អានតួអត្ថបទ
បារាំង-នយោបាយ

បារាំង៖នាយករដ្ឋមន្រ្តីថ្មីលោកហ្សង់ កាស្តិចប្តេជ្ញាស្រោចស្រង់សេដ្ឋកិច្ចដែលញាំញីដោយជំងឺកូវីដ-១៩

នៅ​ក្នុង​ប្រទេស​បារាំង លោក​ហ្សង់ កាស្តិច​ដែល​ទើប​តែងតាំង​ជា​នាយករដ្ឋមន្រ្តី​ថ្មី​បាន​ប្តេជ្ញា​ស្រោចស្រង់​សេដ្ឋកិច្ច​ដែល​បាន​ញាំញី​ដោយ​វិបត្តិ​ជំងឺ​កូវីដ-១៩។ លោក​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​បទអន្តរាគមន៍​លើកដំបូង​របស់​លោក​តាម​រយៈ​ទូរទស្សន៍ TF1 នា​យប់​ថ្ងៃ​សុក្រ ទី៣ កក្កដា។ គួរ​រម្លឹក​ថា​មាន​អាយុ ៥៥ឆ្នាំ លោក​ហ្សង់ កាស្តិច​ត្រូវ​បាន​ប្រធានាធិបតី​លោក​ម៉ាក្រុង​តែងតាំង​ជា​នាយករដ្ឋមន្រ្តី​ថ្មី​ជំនួស​លោក​អេឌ័រ ហ្វីលីប​ដែល​បាន​សុំ​លា​ចុះ​ពី​តំណែង​ក្នុង​ថ្ងៃ​សុក្រ ទី៣ កក្កដា។ ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត​ទូរទស្សន៍ TF1 លោក​ហ្សង់ កាស្តិច​បាន​បញ្ជាក់​ពី​បំណង​រៀបចំ​សមាសភាព​រដ្ឋាភិបាល​ថ្មី​ឆាប់ៗ និង​គ្រោង​ថ្លែង​សុន្ទរកថានយោបាយ​នៅ​ពាក់កណ្តាល​សប្តាហ៍​ក្រោយ។ លោក​ហ្សង់ កាស្តិច​បាន​បញ្ជាក់​ច្បាស់ៗ​ថា លោក​ទទួល​យក​តំណែង​នាយករដ្ឋមន្រ្តី​មិនមែន​ដើម្បី​ស្វែង​រក​ពន្លឺ​ទេ តែ​ដើម្បី​ស្វែង​រក​លទ្ធផល​សម្រាប់​ប្រទេសជាតិ។ បន្ទាប់​មក នាយករដ្ឋមន្រ្តី​ថ្មី​ថែម​ទាំង​បាន​អះអាង​ខ្លួន​លោក​ជា​អ្នកនយោបាយ​មូលដ្ឋាន និង​ជា​អ្នកនយោបាយ​នៃ​ជីវិតប្រចាំថ្ងៃ​របស់​ពលរដ្ឋ។

លោក​ហ្សង់ កាស្តិច នាយករដ្ឋមន្រ្តី​ថ្មី​បារាំង​នៅ​ក្នុង​បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍​ TF1 ក្នុងយប់​ថ្ងៃ​ទី៣ កក្កដា
លោក​ហ្សង់ កាស្តិច នាយករដ្ឋមន្រ្តី​ថ្មី​បារាំង​នៅ​ក្នុង​បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍​ TF1 ក្នុងយប់​ថ្ងៃ​ទី៣ កក្កដា Thomas SAMSON / AFP
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​នៅ​ទីនេះ​មិនមែន​ដើម្បី​ស្វែង​រក​ពន្លឺ​ទេ ខ្ញុំ​នៅ​ទី​នេះ​ដើម្បី​ស្វែង​រក​លទ្ធផល​សម្រាប់​ប្រទេសជាតិ​ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ។ ដូច​ដែល​យើង​បាន​ដោះស្រាយ​កន្លង​មក​នៅ​ចំពោះ​វិបត្តិ​សុខភាព​អ៊ីចឹង​ដែរ ឥឡូវ​នេះ វា​បាន​ឈាន​ដល់​វិបត្តិ​សេដ្ឋកិច្ច​វិញ​ម្តង​ដែល​កំពុង​លេច​រូបរាង​ឡើង និង​ដែល​យើង​ត្រូវ​ដោះស្រាយ។ តែ​អ្វី​ដែល​ខ្ញុំ​ជឿ​ថា​ត្រូវ​ពិនិត្យមើល​ជា​ដំបូង​នោះ គឺ​ផលវិបាក​នៃ​វិបត្តិ​មួយ​នេះ​ជាមួយ​នឹង​ភាព​ទន់ខ្សោយ​នៃ​រចនាសម្ព័ន្ធ​ទាំងអស់​ដែល​យើង​បាន​ជួប​ប្រទះ។

មហិច្ឆិតា​របស់​យើង និង​ការងារ​ដែល​យើង​បន្ត​ធ្វើ​នៅ​ថ្ងៃ​ខាង​មុខ គឺ​ព្យាយាម​ទាញ​ប្រទេស​ឲ្យ​ងើប​ផុត​ពី​វិបត្តិ​ដោយ​ផ្តល់​សន្ទុះ​ឲ្យ​ខ្លាំង និង​កាន់​តែ​មាន​សាមគ្គីភាព។ តែ​នៅ​ក្នុង​ជំហាន​ដំបូង ខ្ញុំ​មាន​បំណង​បើក​ឲ្យ​មាន​ការ​ពិគ្រោះយោបល់​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ជាមួយ​ក្រុមដៃគូ​សង្គម​នៅ​តាម​មូលដ្ឋាន និង​ជាមួយ​គ្រប់​តួអង្គ​ទាំង​អស់​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ស្វែង​រក​ដំណោះស្រាយ។ ការងារ​ទាំង​អស់​មិន​អាច​សម្រេច​តែ​ពី​ប៉ារីស​ទៅ​ទេ។ ខ្ញុំ​មាន​ជំនឿ​លើ​រដ្ឋអំណាច​មូលដ្ឋាន ខ្ញុំ​ជឿ​លើ​សេចក្តីទុកចិត្ត និង​លើ​តម្លៃ​នៃ​ការ​ទទួល​ខុសត្រូវ។

ខ្ញុំ​គ្រោង​ថ្លែង​សុន្ទរកថា​នយោបាយ​ទូទៅ​របស់​ខ្ញុំ​នៅ​ពាក់កណ្តាល​សប្តាហ៍​ក្រោយ។ កម្មវត្ថុ គឺ​ចាប់​ផ្តើម​ការងារ​ឲ្យ​បាន​លឿន​បំផុត។ អ្វី​ដែល​សំខាន់​សម្រាប់​ខ្ញុំ​នៅ​ពេល​នេះ គឺ​ប្រឹង​ធ្វើ​ការងារ​ឲ្យ​អស់​ពី​សមត្ថភាព​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​ប្រទេស​ខ្ញុំ និង​សម្រាប់​ពលរដ្ឋ​ខ្ញុំ។ គឺ​ជា​ការងារ​ដែល​ខ្ញុំ​បាន​ធ្វើ​តាំង​ពី​ច្រើន​ឆ្នាំ។ ខ្ញុំ​ជា​អ្នកនយោបាយ​មូលដ្ឋាន ខ្ញុំ​ជា​អ្នកនយោបាយ​នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ។ ការងារ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ