អានតួអត្ថបទ
បេឡារុស

សហភាពអឺរ៉ុប ​អំពាវនាវ​ឲ្យ​​រុស្ស៊ី ​កុំ​បញ្ជូន​កម្លាំង ទៅ​អន្តរាគម​នៅ​​បេឡារុស​ឲ្យសោះ

ប្រមុខការទូតសហភាពអឺរ៉ុប បានអំពាវនាវ កាលពី​ល្ងាចថ្ងៃសុក្រ ទៅ២៨សីហា​ ថាបើសិនជារុស្ស៊ី គោរពអធិបតេយ្យភាព និងការសម្រេចចិត្តរបស់​ប្រជាជនបេឡារុស នោះសូមរុស្ស៊ីកុំបញ្ជូនកម្លាំង ទៅអន្តរាគម​នៅបេឡារុសឲ្យសោះ។ ការអំពាវនាវ របស់ប្រមុខការទូតអឺរ៉ុបនេះ​ គឺធ្វើឡើងបន្ទាប់ពី លោកពូទីន ប្រធានាធិបតីរុស្ស៊ី បានអះអាងថា រុស្ស៊ីបានត្រៀមរៀនចំកម្លាំងពិសេសរួចហើយ ដើម្បីទៅអន្តរាគមនៅបេឡារុស្ស ប្រសិនបើចាំបាច់ក្នុងការស្តាសណ្តាប់ធ្នាប់ឡើងវិញ។

ប្រជាជនបេឡារុស បន្តធ្វើបាតុកម្ម នៅទីក្រុងមីនស្គ៍ ថ្ងៃទី​២៤ សីហា ២០២០​ ទាមទារ​ការបោះឆ្នោត​សាជាថ្មី។
ប្រជាជនបេឡារុស បន្តធ្វើបាតុកម្ម នៅទីក្រុងមីនស្គ៍ ថ្ងៃទី​២៤ សីហា ២០២០​ ទាមទារ​ការបោះឆ្នោត​សាជាថ្មី។ REUTERS - VASILY FEDOSENKO
ផ្សាយពាណិជ្ជកម្ម

លោក Josep Borrell ប្រមុខការទូតអឺរ៉ុប បានថ្លែងអំពាវនាវ សុំកុំឲ្យ​រុស្ស៊ី បញ្ជូនកម្លាំងទៅធ្វើអន្តរាគម​នៅបេឡារុស។ លោកបានលើកឡើងថា បើសិនជារុស្ស៊ី គោរពឯករាជ្យ អធិបតេយ្យភាព​របស់​ប្រជាជាតិបេឡារុស គឺរុស្ស៊ីត្រូវតែគោរពការសម្រេចចិត្ត និងបំណងប្រាថ្នាចង់បាន របស់ប្រជាជនបេឡារុស ដែលជ្រើសយក​លទ្ធិប្រជាធិបតេយ្យ។

លោកប្រមុខការទូតអឺរ៉ុប បន្ថែមថា លោកធ្លាប់ឮ​ថ្នាក់ដឹកនាំរុស្ស៊ី និយាយជាញឹកញាប់ថា អ្វីដែលកំពុងតែកើតឡើង នៅបេឡារុស គឺជា​រឿងផ្ទៃក្នុងរបស់ប្រទេសនេះ ហើយប្រទេសផ្សេងដទៃ មិនត្រូវលូកដៃចូលទេ។ ដូច្នេះលោកសង្ឃឹមថា រុស្ស៊ីក៏នឹងមិនលូកដៃចូលក្នុងវិបត្តិផ្ទៃក្នុងរបស់​ បេឡារុសនេះទេ​។

គួរបញ្ជាក់ថា ការប្រកាសអំពាវនាវ របស់​លោកប្រមុខការទូតសហភាពអឺរ៉ុបនេះ គឺធ្វើឡើងបន្ទាប់ពីមានដំណឹងថា រុស្ស៊ីមានគម្រោងបញ្ជូនកងកម្លាំងពិសេស ចូលអន្តរាគមនៅបេឡារុស។ បណ្តាញព័ត៌មាន Interfax បានចុះផ្សាយថា លោកពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា លោកលូកាឆិនកូ ប្រធានាធិបតី​បេឡារុស បាន​ស្នើសុំមកខាងរុស្ស៊ី ឲ្យ​បញ្ជូនកងកម្លាំងពិសេសទៅជួយ។ លោកពូទីន ក៏បានឆ្លើយយល់ព្រម និងបាន​រៀបចំកម្លាំង​នេះ​ រួចស្រេចហើយ ព្រោះរុស្ស៊ីមានកាតព្វកិច្ចជួយ​បេឡារុស។ ក៏ប៉ុន្តែរុស្ស៊ីនឹងបញ្ជូនកម្លាំងទៅ លុះណាតែបញ្ហានៅបេឡារុស ធ្លាក់ដុនដាបធ្ងន់ធ្ងរ ដើម្បី​ស្តារ​សណ្តាប់ធ្នាប់​​ឡើងវិញតែប៉ុណ្ណោះ។

ការប្រកាសរបស់​លោកពូទីននេះ បានបង្កជាការតវ៉ា រិះគន់យ៉ាងខ្លាំង ពីសំណាក់​ប្រទេសប៉ូឡូញ រួមទាំងអង្គការអូតង់ផងដែរ។ នាយករដ្ឋមន្ត្រីប៉ូឡូញ បាន​លើកឡើងថា រុស្ស៊ីមិនអាចយកលេស ថាដើម្បី​ស្តារ​សណ្តាប់ធ្នាប់ ហើយលើកកម្លាំងចូលទៅកាន់បេឡារុសបានទេ។ រុស្ស៊ីត្រូវតែបោះបង់ចោលគម្រោង​នេះជាបន្ទាន់។ ដូចគ្នាដែរ ក្រុមប្រឹក្សាចលនាបក្សនយោបាយ​ប្រឆាំងនៅបេឡារុស បានច្រានចោលគម្រោងប្រើកម្លាំងអន្តរាគមរបស់រុស្ស៊ី ថាគឺជាអំពើបំពាន​នឹងច្បាប់អន្តរជាតិ។

សូមរំលឹកថា ប៉ុន្មានសប្តាហ៍មកហើយ ដែលប្រជាជន​បេឡារុស រាប់សិបម៉ឺននាក់ បានធ្វើបាតុកម្ម បដិសេធ​លទ្ធផល​បោះឆ្នោត​ ដែលផ្តល់ជ័យជំនះទៅឲ្យ​លោក​ លូកាឆិនកូ។ ធ្វើជាប្រធាធិបតីប្រមាណ​២៦ឆ្នាំមកហើយ លោកលូកាឆិនកូ​ត្រូវបាន​បាតុករ ចោទថាបានក្លែងបន្លំសន្លឹកឆ្នោត ដើម្បីបន្តអំណាច។ យ៉ាងណាមិញ សហភាពអឺរ៉ុប ទើបតែបានសម្រេចដាកទណ្ឌកម្ម ទៅលើ​​ថ្នាក់ដឹកនាំ និងមនុស្សមាន​អំណាច​​មួយ​ចំនួន​​នៅបេឡារុស ពីបទចូលរួម​ក្នុងការក្លែងបន្លំសន្លឹកឆ្នោត ក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋបេឡារុស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ