អានតួអត្ថបទ
កូវីដ១៩-ថ្នាំ

ការសិក្សាអង់គ្លេស ៖ ថ្នាំ Dexamethasone ​អាច​កាត់​បន្ថយគ្រោះ​មរណៈ​​របស់​អ្នក​ជំងឺ​កូវីដ​ធ្ងន់ធ្ងរ

ចាប់​ពី​ថ្ងៃអង្គារ​ទី ១៦ មិថុនា២០២០ ទៅ ភ្នាក់ងារ​សុខាភិបាល​អង់គ្លេស នឹង​ប្រើថ្នាំ dexamethasone ​ ដេចហ្សាមេតាហ្សូន ក្នុង​ការ​ព្យាបាលអ្នក​ជំងឺកូវីដ១៩ធ្ងន់ធ្ងរ។ លទ្ធផល​នៃ​ការ​សិក្សាដ៏​ធំ​មួយ​បាន​បង្ហាញ​ឱ្យ​ឃើញថា ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​អាច​កាត់​បន្ថយ​អត្រាមរណៈ​របស់​អ្នក​កើត​ជំងឺ​​កូរ៉ូណាវីរុស​ថ្មី បាន​ដល់​ទៅ​មួយ​ភាគបី។

បើ​តាមការសិក្សា​អង់គ្លេស dexametasone អាច​កាត់​បន្ថយ​គ្រោះ​មរណៈ​របស់​អ្នក​ជំងឺ​កូវីដ​ធ្ងន់ធ្ងរ​បាន​មួយភាគបី​
បើ​តាមការសិក្សា​អង់គ្លេស dexametasone អាច​កាត់​បន្ថយ​គ្រោះ​មរណៈ​របស់​អ្នក​ជំងឺ​កូវីដ​ធ្ងន់ធ្ងរ​បាន​មួយភាគបី​ REUTERS - YVES HERMAN
ផ្សាយពាណិជ្ជកម្ម

Dexamethasone ដែល​ស្ថិត​នៅ​ក្នុង​ចង្កោម​គ្រួសារ​ថ្នាំ​Steroïde គឺ​ជាថ្នាំ​ទីមួយ ដែល​​​ជួយ​អ្នក​ជំងឺ​ឱ្យ​បាន​រួច​ពី​ស្លាប់ដោយ​ជំងឺកូវីដ១៩។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​​អ្នក​ទទួល​ខុស​ត្រូវ​ការ​សិក្សា​សាកល្បង​ថ្នាំ​ព្យាបាលកូវីដ​១៩អង់គ្លេសRecovery លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Stephen Powis ដែល​បាន​សម្តែង​ក្តី​រីករាយ​ថា ពេល​នេះ​ពិភពលោក​មាន​វិធីសាស្ត្រ​ថ្មី​ក្នុង​ការ​ព្យាបាលជំងឺកូវីដ។

បើ​តាម​ក្រុម​អ្នក​ស្រាវជ្រាវនេះ អ្នក​ជំងឺ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ដល់​​ដំណាក់កាល​ដាក់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ម្នាក់ ក្នុង​ចំណោម​៨​នាក់​បាន​​រួច​ពី​ស្លាប់ ដោយ​សារបានទទួល​ថ្នាំ​ ដេចហ្សាមេតាហ្សូន។ តាម​រយៈការព្យាបាល​ដោយ​​ថ្នាំ​ ដេចហ្សាមេតាហ្សូន ជាមូលដ្ឋាន អ្នក​ជំងឺដែល​លែង​មាន​សមត្ថភាព​ដកដង្ហើម​ដោយ​ខ្លួនឯង ​មាន​ឱកាសច្រើន​​នឹង​បានរស់​រាន​ជីវិត​​។

នៅ​ក្នុង​ការ​សិក្សាសាកល្បង អត្រាមរណៈ​របស់ក្រុម​​​​អ្នកជំងឺ​ (២១០៤​នាក់) ដែល​បាន​ទទួល​ថ្នាំ​ចាក់​ឬ​ថ្នាំ​លេបរយៈ​ពេល​១០​ថ្ងៃ ​​​​បាន​ថយ​ចុះ​អស់​មួយភាគបី (ឬ​៣៣%) បើ​ប្រៀប​ទៅ​នឹង​ក្រុម​​​អ្នក​ជំងឺ​​ (​៤៣២១នាក់) ​ដែល​មិន​បាន​ទទួល​ថ្នាំ​ដេសស្ហាមេតាហ្សូន។ ឯ អត្រា​មរណៈ​របស់​អ្នកមាន​ស្ថានភាព​ជំងឺមិន​សូវ​ធ្ងន់ បាន​ថយ​ចុះ​មួយ​ភាគ​ប្រាំ។ ប៉ុន្តែ​ថ្នាំពុំ​ហុច​ផល​ល្អ​ចំពោះ​អ្នក​ជំងឺ​កូវីដ ដែល​មិន​ត្រូវ​ការ​ជំនួយ​ដង្ហើមទេ។

Dexamethasone ជា​ថ្នាំ​ដែល​មាន​តម្លៃស​ថោក មាន​លក់​ទីផ្សារ​ស្រាប់ និងអាច​យក​មកប្រើប្រាស់​សម្រាប់​ព្យាបាលជំងឺកូវីដ​បាន​ភ្លាម សម្រាប់​សង្គ្រោះ​ជីវីត​មនុស្សនៅ​លើ​ផែនដី។ ពិភព​អ្នក​វេជ្ជសាស្ត្រ​ស្គាល់​ថ្នាំ​នេះ​ច្បាស់ និង​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​សម្រាប់​ព្យាបាលអាការៈ​ជា​រោគជាច្រើនព្រោះ​ជា​ថ្នាំ​មាន​ប្រសិទ្ធភាព​​ខ្លាំង​ប្រឆាំង​នឹងការរលាក។ ថ្នាំនេះក៏​ត្រូវ​បានគ្រូពេទ្យ​ខ្លះ​យក​ទៅ​ប្រើប្រាស់ចំពោះ​អ្នក​ជំងឺ​​​មហារីក ដែល​កំពុង​ទទួល​ការ​ព្យាបាល​ដោយ​ថ្នាំគីមី។

គ្រាន់​តែ​លទ្ធផលនៃការសិក្សា​ចេញ​ភ្លាម អង់គ្លេស​បាន​ប្រកាសចាត់​ទុក​​ថ្នាំដេចហ្សាមេតាហ្សូននេះ ជា​ថ្នាំ​ស្តង់ដារ​​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ។ អង់គ្លេស​មាន​ថ្នាំ​នេះក្នុង​ស្តុក តាំង​ពី​ខែ​មីនា អាចប្រើ​ភ្លាម​​សម្រាប់​ព្យាបាល​​ជំងឺ​​ចំនួន​២០ម៉ឺន​ករណី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ