អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំងផ្លាស់​ប្តូរក្បាលម៉ាស៊ីន​ដឹកនាំ ​ដើម្បីទប់ទល់​នឹង​កូវីដ១៩ និង​ស្តារ​ប្រិយភាព​ប្រមុខរដ្ឋ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី​៧កក្កដា ក្រោយរដ្ឋាភិបាល​បារាំង ​ប្រកាសពីសមាសភាព​សមាជិក​រដ្ឋាភិបាលថ្មី ហើយនាយករដ្ឋមន្ត្រីថ្មី និងសមាជិក​រដ្ឋាភិបាល​ថ្មី ប្រមាណ​៣០នាក់​ ​បាន​ជួប​ប្រជុំគ្នា​ជាគណៈរដ្ឋមន្ត្រី​លើកដំ​បូង​ នៅវិមានប្រធានាធិបតី អេលីហ្ស។ តើ​សមាជិករដ្ឋាភិបាល​បារាំង មានការ​ផ្លាស់ប្តូរអ្វីខ្លះ? កិច្ចការ​កំណែទម្រង់​រដ្ឋាភិបាលថ្មី នឹង​ត្រូវ​ផ្តោត​លើវិស័យ​ណា​ជាអាទិភាព​? ហើយថាតើ​ការ​ផ្លាស់ប្តូរ​សមាជិក​រដ្ឋភិបាល​បារាំងពេលនេះ អាច​ជួយ​ស្រោចស្រង់​ប្រជាប្រិយភាព​របស់​ប្រធានាធិបតីវ័យក្មេង លោក អេម៉ានុយអែល ម៉ាក្រុង បាន​កម្រិតណា? 

សមាជិករដ្ឋាភិបាលបារាំងថ្មី
សមាជិករដ្ឋាភិបាលបារាំងថ្មី AFP - THOMAS COEX
ផ្សាយពាណិជ្ជកម្ម

តើ​សមាសភាព​សមាជិក​រដ្ឋាភិបាល​ថ្មី មាន​អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង?

​បី​ចំណុច​ ​គួរ​​ឱ្យ​ទាក់​ភ្នែក។ ទី១ ​រដ្ឋាភិបាលបារាំង​​ថ្មីនេះ មានភាគច្រើន​ជា​អ្នកនយោបាយ​ ជា​ជន​ស្តាំ​និយម ឧទាហរណ៍​ រដ្ឋមន្ត្រី​សេដ្ឋកិច្ច និងរដ្ឋមន្ត្រី​អប់រំ ហើយ​រដ្ឋមន្ត្រី​ខ្លះទៀត ​ជា​មនុស្ស​ស្និទ​នឹង​អតីតប្រធានាធិបតី​ នីកូឡា សាក់កូហ្ស៊ី។ ជាក់ស្តែង នាយករដ្ឋមន្ត្រីបារាំង​ថ្មី លោក ហ្សង់ កាស្តិច ផ្ទាល់តែម្តង ហើយមាន រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ រដ្ឋមន្ត្រីវប្បធម៌ ​ជា​អតីតសហការី និងក៏ជា​មនុស្ស​ជំនិត​នឹង​អតីតប្រធានាធិបតី នីកូឡា សាក់កូហ្ស៊ី ដែរ​។​

​ចំណុច​ទី២ គឺការ​ផ្ទេរ​រដ្ឋមន្ត្រីខាង​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ​ លោក​ Gérald Darmanin ឱ្យ​ទៅកាន់​ការ​ជារដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ។ លោកនេះ ត្រូវ​គេ​ចោទ​ពីការ​ត្បិតត្បៀត​ថវិកា ហើយ​និងត្រូវ​ធ្លាប់​ស្រីៗប្តឹងពី​បទបំពារបំពានភេទ​ផង។ អ្នក​ខ្លះ​ធ្លោយមាត់ថា ស្រីៗ​នឹង​ទៅធ្វើ​បាតុកម្ម​មុខ​ក្រសួង​មហាផ្ទៃញឹកញយ​ហើយ។​

ចំណុច​ទី៣ដែល​​នាំឱ្យ​មាន​ការ​ជជែក​សួរ​គ្នា​ច្រើន​នោះ គឺការ​​តែងតែង​មេធាវីមាត់ឆៅ លោក Éric Dupond-Moretti ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ មេធាវីឯកទេស​ព្រហ្មទណ្ឌ​រូបនេះ ដែលធ្លាប់​តែ​រិះគន់ប្រព័ន្ធយុត្តិធម៌បារាំង​ និងវាយសំពងមិនសំចៃមាត់ ទៅលើក្រុមរដ្ឋអាជ្ញា ហើយលោក​​ស្ទើរតែ​ក្លាយ​ទៅជា​សត្រូវ​ប្រឆាំង​នឹង​អយ្យការទៅហើយ​ បែរជាត្រូវតែងតាំងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទៅវិញ​។ យ៉ាងណាក៏ដោយ មនុស្ស​ច្រើន​គ្នា​ គិតថា មេធាវី Éric Dupond-Moretti ជា​ជន​ដែល​ឈរ​លើ​សច្ចយុត្តិធម៌ ការពារ​សិទ្ធមនុស្សតែ​ជាប់​រហូត​​៤០សិបឆ្នាំហើយ​ លោក​នឹង​បំពេញ​តួនាទី​ជារដ្ឋមន្ត្រីដែល​ការពារ​ប្រយោជន៍​នៃយុត្តិធម៌​របស់ពល​រដ្ឋ​និងរដ្ឋ​បារាំង។​

ចំណុច​បន្ទាប់​បន្សំ​ តែ​ទំនង​ជាចាប់អារម្មណ៍​សម្រាប់​ខ្មែរយើង គឺថា រដ្ឋាភិបាលបារាំង​ថ្មី មានការ​បែង​ចែក​ចំនួន​កូតា​រដ្ឋមន្ត្រី ទៅតាម​សមភាព​យេនឌ័រ​ ស្ត្រី​និង​បុរស​ យ៉ាង​ស្មើគ្មា។ ក្នុង​ចំណោម​ក្រសួង ដែល​មានត្រឹមតែ​​​១៦ គឺ​មាន​រដ្ឋមន្ត្រី​ ភេទ​ស្រី ចំនួន​៨នាក់​ ស្មើ​នឹង​រដ្ឋមន្ត្រី​ប្រុស​ដែរ​ ហើយថែមទាំងមាន​រដ្ឋមន្ត្រីអម​និង​រដ្ឋលេខាធិការ​ ជានារី​ច្រើន​នាក់ទៀត។

ក្នុង​ដំណាក់កាល​នៃ​ការ​ទប់​ទល់​នឹង​ជំងឺ​កូវីដ​១៩ រដ្ឋាភិបាល​បារាំងថ្មី ដែល​ផ្លាស់ប្តូរ​ពាក់​កណ្តាល​អាណត្តិ​បែបនេះទៀត គឺ​ច្បាស់​ជា​ត្រូវ​មាន​កិច្ចការធ្វើ​ច្រើន​ណាស់ហើយ​​?​

ការ​ងារ​ចំពោះមុខ​ មុន​គេ គឺ​ទប់​ទល់​នឹង​កូវីដ​១៩​។ លោកប្រធានាធិបតីបារាំង​​សន្យា​​សម្រេច​ផ្តល់​លុយ ចន្លោះ​ពី​១៥ ទៅ​២០​ពាន់​លាន​អឺរ៉ូ សម្រាប់ការ​វិនិយោគ​សាង​សង​អគារ​មន្ទីរពេទ្យ​ ​រៀបចំ​គ្រឿង​បរិក្ខារពេទ្យ និង​ធ្វើ​ទំនើប​កម្ម​មន្ទី​រសង្គ្រោះ។ ចំណែក​លោក ហ្សង់ កាស្តិច​​​ គ្រាន់តែ​ចូលកាន់​តំណែង​នាយករដ្ឋមន្ត្រី​ថ្មី ភ្លាម លោក​បាន​សម្រេច​ថែម​លុយ១.១ពាន់​លាន​អឺរ៉ុបបន្ថែម​ ដើម្បី​បង្គ្រប់ចំនួន​​ ៧.៥ពាន់​លាន​អឺរ៉ុប ជា​កញ្ចប់​ថវិកា​សម្រាប់​រដ្ឋមន្ត្រី​សុខាភិបាល​ យកទៅ​ចរចា​ជាមួយ​សហជីពវិស័យ​​សុខាភិបាល​ និងសម្រាប់​បើក​ប្រាក់ខែ​បន្ថែម​ដល់​បុគ្គលិក​សុខាភិបាល។ នៅថ្ងៃ​អាទិត្យ​នេះ​ នាយករដ្ឋមន្ត្រី​ថ្មី នឹងចុះសកម្មភាព​ដំបូង ​ទៅ​ Guyane ជា​ដែន​ដី​ឯនាយសមុទ្រ​របស់​បារាំង ដែល​ពេល​នេះ​កំពុង​រងគ្រោះខ្លាំងដោយសារ​ជំងឺ​កូវីដ​១៩។ នៅ​ហ្គុយ​យ៉ាន់ ​មានអ្នក​ឆ្លង​កូវីដ​ ជាង​៥ពាន់​នាក់ និងស្លាប់​ជាង​២០នាក់​ហើយ​។​

ក្រៅ​ពី​សំណុំ​រឿង​សុខភាព រដ្ឋាភិបាល​បារាំងថ្មី ត្រូវ​ញាប់​ដៃ​ញាប់ជើង ក្នុង​សំណុំ​រឿង​ក្តៅៗ​ជាច្រើន​ទៀត ដូចជា​ ការ​បង្កើនសន្ទុះនិងកសាងស្តារ​សេដ្ឋកិច្ចឡើងវិញ ដែលបង្ខូច​ដោយ​កូវីដ, សំណុំ​រឿង​បរិស្ថាន​អាកាសធាតុ​, កិច្ចការ​អប់រំ ជាដើម​។ ចំណែក​វិស័យ​យុត្តិធម៌វិញ នាយករដ្ឋមន្ត្រី​សន្យា​បង្កើន​ចំនួន​កញ្ចប់​ថវិកា​សម្រាប់​ក្រសួង​យុត្តិធម៌ ដើម្បី​បម្រើ​សេវា​សាធារណៈ​ផ្នែក​យុត្តិធម៌សង្គម ឱ្យ​បាន​កាន់តែ​ល្អជាងមុន​ថែមទៀត​។​ ​ផ្នែក​សង្គមកិច្ច លោក ហ្សង់ កាស្តិច ក៏​អះអាង​ថា​នឹងកែទម្រង់​វិស័យ​ធានារ៉ាប់​រង​សម្រាប់​អ្នក​អត់​ការងារ​ធ្វើ ទៀតផង​។​

​កំណែទម្រង់សមាសភាព​រដ្ឋាភិបាល​បារាំង នៅពេលនេះ តើ​វាយឺតពេល​ឬទេ? ហើយតើ​វាអាច​ជួយ​ស្រោចស្រង់​ប្រជាប្រិយភាពរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានដែរឬទេ?​

បើ​ផ្អែក​តាម​អ្នក​វិភាគនយោបាយ​បារាំង​ជាច្រើន គេ​យល់ថា ការ​ដោះដូរ​សមាជិក​រដ្ឋាភិបាល​បារាំង ​ពេល​នេះ ជា​សន្ទុះ​ចុងក្រោយ​ហើយសម្រាប់​ប្រធានាធិបតី ម៉ាក្រុង។ ដ្បិត​ថា លោក​បាក់​មុខ​ខ្លាំងសម្បើម​​ក្នុង​សំណុំ​រឿងបាតុកម្ម​នៃ​ក្រុម​អាវកាក់លឿង បន្ទាប់មក បញ្ហាកូវីដ​ នេះទៀត ដែលបញ្ហានីមួយៗ​សុទ្ធតែ​អូស​បន្លាយ​រាប់​ខែ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​និងសង្គមជាតិ​ខ្លាំង​មែនទែន​។​ ​ចំណែក​ ការ​បោះឆ្នោត​ឃុំ​សង្កាត់ ទៀតសោត គឺ​ឈ្នះ​សំឡេង​មេឃុំ​ច្រើន បាន​ទៅខាង​ក្រុមគណៈ​បក្ស​​បរិស្ថាននិយម​ និង​ក្រុម​អ្នក​សាធារណរដ្ឋនិយម​ ទៅទៀត។ ហេតុនេះ​ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ ប្រមើលមើលថា លោក ម៉ាក្រុង គឺហាក់ត្រូវ​ជួប​​លំបាក​ខ្លាំងណាស់​ ក្នុងការស្តា​រ​កិត្តិនាម​ ដើម្បីប្រកួត​ប្រជែង​ការ​បោះឆ្នោត​ប្រធានាធិបតីអាណត្តិថ្មី​ ​ឆ្នាំ​២០២២៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ