អានតួអត្ថបទ
កូវីដ១៩ អង់គ្លេស

កូវីដ១៩៖ អង់គ្លេស​បន្ត​បិទ​ខ្ទប់​ប្រទេស​ទាំងស្រុង ​ដល់​ដើមខែ​មិថុនា

ខណៈដែលប្រទេសមួយចំនួន​នៅអឺរ៉ុប មានបារាំង អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ ជាដើម បាននាំគ្នា​ចាប់ផ្តើម បើកបប្រ​ទេសឡើងវិញដោយសន្សឹមៗ ប្រទេសអង់គ្លេសឯណោះ បានសម្រេច ថានឹងបន្តការបិទខ្ទប់ប្រទេសទាំងស្រុងនេះ រហូតដល់ដើមខែមិថុនា។ លោកបូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស បាន​ប្រកាសនៅថ្ងៃទី​១០ឧសភាថា​ បើសិនជាស្ថានភាពឆ្លងរាលដាល នូវជម្ងឺកូវីដ១៩ បានប្រសើរឡើង នោះលោកនឹងសម្រេចបើកប្រទេសឡើងវិញជាដំណាក់ៗ ចាប់ពីខែមិថុនាទៅ។

លោកបូរីស ចនសុន ពេលថ្លែង​សន្ទរកថា ទៅកាន់ប្រជាជនអង់គ្លេស បន្តផ្ទាល់​តាម​ទូរទស្សន៍ ថ្ងៃទី​១០ ឧសភា ២០២០
លោកបូរីស ចនសុន ពេលថ្លែង​សន្ទរកថា ទៅកាន់ប្រជាជនអង់គ្លេស បន្តផ្ទាល់​តាម​ទូរទស្សន៍ ថ្ងៃទី​១០ ឧសភា ២០២០ via REUTERS - ANDREW PARSONS/DOWNING STREET
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសន្ទរកថា ទៅកាន់ប្រជាជនអង់គ្លេស កាលពីយប់ថ្ងៃអាទិត្យទី​១០ឧសភា លោកបូរីស ចនសុន បានប្រកាសថា៖ ថ្វីបើ​កន្លងមកនេះ ប្រជាជនអង់គ្លេសគ្រប់គ្នា បានប្រឹងប្រែងគោរពបទបញ្ជា សំងំក្នុងផ្ទះ រក្សាចម្ងា យពីគ្នា បានល្អក្តី ក៏ប៉ុន្តែការប្រឹងប្រែងនេះ មិនអាចបញ្ឈប់វានៅពេលនេះបានទេ។ ការបិទខ្ទប់ប្រទេសទាំងស្រុង នឹងបន្តអនុវត្តរហូត ដល់ដើមខែមិថុនា។​​ ប៉ុន្តែចាប់ពីថ្ងៃពុធទី១៣ឧសភាទៅ ប្រជាជនអាចចេញ​ដើរក្រៅផ្ទះ ដើម្បីឲ្យធូរសរសៃ ស្រូប​ខ្យល់អាកាស ជាមួយ​នឹង​សមាជិក​ក្រុម​គ្រួសារ​ខ្លួន។

លោកនាយករដ្ឋមន្ត្រីអង់គ្លេសបន្តថា លោកសង្ឃឹមយ៉ាងមុតមាំថា នៅរវាងដើមខែមិថុនា បើសិនជា​ស្ថានការណ៍​បានប្រសើរ លោកនឹងសម្រេចបើកសាលារៀន ចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់អនុវិទ្យាល័យឡើងវិញ ហើយនឹងអាចបើក​ ឲ្យ​សកម្មភាពសេដ្ឋកិច្ចអាចដំណើរការឡើងវិញបាន​ដូច បើកហាងទំនិញ និងក្រុមហ៊ុន​សហគ្រាសផ្សេងៗ។ ដោយឡែក ចំពោះភោជនីយដ្ឋាន បារ ហាងកាហ្វេ និងទីតាំងសាធារណៈផ្សេងទៀត អាចត្រូវបើកដំណើរការឡើងវិញបាន នៅដើមខែកក្កដា បើសិនជាស្ថានការណ៍បានប្រសើរឡើង។ រដ្ឋាភិបាលអង់គ្លេស មានកម្មវត្ថុ ធ្វើតេស្តស្វែងរកមេរោគ ឲ្យ​បានច​ំនួន​២សែនតេស្ត ក្នុងមួយថ្ងៃ​ចាប់ពីចុងខែឧសភាទៅ។

ទាក់ទិននឹងការមកដល់របស់អ្នកដំណើរចូលអង់គ្លេស តាមផ្លូវអាកាស​ លោកបូរីស ច​នសុន បាន​បញ្ជាក់ថា រដ្ឋាភិបាល​កំពុងពិចារណា ចង់ដាក់អ្នកដំណើរទាំងអស់​ ដែលមកដល់តាមយន្តហោះ ឲ្យ​នៅដាច់ដោយឡែក រយៈពេល​១៤ថ្ងៃ។ ដោយឡែក អ្នកដំណើរ ដែលទៅដល់ពីបារាំង និងពីអៀរឡើង គឺមិនជាប់ក្នុងវិធានការនេះទេ។ បើទោះបី​លោក​បូរីស ចនសុន មិនបានបញ្ជាក់លំអិត អំពីវិធានការនេះ ព្រមទាំងកាលបរិច្ឆេទចូលជាធរមានក៏ដោយ តែដំណឹងនេះ បានធ្វើឲ្យ​ក្រុម​ហ៊ុន​អាកាសចរណ៍ មានការបារម្ភរួចទៅហើយ។

លោកបូរីស ចនសុន បានអំពាវនាវ ឲ្យ​បុគ្គលិកទាំងអស់​ បើអាចធ្វើទៅបាន គឺត្រូវបន្តធ្វើការងារពីផ្ទះ។ តែប្រសិនបើចាំបាច់ត្រូវទៅដល់កន្លែងធ្វើការ លោកចនសុន បាន​អំពាវនាវ ឲ្យ​ចៀសវៀងប្រើប្រាស់ បណ្តាញដឹកជញ្ជូនសាធារណៈតាមតែអាចធ្វើទៅបាន និងត្រូវ​រក្សាចំងាយយ៉ាងហោច​១ម៉ែត្រ​​ពីគ្នា។

គួរកត់សំគាល់ថា ការប្រកាសរបស់លោក​បូរីស ចនសុននេះ ត្រូវបានអ្នកនយោបាយបក្សប្រឆាំងអង់គ្លេសមួយចំនួនប រិះគន់ថាគ្មាន​ភាពច្បាស់លាស់។ ប្រមុខរដ្ឋាភិបាលតំបន់ស្កុតលែន បានលើកឡើងថា ពាក្យអំពាវនាវរបស់លោកចនសុន ឲ្យ​ប្រជាជនសំងំក្នុងផ្ទះ ហើយព្រមជាមួយគ្នានេះ ឲ្យ​ប្រុង​​​ប្រយ័ត្ន​ពេលចេញទៅក្រៅ  គឺវាហាក់ដូចជាទូលំទូលាយពេក គ្មានការកំណត់ឲ្យ​ច្បាស់​ប្រាកដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ