អានតួអត្ថបទ
កូវីដ១៩-ស្វីស

វិបត្តិកូវីដ ទម្លាយឱ្យឃើញអំពី​ភាពក្រីក្រនៅក្នុង​ប្រទេស​ស្វីស

ស្វីស​ជា​ប្រទេស​អ្នកមាន​ជាង​គេបំផុត​​មួយ​នៅ​អឺរ៉ុប និង​នៅលើ​ពិភពលោក។ ហ្សឺណែវជា​​​ទី​​ក្រុង​ដែល​ថ្លៃ​ជាង​គេបំផុត​មួយ​នៅលើ​ពិភពលោក ល្បី​ខាងមាន​ធនាគារ​ឯកជន​ធំៗផ្តុំ​នៅ​ច្រើន  ហាង​នាឡិកាថ្លៃៗ ទំនិញ​ប្រណិតៗ ប៉ុន្តែ​គេ​ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​នៅពេល​ឃើញ​មាន​ប្រជាជន​​រស់​នៅក្នុង​ប្រទេស​នេះ មក​ឈរ​តម្រង់ជួរ​យ៉ាង​វែង ជាងមួយ​គីឡូម៉ែត្រ​ និង​ត្រូវ​រង់ចាំ​ដល់​ទៅ​៤-៥ម៉ោង ដើម្បី​សុំ​ជំនួយ​​ស្បៀងអាហារ។ នេះ​ជា​ផលវិបាក​មួយ​ដែល​បង្ក​ឡើង​ដោយ​វិបត្តិ​កូរ៉ូណាវីរុស​ថ្មី​។

មនុស្ស​ឈរ​តម្រង់ជួរ ចាំ​ទទួលជំនួយ​ស្បៀងអាហារ នៅ​ក្រុង​ហ្សឺណែវ​ប្រទេសស្វីស
មនុស្ស​ឈរ​តម្រង់ជួរ ចាំ​ទទួលជំនួយ​ស្បៀងអាហារ នៅ​ក្រុង​ហ្សឺណែវ​ប្រទេសស្វីស REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

បើ​តាម​អ្នក​រៀប​ចំ​កម្មវិធី​ មាន​ប្រជាជន​កាន់​តែច្រើន​ឡើងៗ បានមកសុំ​ជំនួយ ជា​ស្បៀងអាហារចាំបាច់​ដូច​ជា អង្ករ គ្រាប់​ធញ្ញជាតិ កាហ្វេ ...។ នៅ​ក្នុង​ការ​ចែកចាយ​ស្បៀងអាហារលើក​ដំបូង គេ​រាប់​ឃើញ​មាន​អ្នកមក​សុំ​តែ​ប្រមាណ​៥០០​នាក់ និង​ដល់​ជាង​២០០០​នាក់ នៅ​ថ្ងៃ​សៅរ៍ទី ៩ ឧសភា​ម្សិលមិញ ហើយ​អាច​នឹង​មាន​ច្រើន​ថែម​ទៀត នៅ​លើកក្រោយ។

ប្រឈម​នឹងការរាតត្បាត​នៃជំងឺកូវីដ១៩ ដែល​បាន​សម្លាប់​ពលរដ្ឋ​ស្វីស​​អស់​ជាង ១៥០០​នាក់ ស្វីស​បាន​ចាត់​វិធានការអាសន្ន​សុខាភិបាល បិទ​ហាង​ទំនិញ បិទ​ភោជនីដ្ឋាន ​តាំងពី​ពាក់កណ្តាល​ខែមីនា​មក។ ស្វីសចាប់​លើក​វិធានការ​​ទាំ​ង​នោះចេញ​វិញ​ហើយ ប៉ុន្តែ ការ​បិទ​ខ្ទប់​​សេដ្ឋកិច្ច​ ក្នុង​រយៈ​ពេល​ជិត​ពីរ​ខែកន្លង​​មក​នេះ បាន​បន្សល់​ទុក្ខ​នូវ​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​ ចំពោះ​ពលករ​បរទេសគ្មានលិខិត​ស្នាម (អន្តោប្រវេសន៍​ខុស​ច្បាប់) និង​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ស្វីស​ជា​ទូទៅ។

បើ​តាម​ការិយាល័យ​ស្ថិតិ​សហព័ន្ធ មានប្រជាពលរដ្ឋស្វីស​ប្រមាណ ៨% ត្រូវ​ជា​ប្រមាណជិត ៦៦ម៉ឺន​នាក់ រស់​ក្នុង​ភាព​ក្រីក្រ គ្មាន​ការ​ធានារ៉ាប់រង​សុខភាព និង​ជា​ប្រមាណ​១លាន​នាក់ រស់​ក្នុង​ស្ថានភាពជីវភាព​ទន់​ខ្សោយ​។ ​មាន​ឈ្មោះ​ជា​​ប្រទេស​អ្នក​មាន មិន​មែនមាន​ន័យ​ថា​ប្រទេសគ្មានអ្នក​ក្រីក្រ​ទេ ប៉ុន្តែអ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ខ្លាំង គឺ​ ​ចំនួនអ្នក​ងាយ​រងគ្រោះ និងភាព​ងាយ​រងគ្រោះ របស់​ពលរដ្ឋ​ក្នុង​ពេល​មាន​វិបត្តិ​កូវីដ​។ នេះ​បើ​តាម​អ្នក​ទទួល​ខុសត្រូវ​ផ្នែក​សម្របសម្រួល​ជំនួយ​ពេល​មាន​វិបត្តិប្រចាំក្រុង​ហ្សឺណែវ។

នៅក្នុង​ចំណោមអ្នកមកសុំ​ជំនួយ​ ៥៥០​នាក់ ដែល​ក្រុម​អ្នកអង្កេត​បាន​សិក្សា ពាក់កណ្តាលជា​ជនអន្តោប្រវេសន៍​គ្មានលិខិត​ស្នាម តែធ្លាប់​មានការងារ​ធ្វើ ​មួយ​ភាគី​បីជា​ពលករ​បរទេស​មាន​បណ្ណ​ស្នាក់​នៅ និង​៤%​ជា​ពលរដ្ឋ​សញ្ជាតិស្វីស។​ ពលរដ្ឋ​ស្រទាប់នេះ ងាយ​ឆ្លង​កូវីដ​១៩ ដល់​ទៅ​បី​ដង​លើស​ប្រជា​ពលរដ្ឋ​ស្វីស​ជា​ទូទៅ។ ​សម្រាប់​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន ដែល​សហការ​រៀបចំកម្មវិធី​ចែក​ចាយ​ជំនួយ​ស្បៀង កូវីដ​បាន​វែក​ឱ្យឃើញ​ពី​​ភាព​ក្រី​ក្រនៅ​ នៅ​ហ្សឺណែវ ដែល​ត្រូវ​បាន​បិទបាំង​ដោយ​ភាព​មាន​បាន ពី​មុន​មក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ