អាជ្ញាធរស្រាវជ្រាវ​និងអភិវឌ្ឍន៍វិជ្ជសាស្ត្រ​សរីរាង្គ  Biomedical Advanced Research and Development Authority (BARDA) ដែលជាផ្នែកមួយនៃក្រសួងសុខាភិបាលអាមេរិក។​ ស្ថិតក្នុងក្របខណ្ឌនេះដែរ Sanofi ក៏ត្រូវសហការជាមួយមន្ទីរពិសោធន៍ឱសថអាមេរិក ​ឈ្មោះ Translate Bio។

គួរបញ្ជាក់ថា ប្រឈមនឹងការឆ្លងរាលដាលនូវមេរោគកូវីដ១៩ មានមន្ទីរពិសោធន៍ សហគ្រាសផលិតឱសថជាច្រើន កំពុងស្វះស្វែងស្រាវជ្រាវផលិតវ៉ាក់សាំង ប្រឆាំងនឹង​មេរោគនេះ។ កាលពីថ្ងៃចន្ទកន្លងទៅ ប្រធានាធិបតីអ៊ុយក្រែន បានសន្យាផ្តល់រង្វាន់លើកទឹកចិត្តចំនួន​១លានដុល្លារ ដល់អ្នកវិទ្យាសាស្ត្រអ៊ុយក្រែនណា ដែលអាចស្រាវជ្រាវផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩បាន។ ដោយឡែក បើផ្អែកតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មានផ្លូវការចិន បានឲ្យដឹងថា អ្នកជំនាញចិន នឹងចាប់ផ្តើមសាកល្បងទៅលើមនុស្ស នូវ​ថ្នាំវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ចំនួន​២ប្រភេទ ក្នុងពេលដ៏ឆាប់ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ