អានតួអត្ថបទ
បេឡារុស

មេដឹកនាំ​បេឡារុស​រត់រកជំនួយ​រុស្ស៊ី នៅពេលអាមេរិក​អំពាវនាវឲ្យ​មានការច​រចា​ជាមួយ​សង្គមស៊ីវិល

ប្រធានាធិបតី​បេឡារុស លោក​អាឡិចសង់ លូកាឆិនកូ Alexandre Loukachenko កាលពី​ថ្ងៃ​សៅរ៍ម្សិលមិញ បាន​ស្វែងរក​ជំនួយ​គាំទ្រ​ពី​ប្រធានាធិបតី រុស្ស៊ី នៅក្នុង​ខណៈពេល​ប្រទេស​របស់​លោក កំពុងប្រឈម​នឹងរលក​បាតុកម្ម​ប្រឆាំង របស់​មហាជន​បេឡារុស។ ចាប់តាំង​ពី​ថ្ងៃ​អាទិត្យ​ចុងសប្តាហ៍មុន ប្រជាជន​បេឡារុស រាប់ម៉ឺននាក់​បានធ្វើ​បាតុកម្ម​តវ៉ា​លទ្ធផល​បោះឆ្នោត ដែល​បាន​ផ្តល់​ជ័យជំនះ​ទៅ​ឲ្យ​លោក​ប្រធានាធិបតី​ផុតអាណត្តិ Alexandre Loukachenko ដែល​បាន​កាន់​អំណាច​ផ្តាច់ការ នៅ បេឡារុស អស់ រយៈពេល ២៦ឆ្នាំ​មកហើយ។ 

ប្រជាជន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការជាប់ឆ្នោត​សាជាថ្មី​របស់​មេដឹកនាំ​បេឡារុស នៅ​ទីក្រុង​Minsk នៅថ្ងៃទី ១០​សីហា ២០២០
ប្រជាជន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការជាប់ឆ្នោត​សាជាថ្មី​របស់​មេដឹកនាំ​បេឡារុស នៅ​ទីក្រុង​Minsk នៅថ្ងៃទី ១០​សីហា ២០២០ via REUTERS - AGENCJA GAZETA
ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​បេឡារុស លោក Alexandre Loukachenko​បាន​រត់រក​ជំនួយ ពី​ប្រធានាធិបតី​រុស្ស៊ី ដើម្បី​ទប់ទល់​នឹង​រលក​បាតុកម្ម​ប្រឆាំង ដែល​កាន់តែ​ពុះកញ្ច្រោល ក្នុង​ប្រទេស។ នៅមុន​កិច្ចសន្ទនា​តាមទូរស័ព្ទ ជាមួយ ប្រមុខរដ្ឋ​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន កាលពី​ថ្ងៃ​សៅរ៍ ប្រធានាធិបតី​បេឡារុស​ធ្លាប់​បាន​ពន្លយ​ឲ្យ​ដឹងថា បាតុកម្ម​ប្រឆាំង​នៅ​បេឡារុស  នៅ​ប៉ុន្មាន​ថ្ងៃ​នេះ មានគោលដៅ បង្ក​អស្ថិរភាព បេឡារុស និង​តំបន់​ទាំងមូល។ មេដឹកនាំ​បេឡារុស បាន​លើកឡើងថា បាតុកម្ម​កំពុង​បំផ្លាញ ចំណង​សម្ព័ន្ធភាព​រវាង​បេឡារុស និង​រុស្ស៊ី។

“បាតុកម្ម​តវ៉ា មិនមែន គំរាមកំហែង​ត្រឹម​តែ​បេឡារុស​ប៉ុណ្ណោះទេ។ ការពារ​បេឡារុស គឺ​ដូចជា​ការពារ​លំហ សហគមន៍​រដ្ឋ អតីត​សហភាព​សូវៀត ដែលឈរ​នៅ​ខាង​ភាគី រុស្ស៊ី យ៉ាងដូច្នេះឯង”។ នេះ​ជា​បញ្ជាក់​របស់​លោក​ប្រធានាធិបតី​បេឡារុស។

នៅក្រោយ កិច្ចសន្ទនា​រវាង​មេដឹកនាំ​ទាំងពីរ វិមាន​ក្រេមឡាំង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ដែល​ថា ប្រធានាធិបតី​រុស្ស៊ី ថ្លែង​ពីការជឿជាក់​ដែល​ថា នឹង​មាន​ដំណោះស្រាយ ដ៏ឆាប់មួយ​សម្រាប់​វិបត្តិ​នៅ​បេឡារុស។ សម្រាប់​ក្រេមឡាំង អ្វីដែល​សំខាន់ គឺ​មិនត្រូវ​ឲ្យ​កម្លាំង​បំផ្លាញ ពី​បរទេស ឆ្លៀត​កេងយកផលប្រយោជន៍​ពី​បញ្ហា​នៅ​បេឡារុស ដើម្បី បំផ្លាញ ទំនាក់ទំនង រុស្ស៊ី និង​បេឡារុស។

ប្រធានាធិបតី​បេឡារុស​វិញ​បាន​លើកឡើងថា ប្រទេស​របស់​លោក​កំពុង​ប្រឈម​នឹង​បដិវត្តន៍ពណ៌ ដែលសំដៅ ដល់​ចលនា​ទាមទារ​របស់​មហាជន គាំទ្រ​ដោយ​បរទេស សម្រាប់​ផ្លាស់ប្តូរ​មេដឹកនាំ​កាន់អំណាច នៅ​ក្នុង​បណ្តា​ប្រទេស​អតីត​សហភាពសូវៀត។

សហភាពអឺរ៉ុប អង្គការ​អូតង់ ប៉ូឡូញ និង​លីទុយអានី ដែល​បាន​ផ្តល់ជំរក​នយោបាយ ដល់​មេដឹកនាំ​បក្ស​ប្រឆាំង បេឡារុស បានអំពាវនាវ​ឲ្យ​មានការចរចា​នយោបាយ រវាង​ភាគី​ជម្លោះ ដើម្បី ដោះស្រាយ​វិបត្តិ​ជាប់គាំង នៅ​បេឡារុស។ នៅ​ថ្ងៃ​សៅរ៍ម្សិលមិញ នៅក្នុង​សន្និសីទ​កាសែត​រួមគ្នា​ជាមួយ​ភាគី​ប៉ូឡូញ​ ប្រមុខការទូត​អាមេរិក​លោក Mike Pompeo បាន​សំដែង​ការគាំទ្រ ដល់​ប្រជាជន​បេឡារុស និង​អំពាវនាវ​ឲ្យ​មេដឹកនាំ​បេឡារុស​ចរចា​ជាមួយ សង្គមស៊ីវិល ដែល​ជា​ការចង់​បាន​របស់​ប្រជាជនបេឡារុស។

ប្រមុខដឹកនាំ​បក្ស​ប្រឆាំង លោកស្រី Svetlana Tikhanoskaïa ដែល​បាន​រត់ភៀសខ្លួន ទៅ​ប្រទេស​លីទុយអានី នៅក្រោយ ការបោះឆ្នោត បានអំពាវនាវ​ឲ្យ​មានការប្រមូលផ្តុំ​សន្តិភាព​ដ៏ធំ​សម្បើម មួយ នៅ​ចុងសប្តាហ៍នេះ នៅទីក្រុង​Minsk​ដើម្បី ​ទាមទារ​ឲ្យ​មាន​ការរាប់​សន្លឹកឆ្នោត សាឡើងវិញ នៅក្រោយ​មាន​ការចោទប្រកាន់ ពី​ការលួច​បន្លំ​សន្លឹកឆ្នោត ដែល​ធ្វើ​ឲ្យ​លោក​Alexandre Loukachenko អាចទទួល​បាន​សំឡេង​ឆ្នោត ដល់​ទៅ ៨០ភាគរយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ