អានតួអត្ថបទ
បេឡារុស

សហភាពអឺរ៉ុប​បើក​ជំនួបកំពូល​ពិសេស​ ស្តីអំពី​វិបត្តិ​នយោបាយ​នៅ​ប្រទេស​​បេឡារុស

ប្រមាណ១០ថ្ងៃហើយ ដែលប្រជាជនបេឡារុស បានធ្វើបាតុកម្ម កាន់តែធំឡើងៗ ដើម្បីទាមទារ​ ឲ្យ​លោក​ប្រធានាធិបតី លូកាឆិនកូ ចុះចេញពីតំណែង។ តែការអំពាវនាវរបស់ប្រជាជននេះ ហាក់មិនត្រូវបានប្រធានាធិបតីចាស់វស្សារូបនេះ យកចិត្តទុកដាក់ស្តាប់ទេ។ ផ្ទុយទៅវិញ លោកលូកាឆិនកូ បានថែមទាំងបំពាក់មេដាយ សរសើរមេកងកម្លាំងសមត្ថកិច្ច ក្នុងការបង្រ្កាបក្រុមបាតុករ ថែម​ទៀតផង។ នៅថ្ងៃពុធនេះ សហភាពអឺរ៉ុប បានរៀបចំជំនួបកំពូលវិសាមញ្ញមួយ តាមប្រព័ន្ធវីស្យូខុនហ្វឺរិនស៍ ដើម្បីពិក្សាគ្នា ស្វែងរកផ្លូវ​ជួយ​ដោះស្រាយវិបត្តិ នៅបេឡារុសនេះ។

លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដឹកនាំជំនួបកំពូលវិសាមញ្ញ​ ពីចំងាយ ជាមួយ​​មេដឹកនាំប្រទេសសមាជិក​អឺរ៉ុប​ទាំង២៧។ ព្រុចសែល ថ្ងៃទី​១៩សីហា ២០២០។
លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដឹកនាំជំនួបកំពូលវិសាមញ្ញ​ ពីចំងាយ ជាមួយ​​មេដឹកនាំប្រទេសសមាជិក​អឺរ៉ុប​ទាំង២៧។ ព្រុចសែល ថ្ងៃទី​១៩សីហា ២០២០។ Olivier Hoslet/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

លោកស្រី Svetlana Tikhanovskaïa បានថ្លែងទៅកាន់សហភាពអឺរ៉ុប នៅក្នុងឱកាសបើកជំនួបកំពូលវិសាមញ្ញ ដើម្បីស្វែងរកដំណោះស្រាយ ជួយប្រជាជនបេឡារុស។ លោកស្រីបាន​អំពាវនាវ ឲ្យ​សហភាពអឺរ៉ុប ក៏ដូចជាប្រទេសស្រលាញ់លទ្ធិប្រជាធិបតេយ្យទាំងអស់ ត្រូវតែរួមគ្នា បដិសេធចោលលទ្ធផលបោះឆ្នោត នៅបេឡារុសកាលពីថ្ងៃទី​៩សីហា ព្រោះវា​ពោរពេញ​ទៅដោយ​ការក្លែងបន្លំ។ លោកស្រីបន្តថា ប្រជាជនបេឡារុស បានចេញធ្វើបាតុកម្មរាប់ម៉ឺននាក់ ដើម្បី​ការពារសន្លឹកឆ្នោតរបស់ពួកគេ។ តែផ្ទុយទៅវិញ ពួកគេបានរងនូវ​ការបង្រ្កាប ​​ការចាប់ចង់ និងការធ្វើទារុណកម្ម ពីសំណាក់អាជ្ញាធររដ្ឋាភិបាលផ្តាច់ការ របស់​លោកកាឆិនកូ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៩សីហានេះ សហភាពអឺរ៉ុប បានបើកការប្រជុំបន្ទាន់មួយ ជាមួយនឹងមេដឹកនាំ​ប្រទេសសមាជិកទាំងអស់ ដើម្បី​ស្វែងរកគោលជំហររួម ក្នុងការ​ដោះស្រាយវិបត្តិនៅ​បេឡារុស​។ ថ្វីបើ បេឡារុស មិនមែនជាប្រទេសសមាជិក​របស់​សហភាពអឺរ៉ុប​មែនពិត តែបេឡារុស​ ស្ថិតនៅចំកណ្តាលទ្វីបអឺរ៉ុប ដែលសហភាពអឺរ៉ុប មិនអាចព្រងើយកន្តើយ ឈរមើលការទាមទារលទ្ធិប្រជាធិបតេយ្យ របស់ប្រជាជនបេឡារុស បានទេ។

គួរកត់សំគាល់ថា បេឡារុសមានទំនាក់ទំនងស្និទស្នាលជាមួយនឹងរុស្ស៊ី។ យ៉ាងណាមិញ រុស្ស៊ី គឺជាមហាអំណាចតែមួយគត់ ដែលបាន​ទទួលស្គាល់លទ្ធផលបោះឆ្នោត និងបានអបអរសាទរ ជ័យជំនះអាណត្តិទី៦ របស់​លោកប្រធានាធិបតី លូកាឆិនកូ។

កាលពីថ្ងៃអង្គារទី១៨សីហា លោក ម៉ាក្រុង និង លោកស្រី មែរកិល បានទូរស័ព្ទម្តងម្នាក់ ទៅនិយាយ ជាមួយ​​លោកពូទីន ដើម្បីបញ្ចុះបញ្ចូលឲ្យរុស្ស៊ី ងាកមកស្តាប់​ការទាមទារចង់បាន​ របស់​ប្រជាជន​បេឡារុស ដែល​បានចុះផ្លូវធ្វើបាតុកម្ម ប្រមាណ​១០ថ្ងៃមកហើយ។ ទាំងលោកម៉ាក្រុង ទាំងលោកស្រីមែរកិល សុទ្ធតែបាន​អំពាវនាវ ឲ្យរុស្ស៊ីគាំទ្រ​ការរកដំណោះស្រាយ​ដោយសន្តិវិធី តាមរយៈការចរចាគ្នា រវាងបក្សនយោបាយ​​ទាំងអស់​ និងចៀសវាងឲ្យ​បាន ​នូវការប្រើកម្លាំងបង្ក្រាបបាតុករ ឬការចាប់ចង​ធ្វើទារុណកម្ម។

លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក៏បាន​ទូរស័ព្ទនិយាយជាមួយ​លោកពូទីនដែរ កាលពីថ្ងៃទី​១៨សីហា។ ខ្លឹមសារសន្ទនាគ្នាយ៉ាងណានោះ មិនត្រូវបាន​លោក Charles Michel ប្រាប់ឲ្យ​ដឹងទេ។ ប៉ុន្តែនៅលើទំព័រ Twitter លោក Charles Michel បានសរសេរថា « មានតែការចរចាគ្នាដោយសន្តិវិធី និងការរួមប្រមូលគ្រប់ភាគីនយោបាយ​ទាំងអស់ ទើបអាចដោះស្រាយវិបត្តិ​បាន »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ