អានតួអត្ថបទ

ខឹងនឹង​តួកគី បារាំង​ដកខ្លួន​ពីប្រតិបត្តិការ​របស់​អូតង់ នៅ​សមុទ្រ​មេឌីទែរ៉ាណេ

ការខឹងសម្បារ និង​ថ្នាំងថ្នាក់ចិត្ត​របស់​បារាំង ទៅលើ​រដ្ឋាភិបាល​តួកគី បាន​រីករាលដាល​ទៅ​ដល់​សម្ព័ន្ធ​អាត្លង់ទិក អូតង់។ កាលពី​ថ្ងៃ​ពុធ ក្រសួងការពារ​ជាតិ​បារាំង បាន​បញ្ជាក់ ថា​បារាំង នឹង​ផ្អាក​មួយរយៈ ការចូលរួម​របស់​បារាំង ក្នុង​ប្រតិបត្តិការ​របស់​អង្គការ​អូតង់ នៅ​សមុទ្រ​មេឌីទែរ៉ាណេ។ នៅក្នុង​សវនាការ​សួរដេញដោល​របស់​គណៈកម្មការ​បរទេស និង​ការពារជាតិ​របស់​ព្រឹទ្ធសភា​បារាំង ឯកអគ្គរដ្ឋទូត​តួកគី ប្រចាំ​ប្រទេស​បារាំង​បាន​និយាយ​ថា រដ្ឋាភិបាល​បារាំង មិនសប្បាយចិត្ត​នឹង​អូតង់ ដែល​មិនព្រមដាក់​ទោស​តួកគី នៅក្នុងរឿង​ប៉ះទង្គិចគ្នា​រវាង​កប៉ាល់​តួកគី និង​កប៉ាល់​បារាំង កាលពី​ដើមខែ​មិថុនា​កន្លងទៅ។

បារាំង​ចោទ​កងទ័ព​ជើងទឹកតួកគី​ថា​ព្យាយាម​រំខាន​ការប្រឹងប្រែង​របស់​បារាំង ក្នុង​ប្រតិបត្តិការ​ទប់ស្កាត់​ការជួញដូរ​អាវុធ​ខុសច្បាប់​ចូល​ទឹកដី​លីប៊ី កាលពី​ខែ​មិថុនា
បារាំង​ចោទ​កងទ័ព​ជើងទឹកតួកគី​ថា​ព្យាយាម​រំខាន​ការប្រឹងប្រែង​របស់​បារាំង ក្នុង​ប្រតិបត្តិការ​ទប់ស្កាត់​ការជួញដូរ​អាវុធ​ខុសច្បាប់​ចូល​ទឹកដី​លីប៊ី កាលពី​ខែ​មិថុនា AP - Haven Daley
ផ្សាយពាណិជ្ជកម្ម

ដោយដកខ្លួន​ចេញ​មួយរយៈ ពី​ប្រតិបត្តិការ​យាមសមុទ្រ​មេឌីទែរ៉ាណេ ​របស់អង្គការ​អូតង់ ទីក្រុងប៉ារីស ចង់​បាន​ការបកស្រាយ​បំភ្លឺ របស់​សម្ព័ន្ធអាត្លង់ទិក អូតង់ ទាក់ទង​នឹង​ការគោរព​បម្រាម​លក់​ដឹកអាវុធ​ចូលទឹកដី​លីប៊ី។

កាលពី​ខែ​មិថុនា បារាំង ​បាន​ប្តឹង​ទៅ​អង្គការ​អូតង់ ឲ្យ​ចាត់ការ​តួកគី  ដែល​បារាំង​ចោទប្រកាន់​ថា មាន​ជំហរ​អរិភាព និង​រំខាន​កិច្ចប្រឹងប្រែង​របស់​បារាំង ក្នុង​ការអនុវត្ត បម្រាម​របស់​អង្គការ​សហប្រជាជាតិ ក្នុង​ការលក់ដឹកអាវុធ​ទៅប្រទេស​លីប៊ី។ តាម​ក្រសួងការពារជាតិ​បារាំង នៅ​ថ្ងៃទី​១០​មិថុនា នៅពេល​កប៉ាល់​បារាំង កំពុង​តាមដាន​កប៉ាល់តួកគី ដែល​គេ​សង្ស័យថា មាន​លួចលាក់​ដឹកអាវុធ​ទៅលីប៊ី កប៉ាល់​ចម្បាំង តួកគី បាន​លេចមុខ​អន្តរាគម និង​បាន​បែរកាណុង​គំរាម​កប៉ាល់​ល្បាត​របស់បារាំង។

នៅពាក់កណ្តាល​ខែ​មិថុនា សម្ព័ន្ធ​អាត្លង់ទិក​អូតង់​បាន​បើក​ការស៊ើបអង្កេត តាម​ការចោទប្រកាន់​របស់​បារាំង ដែល​តួកគី​បាន​បដិសេធ ដាច់អហង្កា។ តាម​ឯកអគ្គរដ្ឋទូត​តួកគី​ប្រចាំ​ទីក្រុង​ប៉ារីស រដ្ឋាភិបាល​បារាំង ដកខ្លួន ពីប្រតិបត្តិការ​យាមសមុទ្រ របស់​អង្គការ​អូតង់ ក៏ដោយសារ​ថា ការស៊ើបអង្កេត របស់​អូតង់​មិនបាន​ផ្តល់​លទ្ធផល​ដូច ការចោទប្រកាន់​របស់​បារាំង។

បារាំង និង​តួកគី ដែល​ជាសមាជិក​ដូចគ្នា​របស់​អូតង់ បាន​ចាប់ផ្តើម​ដំឡើង​សំឡេង​ដាក់គ្នា ដោយសារ​តែ​វិបត្តិ​នៅ លីបី ជាទី បារាំង និង​តួកគី ការពារ ភាគី​ជម្លោះ រៀងៗខ្លួន។ តួកគី​​បាន​បញ្ជូន​កងទ័ព ទៅជួយ​រដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលី ដែល​ជាសត្រូវ​របស់​សេនាប្រមុខ ហាហ្វតា  គាំទ្រ​ដោយ​ទីក្រុង​ប៉ារីស។ នៅក្នុង​ដំណើរ​ទៅប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី បារាំង​បានទាមទារ​ឲ្យ​តួកគី បញ្ជាក់​ច្បាស់​ពីជំហរ​នយោបាយ​របស់​តួកគី ដែល​បើតាម​ប្រមុខរដ្ឋ​បារាំង កំពុង​គំរាមកំហែង​អាហ្វ្រិក និង​អឺរ៉ុប។ តាម​ប្រធានាធិបតី​បារាំង  តួកគី​ដែល​​តាំង​ខ្លួន​ជា​សមាជិក​របស់​អូតង់ បាន​បង្កើន វត្តមានទ័ព​កាន់តែ​ច្រើន​នៅ​លីប៊ី និងដឹកនាំ​យក​ទាហាន​ជីហាត​ពីស៊ីរី ទៅប្រយុទ្ធនៅលីប៊ី។

ក្រៅពីសំណុំរឿង​លីប៊ី ទំនាក់ទំនង​បារាំង និង​តួកគី កាន់តែ​ធ្លាក់ចុះ​អាក្រក់ ដោយសារ​សកម្មភាព​ខួងបូមប្រេង​របស់​តួកគី នៅ​សមុទ្រ​មេឌីទែរ៉ាណេ និង​ការដែល​តួកគី​ទិញមីស៊ីល​ពី​រុស្ស៊ី នោះបើទោះជា​តួកគី​ជាសមាជិក​របស់​អូតង់​ក៏ដោយ។

នៅ​ក្នុង​សវនាការ​សួរដេញដោល របស់​គណៈកម្មការ​ទទួល​កិច្ចការបរទេស និង​កងទ័ព នៅ​ព្រឹទ្ធិសភា​បារាំង ឯកអគ្គរដ្ឋទូត​តួកគី​ប្រចាំ​ក្រុង​ប៉ារីស​បាន​លើក​ឡើង​ពី​ទម្ងន់​របស់​តួកគី​ទាំង​ផ្នែក យោធា និង​នយោបាយ។ គ្មាន​តួកគី នោះ​គេ​មិនអាច​ដោះស្រាយ​សំណុំរឿង​អ៊ីរ៉ាក់ ស៊ីរី លីប៊ី អេហ្ស៊ីប បាននោះទេ។ សម្រាប់​អ្នកតំណាងតួកគី អូតង់ គ្មាន​តួកគី នោះក៏​គ្មានដែរ អង្គការ​អូតង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ