អានតួអត្ថបទ
កូវីដ១៩

ស្ថានភាពកូវីដ១៩បន្តធ្ងន់ធ្ងរនៅអាមេរិកឡាទីន សហភាពអឺរ៉ុបត្រៀមបើកព្រំដែននៅខែកក្កដា

កូវីដ​១៩ បាន​និង​កំពុង​បន្ត​ការរាតត្បាតនៅ​ទ្វីប​អាមេរិក។ មាន​ស្លាប់ជាង​៧ម៉ឺននាក់​​​នៅទ្វីប​​អាមេរិក​ឡាទីន​និង​តំបន់​ប្រជុំ​កោះ​​ការ៉ាអ៊ីប។ គិត​ត្រឹម​យប់​ថ្ងៃពុធឆ្លងមកថ្ងៃ​ព្រហស្បតិ៍ សហរដ្ឋ​អាមេរិករាប់​ឃើញ​មានឆ្លង​មេរោគ​កូរ៉ូណា​ថ្មី ឡើង​ដល់​​ជាង​ពីរ​លាន​នាក់​។ តែ​នៅ​ខាង​ទ្វីប​អឺរ៉ុបវិញ អង់គ្លេសចាប់បន្ធូរបន្ថយ​វិធានការ​បិទខ្ទប់ សហភាព​អឺរ៉ុបកំពុង​ពិចារណា​បើក​​​ព្រំប្រទល់​ឡើង​វិញ​នៅ​ខែកក្កដា។

អឺរ៉ុប​គ្រោង​បើក​ព្រំដែនឡើង​វិញ​​នៅ​ខែកក្កដា​
អឺរ៉ុប​គ្រោង​បើក​ព្រំដែនឡើង​វិញ​​នៅ​ខែកក្កដា​ © ASSOCIATED PRESS - Peter McCabe
ផ្សាយពាណិជ្ជកម្ម

កូវីដ​១៩បាន​សម្លាប់​ជីវិត​អស់​ជាង ៤១៤០០០​នាក់ និង​បាន​ចម្លង​លើ​មនុស្ស​ជាង​៧លាន​បី​សែន​នាក់ នៅទូទាំងពិភពលោក។ តែ​ទ្វីប​អាមេរិកបន្ត​​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​គេ។ រាប់​ពី​ប្រទេស​ម៉ិចស៊ិកចុះទៅ ​តំបន់អាមេរិកឡាទីន និង​តំបន់​ប្រជុំ​កោះ​ការ៉ាអ៊ីប មាន​អ្នក​ឆ្លងកូវីដសរុប​​ឡើងដល់​ជិត​១លាននាក់កន្លះ​ មានអ្នក​ស្លាប់​សរុប​ជាង ៧ម៉ឺន​១ពាន់​១រយនាក់។ ប្រេស៊ីល​បាន​ក្លាយ​ជា​ប្រទេស​រងគ្រោះខ្លាំង​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ ជាប់​លំដាប់​ទី​បី​​ពិភពលោក (ជិត​បួន​ម៉ឺន​នាក់​ស្លាប់) បន្ទាប់​មក​គឺ​ម៉ិចស៊ិក (ជាង​១៥០០០​នាក់​ស្លាប់ និង​អ្នក​ឆ្លង​ជាង១២​ម៉ឺន​នាក់) ប៉េរ៉ូ​មាន​ជាង​២០​ម៉ឺនករណី​ ប៉ាណាម៉ាមាន១៧៨៨៤ករណី។

នៅសហរដ្ឋ​អាមេរិក ចំនួន​មនុស្ស​ស្លាប់បានឡើង​ដល់​ជាង​១១២៩០០​នាក់ ករណីឆ្លងកូវីដ​បាន​​ឡើង​ដល់ជាង​ពីរ​លាននាក់ ជា​មួយ​នឹង​កំណើន​​អ្នក​ឆ្លង​ថ្មីប្រមាណ​២ម៉ឺន​នាក់ក្នុង​មួយ​ថ្ងៃៗ។

ប៉ុន្តែមិន​ថា​​អាមេរិក​និង​ប្រេស៊ីលឬម៉ិចស៊ិក​ទេ ទោះ​បី​មាន​តួលេខអ្នក​ស្លាប់​និង​ឆ្លងថ្មី​នៅ​តែច្រើន​​​ក្តី ក៏​ប្រទេស​ចាប់​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើង​វិញ​ជាបណ្តើរៗ និង​ជួនដោយ​គ្មាន​វិធានការ​ត្រឹមត្រូវ​អមជាមួយ​ទេ។

ផ្ទុយ​ទៅ​វិញ នៅអឺរ៉ុប ស្ថានភាព​កាន់​តែធូរ​ស្បើយ​ជា​លំដាប់ ចំនួន​​អ្នកចូលព្យាបាល​កូវីដ​និង​ស្លាប់ បានធ្លាក់​ចុះ​ជាគំហុក​។ ជាមួយ​នឹង​ការបន្ត​លើក​វិធានការបិទ​ខ្ទប់​ នៅចុងសប្តាហ៍​នេះ គណៈកម្មកា​រ​អឺរ៉ុប ត្រូវ​បង្ហាញ​អំពី អំពីគោលការណ៍​និងលក្ខខណ្ឌ​រួម នៃ​​ដំណើរការ​បើក​ព្រំដែន (ព្រំដែន​សហភាព​អឺរ៉ុប​) ដែល​ត្រូវ​ធ្វើ​ ដោយ​សន្សឹមៗ បន្តិចម្តងៗ និង​ជា​ដោយ​ផ្នែកៗ ចាប់​ពី​ថ្ងៃទី​១​កក្កដា។ គឺ​ជា​ការ​បើក​ព្រំដែនជាមួយ​ប្រទេសដទៃ​​ខ្លះដែល​មិន​មែន​ជាស្ថិត​ក្នុង​​សហភាព​អឺរ៉ុប​​​ និង​ដែល​ប្រទេសសមាជិក​នីមួយៗ​ជា​អ្នក​សម្រេចរៀង​ខ្លួនៗក្នុង​ស្មារតី​សហការ​គ្នា​ជាមួយ​សមាជិក​អឺរ៉ុប​ដូច​គ្នា។ ក្រិកបានបង្ហើប​ថា​នឹង​បើក​ព្រំដែន​ទទួលទេសចរ​​ចិន អូស្ត្រាលីនិង​កូរ៉េខាងត្បូង។

អង់គ្លេស​ដែល​ជា​ប្រទេសរងគ្រោះ​ស្លាប់ច្រើន​ជាងគេ​លំដាប់​ពីរ​ពិភពលោក កំពុងចាប់ពិចារណា​ផ្តើម​បន្ធូរបន្ថយ​វិធានការ​បិទ​ខ្ទប់​ដែរ។ នាយករដ្ឋមន្ត្រី​ បានប្រកាស​កាលពីម្សិលមិញលើក​សរសើរ​សេវា​សុខភិបាល​ប្រទេស​ដែល​អាច​គ្រប់គ្រង​កូវីដ​បាន​នៅ​ពេលនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ