អានតួអត្ថបទ

សហភាព​អឺរ៉ុប​ចង់ចរចា​ ដោះស្រាយ​វិវាទ​ជាមួយ​សម្ព័ន្ធមិត្ត អាមេរិក

នៅថ្ងៃ ចន្ទ និង​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍នេះ ជា​ពេលវេលា​ដែល​អឺរ៉ុប​ត្រូវ​ជួប​រដ្ឋមន្រ្តីការបរទេស និង​រដ្ឋមន្រ្តី​ការពារ​អាមេរិក ដើម្បី ពិភាក្សា​ពីវិវាទ​រវាង​ភាគីសម្ព័ន្ធមិត្ត​ទាំងពីរ។ ជម្លោះ​អាមេរិក ចិន ការប្រកាស​ដក​កងទ័ព​អាមេរិក​ពី​ប្រទេសអាល្លឺម៉ង់ ការផ្តាច់ជំនួយ​សម្រាប់​អង្គការ​សុខភាព​ពិភពលោក ឬ​ការគាំទ្រ​របស់​អាមេរិក​សម្រាប់​អ៊ីស្រាអែល ក្នុង​រឿង​កាត់យកដី​របស់​ប្រជាជន​ប៉ាឡេស្ទីន។ ទាំងនេះ​សុទ្ធជា​សំណុំរឿង ដែល​ភាគី​អឺរ៉ុប​ចង់​បាន​ការបកស្រាយ​ពី​អាមេរិក របស់​លោកដូណាល់ ត្រាំ។

ទាហាន​អាមេរិក នៅក្នុង​ជួរកម្លាំងទ័ពអូតង់
ទាហាន​អាមេរិក នៅក្នុង​ជួរកម្លាំងទ័ពអូតង់ AP - Michael Probst
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ចន្ទ កិច្ចប្រជុំ​តាមសន្និសីទ​វីដេអូ រវាង​រដ្ឋមន្រ្តីការបរទេស​អឺរ៉ុប​និង រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក​Mike Pompéo នឹង​ជា​ឱកាស​ឲ្យ​ អាមេរិក និង​អឺរ៉ុប​អាច​ពិនិត្យ​មើលឡើង​ពី​ទិសដៅរួម និង​ជំហរ​ខ្វែងគំនិតគ្នា​រវាង​ភាគី​ទាំងពីរ។ អឺរ៉ុប​ ចង់បាន​ការបកស្រាយ​ពី​អាមេរិក​ក្នុង​រឿង ដែល​អាមេរិក​ចាប់ឈ្លោះ​សាជាថ្មី​ជាមួយ​មហាអំណាច​ចិន និង​រឿង​ដែល​អាមេរិក​ចាត់វិធានការ ប្រឆាំង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជាដើម។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​ប្រកាស​បើក​ការស៊ើបអង្កេត​បឋម​លើ​ករណី ឧក្រិដ្ឋកម្ម​សង្រ្គាម របស់​ទាហាន​អាមេរិកាំង នៅ​អាហ្វហ្កានីស្ថាន។

ការដកខ្លួន​របស់​អាមេរិក​ពី​ស្ថាប័ន​អន្តរជាតិ ដូចជា អង្គការ​សុខភាព​ពិភពលោក នៅក្នុង​កាលៈទេសៈ កើតជំងឺ​កូវីដ១៩ ក៏ដូចជា​ការដកកងទ័ព​អាមេរិក​ចេញពី​ទឹកដី​អាល្លឺម៉ង់។ ជំហរ​ផ្ទុយស្រឡះ របស់ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ នៅមួយរយៈកាល​ចុងក្រោយ​នេះ​បានធ្វើ​ឲ្យ​អឺរ៉ុប​រង​រញ្ជួយ និង​ត្រូវ​ពិចារណា​យុទ្ធសាស្រ្ត​របស់ខ្លួន​ឡើងវិញ។ នៅក្រោយ​លោកដូណាល់ ត្រាំ ប្រកាស​ដកកងទ័ព​មួយចំនួន​ចេញពី​ប្រទេស​អាល្លឺម៉ង់ អេស្ប៉ាញ និង​អាល្លឺម៉ង់​ចាប់​ចោទសួរ​ពី​ជំនឿទុកចិត្ត​លើ​សម្ព័ន្ធមិត្ត​អាមេរិក នៅក្នុង​កិច្ចការពារ អឺរ៉ុប នៅចំពោះមុខ​ការគំរាមកំហែង​របស់​រុស្ស៊ី

ក្នុងជំនួបវីដេអូ នៅថ្ងៃ​ព្រហស្បតិ៍ ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក ត្រូវអះអាង​ធានា ​រដ្ឋមន្រ្តី​ការពារជាតិ​របស់​អង្គការ​អូតង់​ឲ្យបាន​ធូរស្រាលចិត្ត។

សម្រាប់​មន្រ្តីការទូត​អឺរ៉ុប​ម្នាក់​ដែល​សុំមិនបញ្ចេញឈ្មោះ ការប្រកាស​ដក​កងទ័ពអាមេរិក របស់​លោកដូណាល់ ត្រាំ មិនមែន​ជា​រឿង​គួរឲ្យភ្ញាក់ផ្អើល​នោះទេ។ លោកដូណាល់ ត្រាំ ​ដែល​គិតគូរ​តែ​ពី​ការកាត់បន្ថយ​ខ្ទង់ចំណាយ ​បាន​ប្រកាស​ដកកងទ័ព​អាមេរិក​ពីគ្រប់កន្លែង មិនថា នៅ​អាល្លឺម៉ង់ អ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន។ ដោយ​ផ្ទេរ​បន្ទុក​ទៅឲ្យ​អង្គការ​អូតង់ ប្រធានាធិបតី អាមេរិក​បាន​ទាមទារ​ឲ្យ​ប្រទេស​នៅ​អឺរ៉ុប បង្កើន​វិភាគទាន​សម្រាប់​អូតង់ ដើម្បី​សម្រាលបន្ទុក​របស់​អាមេរិក។ អាល្លឺម៉ង់​បាន​យល់ព្រម​បង្កើន​ប្រាក់វិភាគទាន​របស់ខ្លួន ប៉ុន្តែ បដិសេធ​មិនជំនួស តួនាទី ការងារ​របស់​កងទ័ព​អាមេរិក​នោះទេ។

ទោះអឺរ៉ុប មិន​សប្បាយចិត្ត​នឹង​ជំហរ​សោះអង្គើយ របស់សម្ព័ន្ធមិត្ត​អាមេរិក ប៉ុន្តែ អឺរ៉ុប​មិន​ចង់​ឈ្លោះ ដំឡើងសំឡេង​ជាមួយអាមេរិកដែរ។ អឺរ៉ុប​នៅតែ​ត្រូវការ​កម្លាំងយោធា​របស់​អាមេរិក​ដើម្បី​ជួយការពារ អឺរ៉ុប​ពីការគំរាមកំហែង​របស់​រុស្ស៊ី។ អាមេរិក​នៅតែ​មាន​ឥទ្ធិពល​លើ​តួកគី ដែល​កំពុង​ដាក់ខ្លួន​ឈ្លោះជាមួយ ដណ្តើមផលប្រយោជន៍​របស់អឺរ៉ុប នៅ​លីប៊ី និង​នៅ​សមុទ្រមេឌីទែរ៉ាណេ។ ម្យ៉ាងទៀត ឈ្លោះប្រកែកគ្នា​ជាមួយ​អាមេរិក​នឹង​អាច​ធ្វើឲ្យ​អឺរ៉ុប ចាញ់ប្រៀប ស្ថិតក្រោម​សម្ពាធ​របស់​មហាអំណាចចិន ដែល​កំពុង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន កាន់តែ​ខ្លាំង នៅក្នុង​ពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ