អានតួអត្ថបទ

ក្រុមហ៊ុន​ផលិតឱសថ ថា គេ​នឹងអាចរកឃើញ ​វ៉ាក់សាំង​ប្រឆាំង​កូវីដ ឲ្យ​បាន​មុនដំណាច់​ឆ្នាំនេះ

ក្រុមហ៊ុនផលិត​ឱសថអន្តរជាតិ​ធំៗ​ដែល​បាន​ជួបប្រជុំ​គ្នា​តាមវីដេអូ​conference នៅទីក្រុង​ហ្សឺណែវ កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ​នេះ បាន​អះអាងថា គេ​នឹង​អាច​រកឃើញ វ៉ាក់សាំង​ប្រឆាំង​កូវីដ ១៩ នៅមុន​ឆ្នាំ​២០២១។ ប៉ុន្តែ យ៉ាងណាក៏ដោយ គេ​បាន​ព្រមាន​ពីបញ្ហា​ប្រឈម ជាច្រើន ជាពិសេស​នៅពេល​គេត្រូវការផលិត​វ៉ាក់សាំង ដល់ទៅជាង ១៥ពាន់លាន​ដូស ដើម្បី​អាច​បញ្ឈប់ ទប់ស្កាត់​ជំងឺរាតត្បាត​កូវីដ ១៩។

តាម​អង្គការ​សុខភាពពិភពលោក មានការស្រាវជ្រាវ​រក​វ៉ាក់សាំង​ប្រឆាំង​កូវីដ ១៩ ដល់ទៅ ជាង ១០០​នៅក្នុង​ពិភពលោក
តាម​អង្គការ​សុខភាពពិភពលោក មានការស្រាវជ្រាវ​រក​វ៉ាក់សាំង​ប្រឆាំង​កូវីដ ១៩ ដល់ទៅ ជាង ១០០​នៅក្នុង​ពិភពលោក REUTERS - Dado Ruvic
ផ្សាយពាណិជ្ជកម្ម

តាម​អង្គការ​សុខភាព​ពិភពលោក មាន​ប្រទេស និង​ក្រុមហ៊ុន​ផលិតឱសថ ជាង ១០០​ដែល​កំពុង​សិក្សា ស្រាវជ្រាវ​រក​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ នៅក្នុង​ពិភពលោក ដែល នៅក្នុង​នោះ វ៉ាក់សាំង​ជាង​១០មុខ ត្រូវ​បាន​គេ​ចាប់​សាកល្បង​វេជ្ជសាស្រ្ត។

នៅក្នុង​សន្និសីទ​វីដេអូ នៅ​ទីក្រុង​ហ្សឺណែវ ដែល​រៀបចំឡើង​ដោយ សមាគម និង​សហព័ន្ធ ក្រុមហ៊ុន​ផលិតឱសថ​អន្តរជាតិ ប្រធាន​ក្រុមហ៊ុន​ផលិត​ឧសថAstra Zeneca ដែល​ចាប់ដៃ​ជាមួយ​សកលវិទ្យាល័យ Oxford ដើម្បី​អភិវឌ្ឍ និង​សាកល្បង​វ៉ាក់សាំង​នៅ​ប្រទេស​អង់គ្លេស បាន​អះអាងថា ជាមួយ​ក្តីសង្ឃឹម គេ​នឹង​រកបាន​វ៉ាក់សាំង មួយ និង​ច្រើនជាងនេះ សម្រាប់​ប្រឆាំង​នឹង​ជំងឺ​កូវីដ នៅដំណាច់ឆ្នាំ​នេះ។

ប្រធាន​ក្រុមហ៊ុន ផលិតឱសថ​អាមេរិកាំង ដ៏ធំ Pfizer វិញ បាន​និយាយ​ថា ក្រុមហ៊ុន​របស់លោក​ដែល​កំពុង​សិក្សា​ជាមួយ​ភាគី​អាល្លឺម៉ង់ ដើម្បី សាកល្បង​វ៉ាក់សាំងនៅអឺរ៉ុប នឹង​អាច​រកឃើញ​វ៉ាក់សាំង បាន​ក្នុងអំឡុង ខែ​តុលា​ខាងមុខ។ ជាទូទៅ គេ​ត្រូវការពេលវេលា​យូរឆ្នាំ​ដើម្បី​ស្វែងរក​វ៉ាក់សាំង និង​ការផ្តល់​អាជ្ញាប័ណ្ណ សម្រាប់​វ៉ាក់សាំង​នីមួយៗ។ ប៉ុន្តែ ប្រឈម​នឹង​ជំងឺ កូវីដដែល​កំពុង​រាតត្បាត​ខ្លាំង​ក្នុង​ពិភពលោក គេ​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​បន្ទាន់​សម្រាប់ ការប្រើប្រាស់ វ៉ាក់សាំង ដែល​ការសិក្សា​សាកល្បង​កន្លងមក បាន​បង្ហាញ​ថា មាន​សុវត្ថិភាព និង​ប្រសិទ្ធិភាព។

សម្រាប់​សមាគម​និង​សហព័ន្ធ​ក្រុមហ៊ុន​ផលិតឱសថ គេ​ត្រូវការ​វ៉ាក់សាំង ដល់​ទៅ ១៥ពាន់​លាន​ដូស សម្រាប់​ទប់ស្កាត់​ការឆ្លងរាតត្បាត​របស់​ជំងឺ​កូវីដ​១៩ នាពេល​បច្ចុប្បន្ន​នេះ។ ដើម្បី​អាច​ផលិត​វ៉ាក់សាំង ក្នុង​ចំនួន ដូស ដ៏ច្រើន​បែបនេះ គឺ​គេ​ត្រូវ​ប្រឈម​នឹង​បញ្ហា​គួរ​ឲ្យ​បារម្ភជាច្រើន។ ទី១ ការធ្លាក់ចុះ​នៃ​អត្រា​អ្នកឆ្លង​នៅ​ទឹកដីអឺរ៉ុប​អាច​ជះឥទ្ធិពល​ទៅលើ​ប្រសិទ្ធិភាព​នៃ​ការធ្វើតេស្ត​សាកល្បង​វ៉ាក់សាំង ដែល​កំពុង​ដំណើរការ​នៅអឺរ៉ុប។ ម្យ៉ាងទៀត ដើម្បី​អាច​ផលិត​វ៉ាក់សាំង ដល់ទៅ ១៥ពាន់លានដូស ដើម្បី​ចែកចាយ ដោយ​យុត្តិធម៌ និង​ស្មើភាព សម្រាប់​មនុស្ស​នៅលើ​ផែនដី គេត្រូវការ ហេដ្ឋារចនាសម្ព័ន្ធ និង​មធ្យោបាយ​ដ៏​ធំសម្បើម​មួយ។

តាម​ប្រធាន​ក្រុមហ៊ុន​ផលិតឱសថ​AstraZeneca បញ្ហាប្រឈម របស់​ក្រុមហ៊ុន គឺ​ការស្តុកដូស​វ៉ាក់សាំង ព្រោះថា គេ​មិនអាច​រក​ឲ្យ​បាន​ដប សម្រាប់​វ៉ាក់សាំង ដល់​ទៅ ១៥ពាន់​លាន​ដូស​នោះទេ។ ដើម្បី ផលិត​ឲ្យ​បាន​វ៉ាក់សាំង ដល់ទៅ ១៥ពាន់​លានដូស គេ​ត្រូវការ វ៉ាក់សាំង ប្រឆាំងកូវីដ ផ្សេងៗគ្នា ដើម្បី​សម្រប​ទៅតាម​តម្រូវការ នៅហ្នឹងកន្លែង។ តាម​ប្រធាន​ក្រុមហ៊ុន​ AstraZeneca នៅក្នុង​ចំណោម​វ៉ាក់សាំង ទាំង​១០០មុខ ដែល​គេកំពុង​ស្រាវជ្រាវរក មាន​ប្រមាណតែ ពី​៥ ទៅ​១០ ដែល​គេ​ត្រូវការ​សម្រាប់​ការប្រើប្រាស់​ក្នុង​ពិភពលោក​ទាំងមូល។

នៅពេល​គេទាមទារ​ឲ្យ​មានការចែកចាយ ដោយ​សមភាព និង​យុត្តិធម៌ វ៉ាក់សាំង​នៅក្នុង​ពិភពលោក ដោយ​មិនប្រកាន់រើសអើង ប្រទេស​ក្រីក្រ ឬ​ប្រទេស​អ្នកមាន ក្រុមហ៊ុន​ផលិតឱសថ បាន​បញ្ជាក់រួចហើយថា គេនឹង​នៅតែ​រក្សា កម្មសិទ្ធិបញ្ញា សម្រាប់វ៉ាក់សាំង ដែល​គេ​រកឃើញ ព្រោះថា នេះ ​ជា​មូលដ្ឋាន​គ្រឹះ សម្រាប់ ការងារ​ស្រាវជ្រាវ ទៅមុខ របស់​ឧស្សាហកម្ម​ផលិតឧសថ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ