អានតួអត្ថបទ
អង់គ្លេស

អង់គ្លេស៖ យុវជន២៥ឆ្នាំម្នាក់ ចាក់សម្លាប់មនុស្ស៣នាក់ និងរបួសច្រើននាក់ នៅសួនសាធារណៈ

ហេតុការណ៍ចាក់សម្លាប់មនុស្សនឹងកាំបិតមួយ បានកើតឡើងក្នុងប្រទេសអង់គ្លេស នៅសួនសាធារណៈក្នុងទីក្រុង Reading ភាគខាងលិចចំងាយ​៦០គីឡូម៉ែត្រ ពីទីក្រុងឡុងដ៍។ មានមនុស្សយ៉ាងហោច៣នាក់បានស្លាប់ និងរបួសធ្ងន់ច្រើននាក់ផ្សេងទៀត។ ជនសង្ស័យ ភេទប្រុស អាយុ​២៥ឆ្នាំ ត្រូវបាននគរបាលចាប់ឃាត់ខ្លួន ដោយពេលនេះ សមត្ថកិច្ចអង់គ្លេស នៅមិនទាន់ដឹង អំពីមូលហេតុពិតប្រាកដ ដែលជំរុញឲ្យជននេះ ធ្វើសកម្មភាព​ព្រៃផ្សៃនេះឡើយ។

នគរបាលអង់គ្លេស កំពុងឡោមព័ទ្ធនៅមាត់ច្រកចូលសួន Forbury Gardens ក្នុងទីក្រុង Reading ថ្ងៃទី​២១មិថុនា ២០២០
នគរបាលអង់គ្លេស កំពុងឡោមព័ទ្ធនៅមាត់ច្រកចូលសួន Forbury Gardens ក្នុងទីក្រុង Reading ថ្ងៃទី​២១មិថុនា ២០២០ REUTERS - PETER NICHOLLS
ផ្សាយពាណិជ្ជកម្ម

ល្ងាចថ្ងៃសៅរ៍ទី២០មិថុនា មានមនុស្សជាច្រើននាក់ បានមកអង្គុយជួបជុំគ្នា លំហែរស្រូបខ្យល់អាកាស និងទទួលពន្លឺព្រះអាទិត្យ ក្នុងសួន Forbury Gardens ក្នុងទីក្រុង Reading។ វេលាម៉ោង៧ល្ងាច ស្រាប់តែមានមនុស្សម្នាក់ ស្ទុះរត់ ដៃកាន់កាំបិត ចូលមកចាក់មនុស្សដែលកំពុងអង្គុយជួបជុំគ្នានៅតាមវាលស្មៅ។

សាក្សីម្នាក់ នៅកន្លែងកើតហេតុ បានប្រាប់ទូរទស្សន៍BBCថា ក្នុងពេលធ្វើសកម្មភាព​ ជនដៃដល់បានស្រែក តែខ្លួនមិនអាចស្តាប់យល់ថាជននោះ ស្រែកថាដូចម្តេចទេ។ ជនដៃដល់ បានចាក់មនុស្ស៣នាក់ នៅចំកពីក្រោយ និងចំក្រោមឃ្លៀក រួចហើយបន្តរត់ទៅចាក់អ្នកផ្សេងទៀត។ មនុស្សម្នា បានផ្អើលរត់ប្រសេចប្រសាចពេញសួនសាធារណៈ។ ជនដៃដល់បានរត់តាម និងបានចាក់មនុស្សឲ្យរបួសជាច្រើននាក់ទៀត។​ មនុស្ស៣នាក់បានស្លាប់ នៅនឹងកន្លែង។​ ចំណែកមនុស្ស៣នាក់ផ្សេងទៀត កំពុងស្ថិតក្នុងការសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ។

ជនសង្ស័យ​ភេទប្រុសម្នាក់ អាយុ២៥ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងចោទប្រកាន់ ពីបទមនុស្សឃាត។ យោងតាម​ប្រភព​ពី​នគរបាលក្រុង​Reading ជនដៃដល់ គឺជាអ្នកកើតនិងរស់នៅក្នុងទីក្រុង​នេះ។ កាលពីយប់ថ្ងៃសៅរ៍ លោក Ian Hunter មេ​នគរបាល​ក្រុង Reading បានលើកឡើងថា សម្រាប់ពេលនេះ ពុំមានធាតុផ្សំណាមួយ ដែលធ្វើឲ្យ​គេសង្ស័យថា អំពើនេះជាអំពើភេរវកម្មទេ។ តែយ៉ាងណា នគរបាល​កំពុងធ្វើការជាមួយមន្ត្រីជំនាញផ្នែកភេរវកម្ម ដើម្បីស្វែងរកមូលហេតុពិតប្រាកដ​ ដែលជំរុញឲ្យ​ជននេះ ធ្វើសកម្មភាពដ៏ព្រៃផ្សែនេះ។ ក៏ប៉ុន្តែ នៅព្រឹកថ្ងៃអាទិត្យទី២១​មិថុនា នគរបាល​ក្រុង​Reading បានចេញលិខិតប្រកាសថា ដោយបានពិនិត្យល្អិតល្អន់ ហេតុការណ៍នេះ ត្រូវបានសមត្ថកិច្ចជំនាញចាត់ទុកថា មានលក្ខណជាអំពើភេរវកម្ម។

សូមបញ្ជាក់ថា ហេតុការណ៍នេះ បានបង្កឲ្យមានការតក់ស្លុតជាខ្លាំង នៅប្រទេសអង់គ្លេស។ លោក​បូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស បានសរសេរសារ នៅលើទំព័រ Twitter ចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះ និងអរគុណ ចំពោះក្រុមសង្រ្គោះបន្ទាន់។

គួរបញ្ជាក់ដែរ ថាក្នុង​សួនសាធារណៈដែលកើតហេតុនេះ គឺនៅពេលរសៀលមានការជួបជុំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងការរើសអើងប្រកាន់ពូជសាសន៍ទៅលើជនស្បែកខ្មៅ។ តែបាតុករបានរំសាយគ្នាចេញទៅអស់ នៅសល់តែអ្នកដែលមកសម្រាកលំហែរតែប៉ុណ្ណោះ មុននឹងជនដៃដល់បានធ្វើសកម្មភាពចាក់ដោយកាំបិត។ នេះបើផ្អែកតាម​ការអះអាង​ របស់អ្នកសម្របសម្រួលបាតុកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ