អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លីបង់មាន​នាយករដ្ឋមន្ត្រីថ្មី ប្រធានាធិបតី​ចង់​ផ្តាច់​សាសនា​ពី​របប​គ្រប់គ្រង​រដ្ឋ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នេះ​ជា​លើក​ទី​ពីរ ​ក្នុង​ចន្លោះ​ពេល​មិន​ដល់​មួយ​ខែ​ផង ដែល​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង ​អញ្ជើញ​ទៅ​​​ក្រុង​បេរូត។​ លោក​ម៉ាក្រុង​សង្ឃឹម​ថា​លីបង់​នឹង​អាច​មាន​រដ្ឋាភិបាល​ថ្មី​ស្វាហាប់​ មក​ជំនួស​រដ្ឋាភិបាល​ចាស់​ដែល​​បាន​លា​លែង​ចេញ​ពី​តំណែង ក្រោយ​​ហេតុការណ៍​ផ្ទុះ​នៅ​កំពង់ផែក្រុង​បេរូត។ មុនដំណើរ​ទៅ​ដល់​​របស់​ប្រធានាធិបតី​បារាំង តែ​ប៉ុន្មាន​ម៉ោង លីបង់មាន​នាយករដ្ឋមន្រ្តី​ថ្មី។ ប្រធានាធិបតី​លីបង់​ក៏​បាន​ប្រកាសទៀត​អំពី​ចេតនា​ចង់​ធ្វើ​កំណែទម្រង់​​ ដោយ​ផ្តាច់​​សាសនា​ចេញ​ពី​របបគ្រប់គ្រង​រដ្ឋ។

លោក Michel Aoun ប្រធានាធិបតី​លីបង់
លោក Michel Aoun ប្រធានាធិបតី​លីបង់ DALATI AND NOHRA / AFP
ផ្សាយពាណិជ្ជកម្ម

ក្រោយ​​ហេតុការណ៍​ផ្ទុះ​នៅ​កំពង់ផែក្រុង​បេរូត លោក​ ម៉ាក្រុង ជា​ប្រមុខ​រដ្ឋ​បស្ចឹម​លោក​ដំបូង​គេ​ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​លីបង់។ ​នៅ​ថ្ងៃ​នេះ លោក​បាន​ត្រលប់​ទៅ​ម្តងទៀត ចំថ្ងៃ​​គម្រប់​ខួប​១០០​ឆ្នាំ​គត់ (ថ្ងៃ​ទី ១ កញ្ញា១៩២០) ​ នៃការ​ប្រកាស​បង្កើត​រដ្ឋ​​លីបង់ ក្រោម​ការ​ផ្តួច​ផ្តើមរបស់​​​បារាំង។ មាន​ន័យ​ថា បារាំង​និង​លីបង់​មានចំណង​​​ប្រវត្តិសាស្ត្រ​នឹង​គ្នាខ្លាំងណាស់។ ហេតុ​ដូច្នេះ​​​បាន​ជា​បារាំង​ប្រឹង​ចេញ​មុខ​ជា​ថ្មី តម្រង់​​ផ្លូវ​​លីបង់​ តាម​រយៈ​ការដាក់​គំនាប​នយោបាយផង ​បង្កើន​​វត្តមានផង។

​វត្តមានជា​លើក​ទី​ពីរ​របស់​លោក​ម៉ាក្រុងនេះ ​​​មាន​តម្លៃ​សំខាន់​ជា​និម្មត្តិរូប​ខ្លាំងណាស់ ​បើ​ទោះ​បី​ជា​បារាំង​គ្មាន​ជម្រើស​ច្រើន​ក៏​ដោយ។

លោក​ម៉ាក្រុង​បាន​​ប្រើ​ភាព​ជា​មិត្ត​ផង បាន​ប្រើ​វិធី​ដាក់​សម្ពាធនយោបាយ​​និង​សេដ្ឋកិច្ច​ទៀត ដោយ​សហការ​ជាមួយ​​​សហរដ្ឋ​អាមេរិក គំរាម​ដាក់ទណ្ឌកម្ម​បុគ្គល​​ទៀត។ កាលពី​ថ្ងៃ​សុក្រ​ទី ២៩សីហា លោក​ម៉ាក្រុង បាន​ជំរុញ​​លីបង់​ជា​ថ្មី ឱ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី​សកម្មស្វាហាប់​ និង​​ប្តូរផ្លាស់ប្រព័ន្ធ​ដឹកនាំ​។

​កំណែទម្រង់​​ ផ្តាច់​សាសនា​ពី​របប​គ្រប់គ្រង​រដ្ឋ

​​មួយ​ថ្ងៃ មុន​ដំណើរ​ទៅ​ដល់របស់​លោក​ម៉ាក្រុង​ ស្ថានភាព​នយោបាយ​នៅ​លីបង់​ ​ចាប់​កំរើក​ច្រើន។ ​លោក​ប្រធានាធិបតី​លីបង់ មីឆែល អាអ៊ូន ដែល​មិន​ចេញ​ស្តី​អ្វី​សោះ​តាំង​ពី​ចលនា​បាតុកម្ម​ប្រជាជន​បាន​ផ្ទុះ​ឡើងនៅ​ឆ្នាំ​២០១៩ និង​រីកធំធាត់​កាន់​តែ​ខ្លាំង​ក្រោយ​ការ​ផ្ទុះ​កំពង់​ផែនោះ ទើប​បាន​ប្រកាស​នៅល្ងាច​ថ្ងៃ​អាទិត្យ​​ម្សិលមិញ ថា​ដល់​វេលា​ដែល​លីបង់​ត្រូវ​ប្តូរ​ផ្លាស់ ផ្តាច់​​សាសនាពី​របបគ្រប់​គ្រង​រដ្ឋ​ និង​ត្រូវ​ប្រកាស​លីបង់​ ជា​រដ្ឋ​គ្មាន​​សាសនា។

សូម​បញ្ជាក់​ថា រហូត​មក​ទល់​ពេលនេះ លីបង់​​មាន​ប្រព័ន្ធ​ដឹកនាំ​ ​ ដែល​​បែប​ចែក​អំណាច​គ្រប់​គ្រងប្រទេស​ ទៅ​តាម​សហគមន៍​សាសនា។ សហគមន៍​​និកាយ​សាសនា​ ដែល​មាន​សរុប​ចំនួន​១៨ក្រុម ទទួល​គ្រប់​គ្រង​អំណាច​ផ្សេងៗ​គ្នា ៖ សហគមន៍​សាសនា​និកាយ​​ស៊ុននីត ត្រូវ​ជាប្រមុខ​រដ្ឋាភិបាល ប្រធានាធិបតី​សម្រាប់​អ្នក​កាន់​សាសនា​គ្រឹស្ត ប្រធាន​សភា​​ សម្រាប់​សហគមន៍​និកាយ​​ឈីអ៊ីត​... ​។ ប្រព័ន្ធ​នយោបាយ​បែប​នេះ បើ​តាម​លោក​ប្រធានាធិបតី​បារាំង គឺ​ប្រភព​នៃ​ការ​ជាប់​គាំង​នយោបាយ និង​ពុំ​អនុញ្ញាត​ឱ្យ​មាន​ការ​ប្តូរផ្លាស់​បុគ្គល​អ្នក​ដឹកនាំ​ទេ ហើយ​ក៏​មិន​អាច​ធ្វើ​កំណែទម្រង់​អ្វី​បាន​ទាំង​អស់។

នៅក្នុង​សុន្ទរកថា​​នា​ឱកាស​ខួប​១០០​ឆ្នាំ​នៃ​ការបង្កើត​​រដ្ឋ​លីបង់ លោក​ប្រធានាធិបតី​លីបង់ អាអ៊ូន បាន​អំពាវនាវ​បើក​ការ​ចរចា​រវាង​​អាជ្ញាធរ​សាសនា​ និង​ប្រមុខ​ដឹកនាំនយោបាយ​ ដើម្បី​បង្កើត​កត្តិការ​នយោបាយ​ថ្មី​មួយ​ ផ្តាច់​សាសនា​ពី​របប​គ្រប់គ្រងរដ្ឋ​ ដែល​គ្រប់​ភាគី​អាច​ទទួល​យក​បាន និង​ដែល​អាច​ដាក់​ឱ្យ​ដំណើរការ​ក្រោយ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ធម្មនុញ្ញ​ត្រឹម​ត្រូវ។

ពី​របី​ម៉ោង​ក្រោយ​សុន្ទរកថា​របស់​ប្រធានាធិបតី​ ប្រមុខ​ចលនា​ហេស្បូលា​ ស្និទ្ធ​នឹង​អ៊ីរ៉ង់  លោក ហាសាន ណាស្រាឡះ បាន​ប្រកាស​ភ្លាម​ព្រម​ចូល​ចរចា​។

តើ​នេះ​ជា​ឆន្ទៈ​ពិត​របស់​លីបង់​ ឬ​យ៉ាងណា​ មាន​តែ​ពេលវេលា​ទេ​ទើប​អាច​ឆ្លើយ​បាន។

​នាយករដ្ឋមន្ត្រី​លីបង់ថ្មី​ ​​ជា​នរណា ?

ប្រធានាធិបតី​លីបង់ លោក មីឆែល អាអ៊ូន ​បាន​ចាប់​ផ្តើម​ ពិគ្រោះ​សភា​ តាំង​ពី​ព្រឹក និង​បាន​ប្រកាស​តែង​តាំង​ លោក មូស្តាហ្វា អាដីប ជា​នាយរដ្ឋមន្ត្រី​លីបង់​ថ្មី បន្ទាប់​ពី​ទទួល​ការ​គាំទ្រ​ ក្នុង​សំឡេង​ភាគ​ច្រើន​នៅសភា។

មាន​អាយុ​៤៨​ឆ្នាំ ​សាស្ត្រាចារ្យ​​នៅ​សកលវិទ្យាល័យ​ មូស្តាហ្វា អាដីប បាន​ក្លាយ​ជា​ឯកអគ្គរដ្ឋ​ទូត​លីបង់​ប្រចាំ​អាល្លឺម៉ង់​ តាំ​ង​ពី​ឆ្នាំ​២០១៣​មក។ គ្រាន់​តែ​បាន​ទទួល​​ការ​តែង​តាំង​ភ្លាម លោក​បាន​សន្យា​បង្កើត​រដ្ឋាភិបាលថ្មី​ដែល​មាន​សមាជិក​ ខ្លាំង រឹងម៉ាំ មាន​សមត្ថភាព និង​ចេះ​ទទួល​បន្ទុក​ធ្វើ​កំណែទម្រង់​ ដែលពលរដ្ឋ​រង់ចាំ​ជាយូរមក​ហើយ។

ប៉ុន្តែ​ឥស្សរជន​ដែល​គេ​មិន​សូវ​​ស្គាល់​ពី​មុន​ លោក មូស្តាហ្វា អាដីប ជាមនុស្ស​ជំនិត​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ ណាជីប មីកាទី។ លោក​ អាច​នឹង​ត្រូវ​ចលនា​ប្រជាជន​ ដែល​ទាមទារ​ឱ្យ​គ្រប់​អ្នក​នយោបាយ​ចាស់​ចេញ បដិសេធ​​មិន​ទទួល​យក​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ