អានតួអត្ថបទ

ប្រមុខ​ការទូត​បារាំង​ ព្រួយបារម្ភខ្លាចក្រែង លីបង់ រលាយបាត់

សំណុំ​រឿង​លីបង់ រដ្ឋមន្ត្រីការបរទេសបារាំង បាន​អំពាវនាវ នៅថ្ងៃទី​២៧សីហា ឲ្យភាគីលីបង់ទាំងអស់ «ត្រូវរកច្រកចេញនយោបាយជាបន្ទាន់ ពុំនោះទេ ប្រទេស លីបង់ អាចនឹងត្រូវរលំរលាយ។» សេចក្តីអំពា​វ​នាវរបស់​​ប្រមុខការទូតបារាំងនេះ ធ្វើ​ឡើង​តាមរយៈ​បទសម្ភាសមួយ​របស់​វិទ្យុឯកជន RTLនៅ​ក្រុង​ប៉ារីស​ និង​ដែល​ជាការ​ប្រកាស​ជំហរ​ជាមុន នៅមុនពេល​​ប្រធានាធិបតីបារាំង ត្រូវ​អញ្ជើញ​បំពេញទស្សនកិច្ច​ជាថ្មី នៅថ្ងៃទី​១កញ្ញា នៅ​លីបង់។ លីបង់​ ដែល​បាន​រងគ្រោះផ្ទុះ​សារធាតុ​គីមី នៅកំពង់​ផែបេរូត ថ្ងៃទី​៤សីហា បានសម្លាប់មនុស្ស​យ៉ាង​ហោច ១៨០នាក់។ ​ពលរដ្ឋ ជាង ៦៥០០នាក់ រងរបួស។ ប្រជាជន​ប្រមាណ ​៣សែននាក់ គ្មាន​ផ្ទះ​សម្បែង​ស្នាក់​នៅ​​។​ 

Ministan harkokin wajen Faransa Jean Yves Le Drian.
Ministan harkokin wajen Faransa Jean Yves Le Drian. REUTERS/Stephane Mahe/File Photo
ផ្សាយពាណិជ្ជកម្ម

ការព្រួយបារម្ភខ្លាចក្រែង លីបង់ រំលំ​រលាយបាត់ របស់​ប្រមុខ​ការ​ទូត​បារាំង Jean-Yves Le Drian គឺនៅក្នុងន័យដែល បារាំង ​ចង់​ឃើញ​ លីបង់ មាន​រដ្ឋាភិបាល​ថ្មី​បានឆាប់ ហើយ​ជារដ្ឋាភិបាល​ដែល​មាន​កំណែទម្រង់​ស៊ីជម្រៅ។ ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មីដែល​មាន​សមត្ថភាព​នេះ គឺត្រូវតែ​ធ្វើ​ឱ្យ​បាន​ឆាប់​រហ័សបំផុត ព្រោះ​ពលរដ្ឋ​លីបង់ កំពុងតែ​ប្រឈម​នឹង​វិបត្តិ​សុខភាពធ្ងន់ធ្ងរ​​ និងត្រូវការ​ជំនួយ​សង្គ្រោះ​​ជាបន្ទាន់​។​

នៅលីបង់ ជាង​ពីរសប្តាហ៍​មកហើយ ដែល​នាយករដ្ឋមន្ត្រីលីបង់ Hassan Diab សុំ​ចុះ​ចេញពីតំណែង ប៉ុន្តែ លោក​ប្រធានាធិបតី Michel Aoun ​នៅតែ​ពុំ​ទាន់​អាច​ចាត់តាំង​នរណា​ឱ្យ​មក​ជំនួស​បាននៅឡើយទេ​ ត្បិតថា​ ការ​តែងតាំងនាយករដ្ឋមន្ត្រី តាម​ទម្លាប់​ប្រពៃណី​របស់​លីបង់ គឺចាំបាច់​ត្រូវមាន​ការ​ផ្តល់​សេចក្តីទុកចិត្ត​ពី​បណ្តាពហុ​​បក្សនយោបាយ​ដែល​មាន​និន្នាការបន្ទាត់​នយោបាយ​និងជំនឿ​​សាសនា​ចម្រុះផ្សេងៗ​គ្នា ហើយ​ម្យ៉ាង ក៏​ត្រូវ​សុំ​សេចក្តីទុកចិត្តពី​រដ្ឋ​សភា​ដែល​កាន់កាប់​ដោយ​ប្រមុខ​សាសនា​ ប្លែក​គ្នាទៀត។ ហេតុនេះ ការ​យល់ព្រម​លើកបន្តុបឥស្សរជន​រូបណាម្នាក់ សម្រាប់​តំណែង​ប្រមុខរដ្ឋាភិបាល​ និងសម្រាប់​បម្រើ​ប្រយោជន៍រួម​​នៃគ្រប់​ភាគី គឺមិនងាយស្រួល​ឡើយ។

ចំពោះបារាំង ដែល​មាន​ប្រវត្តិ​សាស្ត្រ​វែង​ឆ្ងាយ​យូរលង់​ជាមួយ​គ្នា បារាំង​ចង់​ឃើញ លីបង់ ​ដើរ​លឿន​ទៅមុខ មាន​រដ្ឋាភិបាលថ្មី ​មាន​កំណែទម្រង់នយោបាយនិងសេដ្ឋកិច្ច​ ហើយ​និងអាច​អនុញ្ញាត​ឱ្យ​សហគមអន្តរជាតិ​ អាច​ចាប់ដៃ​ធ្វើការ​ជាមួយគ្នា​​បាន។ តាមប្រសាសន៍​របស់ ប្រមុខ​ការ​ទូត​បារាំ​ង Jean-Yves Le Drian ប្រសិន​បើគ្មានកំណែទ​ម្រង់​ស៊ីជម្រៅ ​នៅពេល​នេះទេ គឺ​លីបង់​លំបាក​នឹងឱ្យ​សហគមអន្តរជាតិ​ជួយណាស់ ព្រោះ​ថា គេ​មិនអាច​ផ្តល់​ជំនួយ​លុយកាក់​ដល់រដ្ឋាភិបាល​មួយ ដែល​មាន​អំពើពុករលួយ​ជា​​ប្រព័ន្ធ ​នោះឡើយ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ