អានតួអត្ថបទ

អង្គការសហប្រជាជាតិ៖ កូវីដ ១៩​ធ្វើ​ឲ្យ​ជនអន្តោប្រវេសន៍​រាប់​ម៉ឺននាក់​នៅជាប់គាំង​នៅព្រំដែន

ជំងឺរាតត្បាត​កូវីដ ១៩​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​គ្រប់គ្នា ជាពិសេស អ្នកដែល​រស់នៅ​ក្នុងស្ថានភាព​មិនច្បាស់លាស់ ដូចជា​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍ជាដើម។ តាម​អង្គការ​អន្តរជាតិ ទេសន្តរប្រវេសន៍ ដោយសារ​វិបត្តិកូវីដ ដែល​ជំរុញ​ឲ្យមានវិធានការ​ការបិទព្រំដែន ជនអន្តោប្រវេសន៍ រាប់ម៉ឺន​នាក់​កំពុង​ត្រូវ​គេទុកចោល​ឲ្យ​នៅជាប់គាំង នៅ​តាមព្រំដែន។ បន្ថែម​ពីនេះ ពួកគេ​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់ ឆ្លងមេរោគ​កូវីដ ដោយសារ​បញ្ហា​ខ្វះ អនាម័យ និង​ការរស់នៅប្រជ្រៀតគ្នា នៅក្នុង​ជំរំប្រមូលផ្តុំ។  

ជនអន្តោប្រវេសន៍​នៅក្នុង​ជំរំ​ប្រមូលផ្តុំ​ក្នុ​ងកោះMoria ប្រទេស​ក្រិក នៅថ្ងៃទី ៣ឧសភា​២០២០
ជនអន្តោប្រវេសន៍​នៅក្នុង​ជំរំ​ប្រមូលផ្តុំ​ក្នុ​ងកោះMoria ប្រទេស​ក្រិក នៅថ្ងៃទី ៣ឧសភា​២០២០ REUTERS - Elias Marcou
ផ្សាយពាណិជ្ជកម្ម

ទៅមុខ​មិនរួច ចង់​ត្រលប់​ទៅក្រោយ​ក៏មិនរួច។ នេះជា​ស្ថានភាព​របស់​ជនអន្តោប្រវេសន៍​រាប់ម៉ឺន រាប់សែននាក់ ដែល​កំពុង​ជាប់គាំង​នៅព្រំដែន ឬ​នៅលើ​ផ្លូវ​ចំណាកស្រុក បន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​ជាច្រើនបាន​ចាត់​វិធានការ​បិទព្រំដែន បិទទីក្រុង ដោយសារ​កូវីដ ១៩។ តាម អង្គការ​IOM (អង្គការ​អន្តរជាតិ ទេសន្តរប្រវេសន៍) ទទួលបន្ទុក​ជនអន្តោប្រវេសន៍ របស់​អង្គការ​សហប្រជាជាតិ ​ជនអន្តោប្រវេសន៍ ជាច្រើន នៅ​តំបន់​អាស៊ីអាគ្នេយ៍ អាហ្រ្វិកខាងកើត និង​នៅអាមេរិកឡាទីន បាន​ព្យាយាម​ចង់​ត្រលប់​ទៅប្រទេស​កំណើត​វិញ ប៉ុន្តែ ពួកគេ​មិនអាច​ធ្វើបាន ដោយសារ​វិធានការបិទ​ព្រំដែន។

លោក Antonio Vitorino អគ្គនាយក​របស់​អង្គការ​IOM បាននិយាយ​ថា ជនអន្តោប្រវេសន៍ ភាគច្រើន​ចង់​ត្រលប់​ទៅប្រទេស​កំណើតវិញ ដោយសារ​ខ្លាច​ឆ្លង​កូវីដ នៅកន្លែង​ដែល​ពួកគេ​កំពុង​ស្ថិតនៅ។ តាម​អគ្គនាយក​របស់​IOM ជំរំ​ដាក់​ជនអន្តោប្រវេសន៍ ជា​កន្លែង​ដែល​ជំងឺ​កូវីដ ងាយ​នឹង​រាតត្បាតលឿន ដោយសារ តែជំរំ សំបូរ​ដោយ​មនុស្ស​នៅកកកុញ ជិតគ្នា គ្មាន​ការរក្សាគម្លាតសង្គម ហើយ​និង​មានបញ្ហា​ខ្វះខាត​ទឹក និង​អនាម័យ។

អង្គការ​IOM គ្រប់គ្រង​ជំរំ​ជនអន្តោប្រវេសន៍​ប្រមាណ ១១០០​កន្លែង នៅក្នុង​ពិភពលោក និង​ផ្តល់ជំនួយ​ដល់​មនុស្ស​ជាង ២,៤លាននាក់​ដែល​បាន​ផ្លាស់ទី នៅឆ្នាំ​២០១៩។

“ជនអន្តោប្រវេសន៍ ដែល​នៅជាប់គាំង នៅព្រំដែន កំពុង​រស់នៅក្នុង​ស្ថានភាព​លំបាក ខ្វះខាត​សព្វគ្រប់ និង​មិន​បាន​ទទួល​សេវាពេទ្យ ឬការត្រួតពិនិត្យ​សុខភាព នោះទេ។ តាម​សេចក្តីរាយការណ៍ គេ​បាន​រកឃើញ​ករណី​ឆ្លងកូវីដ ចំនួន ១១០​ករណី​នៅក្នុង​ជំរំ​ជនអន្តោប្រវេសន៍ នៅ​ក្នុង​ប្រទេស​ក្រិក។ នៅពេល ពួកគេ​ទាំងនោះ បានទទួល​ការព្យាបាល​នៅមន្ទីរពេទ្យ ក្រិក IOM​កំពុង​បារម្ភ ខ្លាំង ពីការផ្ទុះជំងឺ កូវីដ នៅក្នុងជំរំ​ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា នៅក្នុងទឹកដីបង់ក្លាដែស។ នៅទីនោះ មនុស្សជាង​១លាននាក់ ដែល​បានរត់គេចខ្លួន​ពីអំពើហិង្សា នៅរដ្ឋរ៉ាឃីន ប្រទេស​ភូមា កំពុង​រស់នៅ កកផ្តុំគ្នា និង​មិនអាច​គោរព​គោលការណ៍ រក្សា​គម្លាតសង្គម ដើម្បី​ទប់ស្កាត់ការឆ្លង​មេរោគកូរ៉ូណា​នោះទេ។

តាមអគ្គនាយក​របស់​IOM បច្ចុប្បន្ននេះ អង្គការ​កំពុងស្នើសុំ​ឲ្យ​រដ្ឋាភិបាល ម្ចាស់ស្រុក​អនុញ្ញាត​ឲ្យ​បុគ្គលិក​ផ្តល់ជំនួយ អាច​ចូល​ទៅ​ធ្វើការ​ជាមួយ​ក្រុមមនុស្ស​ដែល​នៅកកស្ទះ នៅតាមព្រំដែន។ អង្គការ​បាន​អំពាវនាវ​ផងដែរ ឲ្យ​ជនអន្តោប្រវេសន៍ អាច​ ​ទទួលបាន​សេវាព្យាបាល ជាតិ​របស់​ប្រទេស ដែលពួកគេស្ថិតនៅ ដើម្បី​ជៀសវាង ការឆ្លងរីករាលដាល​របស់​កូវីដ ដូចជា​ករណី​របស់​សិង្ហបុរី ដែលនៅទីនោះ ជោគជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធទប់ទល់​នឹង​កូវីដ ត្រូវ​បាន​រលាយ​បាត់​ទៅវិញ ដោយសារ ​ជំងឺកូវីដ បាន​ឆ្លងរាតត្បាត​ក្នុង​ចំណោម ពលករ​អន្តោប្រវេសន៍ ដែល​គ្មាន​ក្នុង​បញ្ជីតាមដាន​សុខភាព របស់​រដ្ឋាភិបាល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ